ញាក់ភ្នែក

ប្រហែលដប់ថ្ងៃហើយ ប្រពន្ធខ្ញុំតែងតែញាក់សំបកភ្នែកស្ដាំរាល់ថ្ងៃ។ តាមចំណាំក្នុងគ្រួសារ​យើង បើកាលណាបុរសញាក់សំបកភ្នែកស្ដាំ ជាសញ្ញាថា នឹងមានលាភជ័យ ផ្ទុយទៅវិញបើញាក់​សំបកភ្នែក​ឆ្វេង ជាសញ្ញាថា នឹងមានឧបទ្រពចង្រៃកើតឡើង និងច្រាសមកវិញសម្រាប់ស្ត្រី គឺថា បើស្ត្រី​ញាក់សំបក​ភ្នែក​ឆ្វេង​នឹងមានលាភជ័យ ហើយនឹងមានឧបទ្រពចង្រៃបើសិនជាស្ត្រីញាក់សំបក​ភ្នែកស្ដាំ។

ការចំណាំរបស់គ្រួសារយើងពិតជាត្រឹមត្រូវ។ កាលពីឆ្នាំទៅ ប្រពន្ធខ្ញុំញាក់សំបកភ្នែកស្ដាំ​ប្រហែល​ដប់ថ្ងៃជាប់គ្នា នាងបានដាស់ស្មារតីខ្ញុំថា ឲ្យប្រយ័ត្នប្រយែងក្នុងការធ្វើដំណើរឆ្ងាយជិត ក្រែង​មានគ្រោះថ្នាក់។ ព្រឹកមួយក្នុងអំឡុងពេលដែលនាងញាក់សំបកភ្នែកនោះ ខ្ញុំបានចេញដំណើរតាមម៉ូតូ​ពីផ្ទះសំដៅទៅកន្លែងធ្វើការ ទើបតែបានចម្ងាយប្រហែលប្រាំរយម៉ែត្រពីផ្ទះ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍​បណ្ដាល​ឲ្យបាក់ដៃស្ដាំ។ ខ្ញុំនៅចាំព្រឹត្តិការណ៍ដែលខ្ញុំជួបគ្រោះថ្នាក់នោះយ៉ាងច្បាស់ ថ្ងៃនោះ បើខ្ញុំ​មិន​បុក​អ្នកជិះម៉ូតូបត់កាត់មុខខ្ញុំដោយគ្មានសញ្ញាសុំផ្លូវ និងដោយមិនបានងាកមើលក្រោយមុននឹងបត់ នោះខ្ញុំនឹងគេចទៅខាងស្ដាំ ពេលនោះប្រាកដណាស់ ឡានដែលមកពីក្រោយពិតជាបានឃើញ​ហេតុការណ៍ដែលប្រុងនឹងកើតឡើង ហើយគេបានគេចទៅស្ដាំស្របនឹងការបុករបស់ខ្ញុំ។ បើសិនជាខ្ញុំ​គេចទៅស្ដាំមែន ពេលនោះខ្ញុំនឹងស្លាប់ ដោយឡានបុកមិនខាន។

ឱ! ពិតជាអាសូរកូនទាំងបី និងភរិយាមេម៉ាយណាស់! បើសិនជាគ្មានខ្ញុំ តើពួកគេនឹងទៅជា​យ៉ាងណា?

ថ្ងៃនេះ (ថ្ងៃទី ៥ ខែមេសា ឆ្នាំ២០១១) ពេលខ្ញុំកំពុងមមាញឹកក្នុងការងារ ប្រពន្ធខ្ញុំដែលទៅ​លេងផ្ទះម្ដាយឪពុកនាងនៅឯស្រុក​បានទូរស័ព្ទមកប្រាប់ខ្ញុំថា ឲ្យខ្ញុំប្រយ័ត្នប្រយែង ព្រោះនាងញាក់​សំបកភ្នែកស្ដាំជិតដប់ថ្ងៃហើយ ក្រែង​កើតហេតុការណ៍ដូចលើកមុនទៀត។

ក្រោយពីបាននិយាយរឿងនេះជាមួយប្រពន្ធខ្ញុំហើយ ខ្ញុំបានគិតត្រឡប់ចុះត្រឡប់ឡើងជាច្រើន​ដង។ ខ្ញុំគិតដល់គ្រប់ជ្រុងនៃការរស់នៅរបស់ខ្ញុំ ទាំងការធ្វើដំណើរ ទាំងការនិយាយស្ដីជាមួយមិត្តភក្ដិ ក៏ដូចជាមនុស្សទាំងពួងក្នុងសង្គម។ ខ្ញុំចាប់ផ្ដើមភ័យ។ អ្វីដែលខ្ញុំភ័យ មិនភ័យនឹងការធ្វើដំណើរនោះទេ ប៉ុន្តែគឺភ័យនឹងការបញ្ចេញមតិរបស់ខ្ញុំ តាមរយៈអត្ថបទសាកល្បងដែលខ្ញុំបានផ្សព្វផ្សាយនៅក្នុងគេហ​ទំព័រ khmerliterature.wordpress.com ដែលខ្ញុំបានបង្កើតឡើងដោយផ្ទាល់កាលពីឆ្នាំទៅ។ ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ ខ្ញុំបានសរសេរអត្ថបទ​ដែលទាក់ទងនឹងអ្នកធំពីរនាក់ មួយគឺរឿងដីធ្លីនៅទួលគោក និងមួយទៀត គឺរឿងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង ដែលម្ចាស់រថយន្តទំនើបទាម​ទារ​ឲ្យភាគីបង្ក​គ្រោះថ្នាក់ទិញរថយន្តថ្មីសងវិញ។ អ្វីដែលខ្ញុំសរសេរនោះ ខ្ញុំពិតជាមិនបានប៉ះពាល់ដល់​កិត្តិយសរបស់​អ្នកទាំងនោះទេ ខ្ញុំលើកមកសម្ដែងក្នុងការពិចារណារបស់ខ្ញុំ ដើម្បីឲ្យសង្គមមានការកែប្រែ និងមាន​យុត្តិធម៌។

មនុស្សទន់ខ្សោយម្នាក់ គ្មានលុយ គ្មានអំណាច មានតែប៊ិច សៀវភៅ ដើម្បីបញ្ចេញយោបល់​តាមរយៈសិទ្ធិដែលមនុស្សគ្រប់រូមមាន ខ្ញុំគ្មានលទ្ធភាពដើម្បីការពារខ្លួន និងប្រពន្ធកូនខ្ញុំឡើយ។ ខ្ញុំ​កំពុង​តែភ័យនឹងសកម្មភាពដែលខ្ញុំធ្វើដើម្បីសង្គមល្អ ដូចសត្វខ្លាចអាចម៍ខ្លួនឯង។

ថ្ងៃនេះ ពេលទៅដល់ផ្ទះវិញ ខ្ញុំនឹងបាច​អង្ករ អំបិល ដើម្បីបញ្ចៀស​ឧបទ្រពចង្រៃតាមទម្លាប់​ដែល​ម្ដាយខ្ញុំធ្វើ ពេលគាត់យល់សប្តិមិនល្អ និងសង្ឃឹមថា ការញែកសំបកភ្នែកលើកនេះនឹងមិនធ្វើឲ្យ​គ្រួសារយើងមានឧបទ្រពអ្វីឡើយ។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to ញាក់ភ្នែក

  1. Ratha Hin ថា:

    ខ្ញុំជូនពរអោយលោកបងជៀសផុតពីឧបទ្រពចង្រៃផងទាំងពួង។

  2. Moon ថា:

    ជាការពិតប្រជាជនខ្មែរប្រហែលជា ៨០%ដែលនៅមានជំនឿយ៉ាងមុតមាំលើទៅប្រផ្នូរ តាមរយះញាណខាងក្រៅ ឬតាមរយះការយល់សប្តិ ។ ពួកគាត់អាចយល់ថាប្រផ្នូរល្អឬអាក្រក់ទៅ តាមការកំណត់ចំណាំ ទៅតាមការវិភាគរបស់ពួកគាត់តែរៀងៗខ្លួន ។ចំណុចវិជ្ជមានដែលខ្ញុំធ្លាប់ បានឃីញគឺពួកគាត់អាចកែប្រែប្រផ្នូរអាក្រក់របស់គាត់ ពីរឿងធំមករឿងតូចតាមរយះការ​​ ប្រយ័ត្មប្រយែង ប្រាប់ញាតិសន្តានតៗគ្នា និងជាពិសេសការបាចអង្ករ ឬការនិយាយបណេ្តញ ចោលនៅពេលបត់ជើងតូច ។ ប៉ុនែ្តក្នុងនោះដែរ​ចំនុចតូចដែលជាចំណុចអវិជ្ជមានគឺ សន្តិអារម្មណ៏របស់ពួកគាត់ដក់នៅភាពភ័យខ្លាចជានិច្ច ។ ចំណែករូបខ្ញុំផ្ទាល់ក៏ជាអ្នកមានជំនឿ ខ្លះៗដែរ ខ្ខុំក៏ធ្លាប់មានអារម្មណ៏ភ័យខ្លាចសឹងតែមិនហ៊ានទៅណាទាំងអស់ ។ ខ្ញុំជឿជាក់ថាបងដារ៉ាពិតជាមិនមានរឿងអ្វីកើតឡើងដូចពីមុនទៀតឡើយ ពីព្រោះបងអាចចាប់ អារម្មណ៏ដឹងមុន ដូចេ្នះការប្រយត្នប្រយែងក៏មានច្រើនដែរ​ ។ ជូនពរបងជួបតែសុវត្ថិភាពល្អ ។ (មតិតូចមួយរបស់អ្នកគាំទ្រម្នាក់)៕​​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s