ថ្ងៃនេះ ខ្ញុំបានចូលទៅមើលគេហទំព័ររបស់ខ្ញុំ ចង់ដឹងចំនួនអ្នកអានអត្ថបទរបស់ខ្ញុំមានប៉ុន្មាននាក់។ ក្នុងនោះ ខ្ញុំបានឃើញការបញ្ចេញយោបល់មួយ ដែលខ្ញុំយល់ថា ជាការគំរាមកំហែង ច្រើនជាសម្ដីឡែបខាយ ព្រោះមានប្រើពាក្យថា “ដំបងឫស្សី” និង “សសៃញាក់” ជាដើម។
អ្នកដែលបញ្ចេញមតិលើគេហទំព័រខ្ញុំនោះ គេប្រើឈ្មោះថា “ហនុមាន” ខ្ញុំបានចុចទៅលើមតិរបស់គេ បានឃើញរូបគំនូរហនុមានមួយដ៏ល្អ ដោយនៅខាងក្រោមមានសរសេរអក្សរថា “ស្វាមួយជីវិត”។ ថ្វីបើរៀនបានតិចតួច ហើយពេលខ្លះរៀនពីសត្វឆ្កែផងនោះ (សូមរកមើលកំណាព្យ “ឆ្កែខ្ញុំ ឆ្កែគេ” របស់ខ្ញុំ នៅលើគេហទំព័រនេះ) ប៉ុន្តែខ្ញុំអាចយល់បានពីន័យដែលគេចង់និយាយ។ មិនដឹងថា អ្នកនោះគេបានរៀនចេះដឹងច្រើនពីរឿងហនុមាន ឬស្វានេះឬអត់ទេ។ ខ្ញុំបានមើលសៀវភៅតិចតួច ដែលប៉ះចំរឿងហនុមាន ឬស្វានេះ ដែលខ្ញុំឃើញមានតែពីរប្រភេទប៉ុណ្ណោះ គឺហនុមាន ឬស្វាដែលមានអំណាច អាចឃាត់ព្រះអាទិត្យមិនឲ្យដើរទៅមុខបាន (រឿងរាមកេរ្តិ៍) និងស្វាបុព្វជាតិព្រះសមណៈគោត្តម ដែលមានប្រាជ្ញាដឹងដល់ជម្រៅពុតត្បុតក្រពើ (រឿងព្រេងខ្មែរ) ឯពពួកស្វាមួយប្រភេទទៀត គ្មានបានការអីទាំងអស់ ជាស្វាកំហិល រពិសផុតលោកិយ ដើរយកតែអង្គជាតិខ្លួនស៊ករន្ធទាំងពួង និងធ្វើអាការញនតាមសភាពនៃសត្វតិរច្ឆាន។ ថ្ងៃមួយទៅញនចំមាត់អណ្ដើក បណ្ដាលឲ្យអណ្ដើកច្រឹបដាច់ឫស្សគល់ជីវិតទៅ ក្សិណក្ស័យទាំងជីវិតជីវ៉ាទៅទៀត។
ឱ! ខ្ញុំមិនប្រាថ្នាឲ្យអ្នកបានជាស្វាកំហិល រពិសផុតលោកិយដូចក្នុងឧទាហរណ៍ខាងលើនេះទេ ព្រោះខ្ញុំជាមនុស្សមានសតិ ហើយថ្វីបើអ្នកសម្ដែងកិរិយាជាមនុស្សអប្បប្រាជ្ញា ក៏ខ្ញុំប្រាថ្នាឲ្យអ្នកជាហនុមាន ជាស្វា ឬពានរ ដ៏មានអំណាចដូចហនុមានក្នុងរឿងរាមកេរ្ដិ៍ ឬជាស្វាដ៏មានប្រាជ្ញា ដូចស្វាបុព្វជាតិព្រះសមណៈគោត្តមនៃយើង។ ចំណែកឯខ្ញុំ ខ្ញុំដឹងខ្លួនហើយថា ខ្ញុំគ្មានអំណាចដូចហនុមានក្នុងរឿងរាមកេរ្តិ៍នោះទេ ប៉ុន្តែខ្ញុំសូមត្រឹមតែស្វាបុព្វជាតិព្រះសមណៈគោត្តមទៅចុះ។ ប្រាថ្នាត្រឹមតែដឹងល្បិចកល ពុតត្បុតក្រពើទៅបានហើយ មិនហ៊ានប្រាថ្នាលើសនេះទេ។
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា
បាទ ស្រេចតែការយល់របស់ខ្លួនទៅចុះ ។ ខ្ញុំគ្មានបំណងគំរៀមកំហែងដល់ម្ចាស់ផ្ទះរ៉េ ។សូមអភ័យទោសបើមានការយល់ច្រឡំ មកដល់រូបខ្ញុំ ខ្ញុំគ្មានចង់លែបខាយ ដល់ ដារ៉ា ឯណា គ្រាន់តែចង់លេងសើចប៉ុណ្ណឹង ។ ចង់ថា ស្វា ពាន ហនុមាន ស្រេចតែខ្លួនទៅចុះ ។ សូមអភ័យទោសចំពោះការយល់ច្រឡំមកលើរូបខ្ញុំ ។ ដើម្បីកុំអោយមានភាព តានតឹង សូមបំភ្លេចនៅសំដី របស់ខ្ញុំចុះ ។ សូមអរគុណ
ខ្ញុំសូមស្វាគមន៍រាល់ការបញ្ចេញមតិទាំងអស់។ បើសិនជាខ្ញុំយល់ច្រឡំមែន ខ្ញុំមិនខ្លាចអីនឹងសូមអភ័យទោសលោកទេ។ ខ្ញុំសូមទោស បើសិនជាមានការជ្រុលជ្រួសពាក្យពេចន៍សម្ដី។ ប៉ុន្តែអ្វីដែលលោកនិយាយលេងនោះ វាដូចជាមិនឃើញមានពាក្យគួរសមមួយ សម្រាប់និយាយលេងនឹងអ្នកដែលយើងមិនធ្លាប់ស្គាល់ស្និទ្ធស្នាល។ បើសិនខ្ញុំជាលោក ខ្ញុំនឹងចាប់ផ្ដើមដោយប្រើពាក្យថា “តាមខ្ញុំចំណាំ បើញាក់ភ្នែកស្ដាំចំណាំតែមានលាភ បើមិនអានៀប (រនាប) ក៏គល់អាសី (ឫស្សី)… ” ឬក៏ថា “តាមខ្ញុំឮពីចាស់ៗ គេថាបើញាក់ភ្នែកស្ដាំ… ” មិនខ្វះទេពាក្យសមរម្យសម្រាប់អ្នកដែលយើងមិនស្គាល់នោះ។
ត្រឡប់មករកពាក្យពេចន៍របស់លោក ខ្ញុំអាចច្រឡំ ហើយអ្នកអានផ្សេងក៏អាចច្រឡំដូចគ្នា។
អ្នកនិពន្ធបារាំង អង់ទ័ន ឌឺសាំងតិចស៊ុយប៉េរី ក្នុងស្នាដៃរឿង “The little prince” របស់គាត់ ខ្ញុំចាំថា មានឃ្លាមួយនៅជិតខាងដើមបង្អស់នៃសាច់រឿងរបស់គាត់ ខ្ញុំចាំតាមការយល់របស់ខ្ញុំថា “មនុស្សពេញវ័យមិនចេះយល់អ្វីដោយខ្លួនឯងទេ គេត្រូវការពន្យល់”។ សូមអរគុណ។
yab !