ថ្ងៃនេះ គេហទំព័រខេអាយ (http://ki-media.blogspot.com) បានចុះផ្សាយអត្ថបទមួយដែលដកស្រង់ចេញពីកាសែតភ្នំពេញប៉ុស្តិ៍ រាយការណ៍ដោយ មាស សុខជា មានចំណងជើងជាភាសាអង់គ្លេសថា “Villagers Rally Against Verdict” ដែលមានន័យជាភាសាខ្មែរថា “អ្នកភូមិប្រមូលផ្ដុំគ្នាប្រឆាំងនឹងសាលដីកា” (បកក្រៅផ្លូវការ)។
ក្នុងអត្ថបទនោះនិយាយអំពីប្រវត្តិទំនាស់ដីធ្លីរវាងឯកឧត្តម ឃុន ហាំង អតីតរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកស្រី តាំង ឈុនអេង ភរិយាអតីតលោកអភិបាលខេត្តព្រះវិហារ មាស សាវឿន ដែលនៅឆ្នាំ ២០០៤ លោកចៅក្រមតុលាការក្រុង អ៊ុន ប៊ុនណា (UN Bunna) បានសម្រេចសេចក្ដីឲ្យលោកស្រី តាំង ឈុនអេង បានទទួលដី ៦,០០០ ម៉ែត្រការ៉េនៅភូមិទួលគោក។ ក្រោយមកភាគីឈ្នះក្ដីបានលក់ដីនោះឲ្យប្រជាពលរដ្ឋ ដោយមានការដឹងឮពីអាជ្ញាធរមូលដ្ឋាន។
ដោយអ្នកយកព័ត៌មានរបស់កាសែតភ្នំពេញប៉ុស្ដិ៍មិនអាចទាក់ទងសុំសម្ភាសន៍ឯកឧត្តម ឃុន ហាំង ឬលោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវបាន ដូច្នេះយើងមិនមានព័ត៌មានលម្អិតអំពីការតវ៉ារបស់ឯកឧត្តមប្រឆាំងនឹងដីការបស់តុលាការក្រុងនៅពេលនោះទេ។
ខ្ញុំគ្មានពិសោធន៍ផ្នែកច្បាប់ទេ ហើយក៏គ្មានចំណេះដឹងផ្នែកច្បាប់ដែរ។ ប៉ុន្តែបើតាមខ្ញុំដឹងគឺថា ឋានានុក្រមតុលាការនៅស្រុកខ្មែរគឺមានបីថ្នាក់។ ទីមួយគេហៅថា សាលាដំបូង ទីពីរគេហៅថា សាលាឧទ្ធរណ៍ និងទីបីគេហៅថា តុលាការកំពូល។ គ្រប់ភាគីទំនាស់ទាំងអស់ដែលប្ដឹងផ្ដល់គ្នាទៅតុលាការ គឺត្រូវតែឆ្លងកាត់ការជម្រះសេចក្ដីដោយតុលាការសាលាដំបូង។ ក្រោយពេលសាលាដំបូងចេញសាលដីកា បើភាគីណាមួយមិនពេញចិត្តនឹងការជម្រះសេចក្ដីនោះ គេអាចប្ដឹងទៅតុលាការសាលាឧទ្ធរណ៍ឲ្យជម្រះសេចក្ដីគេបន្តទៀត ហើយគេអាចធ្វើដូច្នេះរហូតទៅដល់តុលាការកំពូល។ នៅពេលដែលតុលាការសាលាកំពូលសម្រេចសេចក្ដីឲ្យភាគីណាមួយឈ្នះក្ដី ហើយបិទផ្លូវតវ៉ា ទើបភាគីឈ្នះក្ដីនោះជាម្ចាស់កម្មសិទ្ធិនៃអ្វីៗដែលគេប្ដឹងតវ៉ាទាមទារ។
ត្រឡប់មករឿងទំនាស់ដីធ្លីខាងលើវិញ នៅឆ្នាំ២០០៤ តុលាការក្រុងបានសម្រេចប្រគល់ដីទំនាស់នោះជូនលោកស្រី តាំង ឈុនអេង ហើយលោកស្រី និងស្វាមីអាចលក់ដីនោះបាន ប្រសិនបើពេលនោះ ឯកឧត្តមឃុន ហាំង មិនបានជំនាស់នឹងសាលដីកា ឬក៏ទទួលយកការសម្រេចសេចក្ដីនោះ។ ប៉ុន្តែបើពេលនោះឯកឧត្តមបានដាក់ពាក្យបណ្ដឹងទៅសាលាឧទ្ធរណ៍ប្រឆាំងនឹងសាលដីការបស់តុលាការសាលាដំបូង បានន័យថា ដីខាងលើស្ថិតនៅក្នុងទំនាស់នៅឡើយ ហើយគ្មានភាគីណាមួយអាចសម្រេចលក់ដូរ ផ្ទេរកម្មសិទ្ធិ ឬធ្វើអំណោយដល់ជនទីបីឡើយ។ ប៉ុន្តែមានចម្ងល់ថា ហេតុអ្វីបានជាពេលនោះ ភាគីឈ្នះក្ដីនៅសាលាដំបូងអាចធ្វើជាម្ចាស់កម្មសិទ្ធិលើដីទំនាស់ដោយស្របច្បាប់បាន ប្រហែលជាពេលនោះឯកឧត្តម ឃុន ហាំង មិនបានប្ដឹងជំនាស់នឹងការសម្រេចសេចក្ដីនោះទេមើលទៅ? ចំណុចចម្លែកមួយទៀត ការអនុវត្តដីកាកម្ទេចលំនៅដ្ឋានប្រជាពលរដ្ឋដើម្បីយកដីជូនឯកឧត្តម ឃុន ហាំង ដែលជាភាគីឈ្នះក្ដីលើកក្រោយនេះ ក៏ចេញដោយតុលាការក្រុងភ្នំពេញដែរ។
ហេតុអ្វីបានជានៅឆ្នាំ ២០០៤ តុលាការក្រុងសម្រេចក្ដីឲ្យភាគី “ក” ឈ្នះ ហើយប្រាំមួយប្រាំពីរឆ្នាំក្រោយមក តុលាការក្រុងដដែលនេះបែរជាសម្រេចឲ្យភាគី “ខ” ឈ្នះក្ដីទៅវិញ? តុលាការថ្នាក់ដដែល ម្ដេចក៏សម្រេចសេចក្ដីបញ្ច្រាសគ្នា១៨០ អង្សា? បើសិនជាការអនុវត្តដីកាលើកក្រោយនេះ ជាដីកាដែលចេញដោយតុលាការសាលាឧទ្ធរណ៍ ឬតុលាការកំពូល នោះយើងមិនមានអ្វីត្រូវសង្ស័យទេ គឺថា ឯកឧត្តម ឃុន ហាំង ពិតជាបានប្ដឹងតវ៉ាប្រឆាំងនឹងសាលដីការបស់តុលាការក្រុងកាលពីឆ្នាំ២០០៤។ ប៉ុន្តែការអនុវត្តដីកាលើកក្រោយនេះ ក៏ជាដីការបស់តុលាការក្រុងដែរ។ ដូច្នេះរឿងទំនាស់ដីធ្លីនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដែលប្រជាពលរដ្ឋកំពុងតែប្រឈមនឹងការបាត់បង់លំនៅដ្ឋានស្របច្បាប់ ពិតជាខុសប្រក្រតីយ៉ាងប្រាកដ។
ក្នុងឋានៈកម្ពុជាជាប្រទេសនីតិរដ្ឋ អ្នកដឹកនាំរដ្ឋត្រូវតែជំរុញស្ថាប័នតុលាការឲ្យរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលរងគ្រោះដោយអំពើយុត្តិធម៌។ បើសិនជាមិនធ្វើដូច្នេះទេ ទៅថ្ងៃមុខ គេនឹងចោទប្រកាន់អ្នកដឹកនាំរដ្ឋនោះថា ពេញចិត្តនឹងការធ្វើឲ្យមានអំពើអយុត្តិធម៌ក្នុងសង្គម ព្រោះខ្លួនមិនបានទប់ស្កាត់ ឬចាត់វិធានការសង្គ្រោះប្រជាពលរដ្ឋឲ្យរួចផុតពីអំពើអយុត្តិធម៌ទាំងនោះ។
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា