ប្រហែលម៉ោងជាងប្រាំពីរក្បាលរាត្រីថ្ងៃពុធនេះ ខ្ញុំបានជិះកង់ហាត់ប្រាណដូចសព្វដង។ ពេលទៅដល់ចំណុចមួយលើផ្លូវជាតិលេខ៥ ចន្លោះហាងសាំងសូគីម៉ិចគីឡូលេខ៦ និងហាងម៉ូដែន៥ ខ្ញុំបានឃើញលុយជ្រុះតាមផ្លូវពីរសន្លឹក តែមិនច្បាស់ថាក្រដាសប៉ុន្មានខ្លះនោះទេ។ ខ្ញុំបានត្រឡប់កង់ទៅរើសវិញ ដោយឃើញក្រដាសមួយពាន់រៀលនៅរាយប៉ាយជិតៗគ្នាចំនួនបួនសន្លឹក។ ខ្ញុំបានរើសលុយទាំងអស់នោះដាក់ហោប៉ៅ ហើយជិះកង់បន្តទៅទៀតចូលទៅក្នុងក្រុង។
តាមទម្លាប់ យើងមិនដែលចាយលុយដែលរើសបានទេ។ តាមផ្លូវ ខ្ញុំសម្លឹងរកមើលក្មេងៗ ដែលចំណាំសុំទានតាមផ្លូវ ឬចាស់ៗទុរគតជាដើម ប៉ុន្តែប្រហែលដោយសារយប់ ឬដោយសារគេចូលសម្រាកអស់ហើយ ទើបមិនឃើញពួកគេ។ ពេលទៅដល់ម្ដុំមុខពេទ្យយោធា តាមផ្លូវសុធារស ខ្ញុំបានឃើញមនុស្សពីរនាក់កំពុងកាយសំរាមមួយគំនរនៅក្បែរចិញ្ចើមផ្លូវ ក្នុងនោះមានស្ត្រីម្នាក់អាយុប្រហែលជាងសែសិបឆ្នាំ និងក្មេងប្រុសម្នាក់អាយុប្រហែលជាងដប់ឆ្នាំបន្តិច។ ខ្ញុំគិតថា ខ្ញុំត្រូវប្រគល់លុយនោះឲ្យក្មេងប្រុសនោះ តែដោយឃើញថា ពួកគេមានរ៉ឺម៉កម៉ូតូមករើសសំរាម ខ្ញុំគិតថា ពួកគេរាងគ្រាន់បើហើយ ដូច្នេះទើបខ្ញុំជិះហួស ក្នុងបំណងរកអ្នកណាដែលលំបាកជាងនេះ។
ពេលទៅដល់វត្តភ្នំ ខ្ញុំបានជិះក្រវិលទីនោះមួយជុំ ដើម្បីរកក្មេងៗ ឬចាស់ៗអ្នកសុំទាន ប៉ុន្តែមិនឃើញសោះ។ ខ្ញុំសម្រេចបន្តជិះកង់តាមផ្លូវព្រះនរោត្តមសំដៅវិមានឯករាជ្យ ហើយបន្តទៅពុទ្ធសាសនបណ្ឌិត្យទៀត។ នៅទីនោះខ្ញុំទិញផ្លែគុយមួយគីឡូផ្ញើប្រពន្ធ ហើយត្រឡប់មកផ្ទះវិញតាមផ្លូវដដែល ដោយក្នុងចិត្តគិតថា បើមិនជួបអ្នកកម្សត់ទុរគតទេ ខ្ញុំទុកលុយនោះយកទៅឲ្យអ្នកសុំទាននៅផ្សារថ្មី ព្រោះខ្ញុំតែងតែដើរផ្សារនេះជាមួយប្រពន្ធខ្ញុំរាល់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យ។
ពេលត្រឡប់មកដល់វត្តភ្នំពេញ ខ្ញុំជិះក្រឡឹងមួយជុំទៀត នៅតែមិនជួប មិនឃើញមនុស្សដែលត្រូវឲ្យលុយនោះសោះ។ ខ្ញុំជិះទៅរកមើលនៅម្ដុំប្រៃសណីយ៍ ដែលចំណាំតែឃើញមានក្មេងៗ ឬចាស់លំបាកវេទនានៅទីនោះ ប៉ុន្តែនៅទីនោះក៏មិនឃើញមានដូចគ្នា។ យ៉ាងណាក៏ដោយលើកនេះ ខ្ញុំឃើញបុរសស្ត្រីពីរនាក់អាយុប្រហែលជាង៣០ឆ្នាំ កំពុងកាយសំរាមនៅតាមផ្លូវជិតមុខប្រៃសណីយ៍នោះ ប៉ុន្តែដោយឃើញថា ពួកគេនៅកម្លាំងពេញ អាចធ្វើការបាន ហើយបើកាលណឲ្យលុយទៅ ខ្លាចគេគិតថា មើលងាយគេផង ខ្ញុំក៏សម្រេចទុកលុយនោះ ហើយបន្តដំណើរត្រឡប់មកផ្ទះវិញតាមផ្លូវសុធារសទៅជើង។
មកដល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអតីតអេសអ៊ីនស៊ី ខ្ញុំឃើញបុរសម្នាក់កំពុងដេកលើបង់មួយតាមមាត់ទន្លេនោះ ដោយមានថង់ផ្លាស្ទីកដាក់សំបកដបទឹកសុទ្ធ សំបកកំប៉ុង និងសំរាមដែលអាចលក់បានចំនួនពីរថង់ធំៗនៅពីលើក្បាល។
ឃើញភ្លាម ខ្ញុំដឹងថា អ្នកនេះហើយ ដែលខ្ញុំត្រូវប្រគល់លុយនោះឲ្យនោះ។ ខ្ញុំឈប់កង់ ហើយលើកឡើងលើឃឿនជិះត្រឡប់មកក្រោយ សំដៅបង់ដែលបុរសនោះសម្រាក។ ទៅដល់ជិត ខ្ញុំឃើញគាត់មានសម្បុរខ្មៅដូចជនជាតិអាហ្វ្រិក។ គាត់មានអាយុប្រហែលជាង៣០ក្រាស់ ឬ៤០ស្ដើង។ ខ្ញុំហៅគាត់ពូៗៗ បីបួនមាត់ ប៉ុន្តែគាត់ដេកលក់យ៉ាងស្កប់ មិនឮសំឡេងខ្ញុំហៅទេ។ ខ្ញុំហៅគាត់បណ្ដើរ យកដៃកេះហៅគាត់បួនប្រាំដង ទើបគាត់ភ្ញាក់។ គាត់ភ្ញាក់មមីងមមាំងទទួលលុយ ហើយសំពះអរគុណ ទាំងកាយវិការល្ហិតល្ហៃ។
ខ្ញុំជិះកង់តាមផ្លូវត្រឡប់មកផ្ទះវិញ ដោយក្នុងចិត្តចេះតែគិតដល់បុរសរូបនោះ។ តើសំរាមពីរថង់ផ្លាស្ទីកនោះលក់បានលុយប៉ុន្មានទៅ? គ្នាកាយសំរាមនឹងដៃ ដើម្បីរករបស់ដែលអាចលក់បានលុយ ហើយពេលខ្លះឃើញចំណីដែលអាចទទួលទានបាន ក៏លើកអកដាក់ចូលមាត់ ខណៈយើងរាល់គ្នាខ្ពើមសំរាម គិតពីអនាម័យ។
ពេលញ៉ាំបាយយប់ម៉ោងជាង៩ ខ្ញុំនិយាយរឿងនេះប្រាប់កូនៗឲ្យបានដឹងពីការលំបាករបស់មនុស្ស ដើម្បីឲ្យពួកវាចេះប្រឹងប្រែង ចេះតស៊ូ ធ្វើយ៉ាងណាកុំឲ្យធ្លាក់ខ្លួនក្នុងសភាពតោកយ៉ាកនោះ និងក៏ក្នុងបំណងឲ្យពួកវាចេះអាណិតស្រឡាញ់មនុស្សផងដែរ។ ពេលនិយាយរឿងនេះចប់ កូនខ្ញុំនិយាយថា សំបកកំប៉ុង និងសំបកដបទឹកសុទ្ធដែលផ្ទះយើងប្រើសល់វាសន្សំទុកលក់នោះ គឺមួយកញ្ឆេ និងជាងកន្លះបាវអង្ករទៀត លក់បានលុយតែពីរពាន់រៀលទេ ដូច្នេះ សំរាមដែលបុរសនោះរកបាន ប្រហែលអាចលក់បានលុយប្រហែលពីរ ឬបីពាន់រៀលតែប៉ុណ្ណោះ ហើយការដែលគាត់ដេកលង់លក់ពេលខ្ញុំដាស់នោះ សង្ស័យតែដេកទាំងពោះទទេផងមើលទៅ។
សូមឲ្យអ្នកដែលជ្រុះបាត់លុយបួនពាន់រៀលនេះ បានទទួលចំណែកកុសលនេះផង៕
ដោយ៖ ណុល ដារ៉ា