កាលពីដើមខែនេះ ខ្ញុំបានផ្សព្វផ្សាយអត្ថបទមួយមានឈ្មោះថា “វិបត្តិអក្ខរាវិរុទ្ធខ្មែរ” នៅលើគេហទំព័ររបស់ខ្ញុំ។ ក្រោយពីការផ្សព្វផ្សាយ ខ្ញុំសង្កេតឃើញមានប្លុកគ័រពីរនាក់បានពេញចិត្តអត្ថបទនេះ និងយូរបន្តិចក្រោយមក, ប្រហែលដប់ថ្ងៃ, មានការបញ្ចេញមតិពីរពីលោកវិចិត្រ ដែលខ្ញុំយល់ថា ទទួលយកបាន ព្រោះជាការពន្យល់ដ៏សមរម្យ ត្រឹមត្រូវតាមក្បួនវេយ្យាករណ៍ខ្មែរ។ ខាងក្រោមនេះ គឺជាការពន្យល់របស់លោកវិចិត្រទាក់ទងនឹងពាក្យ “សារៈសំខាន់” និងពាក្យ “និទណ្ឌភាព ឬ និទ្ទណ្ឌភាព (ពាក្យនេះអាចសរសេរបានពីរយ៉ាង បើតាមការពន្យល់របស់លោកវិចិត្រ)” ប៉ុន្តែស្ដាយដែលលោកវិចិត្រមិនបានបញ្ចេញគំនិតអំពីពាក្យ “លើសលុប” ថាតើត្រូវសរសេរតាមកូនពាក្យក្នុងវចនានុក្រមសម្ដេច ជួន ណាត “លើសលប់” ដូច្នេះ ឬក៏យកតាមការពិចារណារបស់ខ្ញុំ “លើសលប់” នេះ។ សូមជម្រាបមិត្តអ្នកអានថា អក្សរទ្រេត គឺជាការបញ្ចេញមតិរបស់លោកវិចិត្រ ធ្វើយ៉ាងនេះគឺដើម្បីឲ្យអ្នកអានងាយយល់ថានោះជាគំនិតរស់លោក។
ពាក្យថាសារៈសំខាន់ នេះខ្ញុំអាចពន្យល់បានថាហេតុអ្វីជាគេសរសេរ សារៈសំខាន់ មិនសរសេរ សារសំខាន់ ដូចពាក្យ សារមន្ទីរ តែអានចេញសារៈ មន្ទីរ។
១) ពាក្យថា សារៈសំខាន់ = សារៈ + សំខាន់ ។ សំខាន់ ជាគុណនាម បញ្ជាក់ន័យបន្ថែមលើពាក្យ សារៈ ។ ពាក្យ សារៈ ជាពាក្យគោល បើនៅតែឯងក៏សរសេរ សារៈ ដូច្នេះ ពេលផ្សំគ្នាហើយ ក៏តែសរសេរ សារៈ ដដែល។ ដូចជាពាក្យ លក្ខណៈ បើយើងផ្សំនឹងពាក្យពិសេស ចេញជា លក្ខណៈពិសេស ៖ ពិសេស មានតួនាទីជាគុណនាម បន្ថែមន័យលើពាក្យ លក្ខណៈ។ លក្ខណៈ ពេលនៅតែឯងសរសេរជាលក្ខណៈ បូកនឹងគុណនាម ពិសេស ទៀត នៅតែរក្សាទំរង់ លក្ខណៈ មានចុចពីរដដែល។ ពាក្យជាច្រើនទៀត ដែលមានលក្ខណៈបែបនេះ ៖
– គណៈ+ រដ្ឋមន្ត្រី = គណៈរដ្ឋមន្ត្រី = គណៈ ដែលជា រដ្ឋមន្ត្រី (មិនមែន រដ្ឋមន្ត្រី ដែលជាគណៈ ទេ !!)
– គណៈ+កម្មការ = គណៈកម្មការ = គណៈ ដែលជាកម្មការ
– គណៈ+មេប្រយោគ = គណៈមេប្រយោគ = គណៈ ដែលជាមេប្រយោគ
– គណៈ+ប្រតិភូ = គណៈប្រតិភូ = គណៈ ដែលជាប្រតិភូ
ពាក្យ គណនេយ្យ អត់មានចុចពីរ ដោយសារពាក្យនេះ មិនមែនពាក្យផ្សំតាមបែបខ្មែរទេ ជាពាក្យសំស្ក្រឹតទាំងមូល។ ពាក្យ គណបក្ខ អត់មានចុចពីរ ដោយសារ ពាក្យគោលជាពាក្យ បក្ខ ។
២) ពាក្យ សារមន្ទីរ ៖ សរសេរ សារៈ អត់មានចុចពីរ ដោយសារពាក្យ សារមន្ទីរ ពាក្យគោលជាពាក្យ មន្ទីរ។ ពាក្យសារៈ ក្នុងពាក្យនេះ ដើរតួជាគុណនាម បញ្ជាក់ថា តើមន្ទីរអ្វីគេ គឺ មន្ទីរសារៈ មន្ទីរដែលមានសារៈ ។ល។ ករណីនេះ គុណនាមនៅមុខនាម គឺរបៀបផ្សំពាក្យតាមបែបសំស្ក្រឹត ។ របៀបខ្មែរ គឺគេដាក់គុណនាមក្រោយនាម និយាយជា មន្ទីរសារ រឺ មន្ទីរសារៈវិញ។ សរសេរជា មន្ទីរសារ រឺ មន្ទីរសារៈ ទៅតាមថា តើយើងអានចេញជា សារៈ ឬ សារ។
ឧទាហរណ៍៖
– កិច្ច + ករណីយៈ = ករណីយកិច្ច = កិច្ច ដែល …
– ករ + កម្មៈ =កម្មករ = ករ ដែល …
៣) ពាក្យ កាលៈទេសៈ និង ពាក្យ ទេសកាល ជាពាក្យតែមួយ តែសរសេរបានពីរបែប។ ពាក្យ កាលៈទេសៈ ឬ ទេសកាល នេះ ពាក្យគោលជាពាក្យ កាល។ ពាក្យ កាលៈទេសៈ ជាពាក្យ សរសេរតាមបែបខ្មែរ។ ពាក្យ ទេសកាល ជាពាក្យសរសេរតាមបែបបាលី ឬសំស្ក្រឹត។ ពាក្យនេះ មានន័យថា កាល សម័យរបស់ស្រុកទេស។
អំពីពាក្យុ និទណ្ឌភាព នេះវិញ។ ពាក្យ និរៈ ជាពាក្យសំស្ក្រឹត ពាក្យ និ ជាពាក្យបាលី ពាក្យពីរនេះ មានន័យដូចគ្នា។ (ដូចជាពាក្យ ធម៌ ជាពាក្យសំស្ក្រឹត ពាក្យ ធម្ម ជាពាក្យបាលី, ពាក្យ កម៌ ជាពាក្យសំស្ក្រឹត ពាក្យ កម្ម ជាពាក្យបាលី)។
តែតាមរបៀបបាលី ពាក្យ និ បើបូកនឹងពាក្យផ្សេងទៀត ដែលផ្ដើមដោយព្យញ្ជនៈ ត្រូវត្រួតព្យញ្ជនៈនោះ។ ដូចជា
និ + ទណ្ឌភាព ទៅជា និទ្ទណ្ឌភាព (ភាពគ្មានទោស)
និ + ចលភាព ទៅជា និច្ចលភាព (ភាពគ្មានចលនា)
និ + ករុណៈ ទៅជា និក្ករុណៈ (ភាពគ្មានបេះដូង)
តែតាមរបៀបខ្មែរ គេមិនត្រូវការត្រួតទេ គឺផ្សំពាក្យតាមបែបធម្មតា ដូចជា និចលភាព និទណ្ឌភាព ។
ពាក្យផ្សេងទៀតដែលមានលក្ខណៈដូចគ្នា ៖
និតិបញ្ញត្តិ (សរសេរតាមបែបខ្មែរ)។ និតិប្បញ្ញត្តិ (សរសេរតាមបែបបាលី)។
ចតុកោណ ចតុមុខ(សរសេរតាមបែបខ្មែរ)។ ចតុក្កោណ ចតុម្មុខ (សរសេរតាមបែបបាលី)។
ជាចុងក្រោយ ខ្ញុំសូមអរគុណលោកវិចិត្រ ដែលបានចំណាយពេលវេលាឆ្លើយតបនឹងអត្ថបទរបស់ខ្ញុំ។ ប៉ុន្តែអ្វីដែលលោកធ្វើ គឺមិនអត់ប្រយោជន៍ទេ វាពិតជាចំណែកដ៏ធំមួយក្នុងការពង្រឹកអក្សរសាស្ត្រជាតិយើង ហើយយ៉ាងពិតប្រាកដ វាមានប្រយោជន៍យ៉ាងធំមហាសាលសម្រាប់ខ្ញុំ ដែលមានការអប់រំបានតិចតួច ក៏ដូចជាមិត្តភក្ដិខ្ញុំ និងអ្នកអានរបស់ខ្ញុំ ដែលនៅមានចម្ងល់ខ្លះៗក្នុងរឿងនេះដូចខ្ញុំផងដែរ។
ខ្ញុំសង្ឃឹមថា លោកវិចិត្រនឹងជួយបញ្ចេញយោបល់បន្ថែមទៀតទៅលើចម្ងល់របស់ខ្ញុំក្នុងរឿងអក្សរសាស្ត្រនេះ។ ហើយជាមួយគ្នា ខ្ញុំក៏មានចម្ងល់ពីរឿងពាក្យ Conception ក្នុងភាសាអង់គ្លេស ប្រែមកជាភាសាខ្មែរថា “ទស្សនទាន” ផងដែរ។ វចនានុក្រមរបស់បណ្ណាគារនគរធំ និងរាជបណ្ឌិតសភាកម្ពុជា បានសរសេរពាក្យ “ទស្សនទាន” ដូចគ្នាបែបនេះ ប៉ុន្តសន្ទានុក្រមច្បាប់របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ,សូមទោសខ្ញុំមិនបានឃើញទេ ឮតែគេថា, បានសរសេរពាក្យនេះជា “ទស្សនាទាន” ដូច្នេះវិញ។
បើតាមការយល់របស់ខ្ញុំ ពាក្យ Conception ក្នុងភាសាអង់គ្លេស ត្រូវសរសេរជាខ្មែរថា “ទស្សនទាន” ដូច្នេះទើបត្រឹមត្រូវ ព្រោះវាទាក់ទងនឹងគំនិត មិនមែនទាក់ទងនឹងការមើលដោយភ្នែកនោះទេ។ ប៉ុន្តែខ្ញុំមិនដឹងថា ការយល់របស់ខ្ញុំនោះសមរម្យឬអត់ទេ។ សង្ឃឹមថា លោកវិចិត្រនឹងចំណាយពេលវេលាដ៏មានតម្លៃរបស់លោកក្នុងរឿងនេះ។
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា
ពាក្យលើសលុប ហ្នឹង ខ្ញុំឃើញវចនានុក្រមអេឡិចត្រូនិច គេកែពី លើសលប់ មក លើសលុប វិញហើយ។
មានចំនុចភ្លាំងភ្លាត់ជាច្រើនទៀត ដែលខ្ញុំធ្លាប់ឃើញកន្លងមកដូចជា ត្រង់ពាក្យ កក្អិច … សរសេរ ចម្រើន ជា ចំរើន ? ( ដែលតាមគោលការណ៍របស់វចនានុក្រមនៅពេលនោះ ត្រូវលើកតំកើងការប្រើប្រាស់ពាក្យ ចម្រើន ជាជាង ចំរើន)។ ត្រង់ពាក្យ កតិកា សរសេរ ការសន្មត ជា ការសន្មតិ ដែលសន្មតិ ជានាមស្រាប់។
អ្នកខ្លះបានផ្ដល់យោបល់ថា វចនានុក្រមនៅពេលនោះមានកំហុសដល់ទៅ ៣០០ កន្លែងឯនោះ។ http://svichet.wordpress.com/2009/01/20/dico1/
រីឯពាក្យ conception វិញ ខ្ញុំអត់ចេះទេ។ តែខ្ញុំដឹងថា ពាក្យ ទាន មានន័យថា អំនោយ ។ ពាក្យ អាទាន មានន័យថា ការទទួលបាន ការចាប់យក ការយក។ ពាក្យ ទស្សនា ក្លាយមកពី ទស្សនៈ។
សួស្ដីម្ចាស់ផ្ទះ
អត្ថបទនេះចុះយូរក្រែលហើយ ប៉ុន្ដែខ្ញុំទើបប្រទះដោយចៃដន្យ ។ ចឹងសូមបញ្ចេញយោបល់បន្ដិចអំពីពាក្យ លើសលប់ ឬ លើសលុប ។ តាមយោបល់ខ្ញុំ ពាក្យនេះគួរសរសេរជា លើសលប់ ។ យើងមានពាក្យ លប់ ម្លប់ ព្រលប់ ។