បច្ចុប្បន្ន ខ្មែរយើងប្រើពាក្យ “ឃុបឃិត” រត់មាត់ទៅហើយ។ តាមពិតទៅ ពាក្យនេះគ្មាននៅក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ទេ។ ពាក្យ “ឃុបឃិត” បើតាមការប្រើរត់មាត់ទៅ គឺមានន័យថា ការរួមគំនិតគ្នាគិតធ្វើការអ្វីមួយ ឬការសមគំនិតគ្នា។
បើតាមសៀវភៅដែលខ្ញុំធ្លាប់អាន, សូមទោសខ្ញុំមិនចាំថាសៀវភៅមួយណាទេ អាចជាសៀវភៅរបស់លោក អៀវ កើត មើលទៅ, បាននិយាយអំពីពាក្យ “ឃុបឃិត” នេះ ថាខ្មែរយើងប្រើពាក្យនេះតាមភាសាសៀម ដែលសៀមបានយកពាក្យ “គប់គិត” ក្នុងភាសាខ្មែរទៅប្រើ ប៉ុន្តែដោយគេមិនអាចបញ្ចេញសំឡេងច្បាស់ដូចខ្មែរ វាក៏ចេញជា “ឃុបឃិត” ដូច្នេះទៅ ហើយខ្មែរក៏ប្រើពាក្យ “គប់គិត” ទៅជា “ឃុបឃិត” តាមសៀមរហូតមក។
បើយើងធ្វើការសិក្សាលើន័យនៃពាក្យ “ឃុប” និង “ឃិត” យើងឃើញថា ពាក្យនេះក្នុងន័យអ្វីច្បាស់លាស់ក្នុងភាសាខ្មែរទេ។ ប៉ុន្តែ បើយើងមើលទៅលើពាក្យ “គប់” និង “គិត” នោះយើងនឹងឃើញថា ពាក្យទាំងពីរនេះសុទ្ធតែមានន័យរៀងៗខ្លួន។ ពាក្យ “គប់” គឺរាប់រកគ្នា, ចងសមាគមនឹងគ្នា ឯពាក្យ “គិត” មានន័យថា ត្រិះរិះ, ពិចារណា, នឹក, រឭក ហើយនៅពេលពាក្យនេះផ្សំបញ្ចូលគ្នា វាបានទៅជាពាក្យ “គប់គិត” ដែលមានន័យថា រួមគំនិតគ្នា, គិតគូរគ្នា ឬក៏ថា រួមគ្នាគិតដោះស្រាយបញ្ហាជាដើម។
ខ្ញុំបានត្រឹមតែស្ដាយពាក្យខ្មែរ ដែលខ្មែរមានប្រើ ប៉ុន្តែបែរជាខ្មែរទៅប្រើពាក្យគេមកប្រើជំនួសពាក្យរបស់ខ្លួនទៅវិញ។ បើសិនជាលោកអ្នកពិតជាស្ដាយពាក្យខ្មែរដូចខ្ញុំដែរ ខ្ញុំជឿថា លោកអ្នកនឹងប្ដូរទម្លាប់មកប្រើពាក្យ “គប់គិត” ជារបស់ជាតិយើងវិញមិនខាន។
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា
បើចង់អោយពិរោះជាងនិងឆាប់ចាប់ន័យបានលឿនជាងផង
ថា គួបគិត ក៏ម្យ៉ាងដែរ ។
អ្វីដែលលោកយល់ វាម្យ៉ាងដែរ ហើយអាចប្រើបានទៅតាមកាលៈទេសៈ, នេះខ្ញុំគិតអ៊ីចឹង។ ប៉ុន្តែពាក្យ “គប់គិត” ជាពាក្យខ្មែរ ហើយមានសរសេរក្នុងវចនានុក្រមសម្ដេចសង្ឃរាជ ជួន ណាត ផង។ អរគុណ។
ទើបតែបានដឹងទេ ( ពីមុនមកមិនសូវបានចាប់អារម្មណ៍ ) ។ អត្ថបទនេះពិតជាល្អមែន ។