ផ្លូន

ក្រៅពីចំនួនលេខដែលយើងស្គាល់ចាប់ពី មួយ, ពីរ, បី ដល់ដប់, ម្ភៃ, សាម ដល់រយ, ពាន់, មឺន, សែន, ​លាន, កោដិ ខ្មែរយើងនៅមានពាក្យសម្គាល់ចំនួនផ្សេងទៀត ដូចជា ដំប ស្មើបួន, ឡូ ស្មើដប់ពីរ, ផ្លូន ស្មើសែសិប និងស្លឹក ស្មើបួនរយ​ជាដើម, នេះខ្ញុំមិននិយាយដល់ខ្នាតរង្វាល់មានថាំង តៅ នោះផងទេ។

ពាក្យសម្គាល់ចំនួននេះត្រូវបានចាស់ៗនៅស្រុកស្រែប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្នុងការរាប់ចំនួនផ្លែឈើ កណ្ដាប់សំណាប កណ្ដាប់ស្រូវ ស៊ុតមាន់ទា ឬកូនឈើ ជាដើម។ ខ្ញុំបានស្វែងយល់ និងចេះពាក្យនេះតាំងពីនៅក្មេងៗកាលនៅស្រុកស្រែ។ ប៉ុន្តែនៅភ្នំពេញ ចំនួនមួយផ្លូន, សូមទោស ខ្ញុំមិននិយាយអំពីចំនួនដំប ឡូ ឬស្លឹកទេ ព្រោះមិនមានអ្វីប្លែក, មិនស្មើនឹងសែសិបដូចអ្វីដែលខ្ញុំដឹង និងចេះពីស្រុកស្រែមកនោះទេ គឺស្មើនឹងហាសិបពីរទៅវិញ។

ពាក្យ “ផ្លូន” បើតាមវចនានុក្រមសម្ដេចជួន ណាត បានចែងច្បាស់ណាស់ គឺស្មើនឹងដប់ដំប គឺសែសិប មិនអាចទៅជាសែមួយ សែពីរ សែបី ឬដល់ទៅហាសិបពីរនោះទេ។

ប្រហែលជាប្រាំពីរឆ្នាំមុន ខ្ញុំមានឱកាសបានទៅធ្វើសិក្ខាសាលាមួយជុំទន្លេសាប ដោយចេញពីភ្នំពេញទៅខេត្តបាត់ដំបង និងបន្តទៅសៀមរាប ហើយត្រឡប់មកវិញតាមខេត្តកំពង់ធំ។ ពេលមកដល់កន្លែងសម្រាកអាហារថ្ងៃត្រង់នៅស្គន់ លោកគ្រូម្នាក់បានតថ្លៃទិញចង្រិតលីងមួយផ្លូន។ អ្នកលក់បានព្រមព្រៀងលក់ក្នុងតម្លៃដែលលោកគ្រូតថ្លៃ ដោយរាប់ចង្រិតចំនួនសែសិបដាក់ជូនលោកគ្រូ។ លោកគ្រូ​បានទាមទារថា មួយផ្លូនស្មើនឹងហាសិបពីរ មិនមែនសែសិបទេ ប៉ុន្តែអ្នកលក់ថា មួយផ្លូនតែសែសិបទេ បើមួយផ្លូនស្មើនឹងហាសិបពីរនោះគាត់នឹងខាត ព្រោះគាត់ទិញពីគេមកក៏មួយផ្លូនស្មើនឹងសែសិបដូចគ្នា។

តាមរយៈបទពិសោធន៍នេះ ខ្ញុំតែងតែរំឭកប្រពន្ធខ្ញុំជារឿយៗពេលដែលយើងឆ្លងកាត់ស្គន់ ហើយចង់ទិញចង្រិត អាពីង ឬស្វាយ ត្រូវសួរជាមុនថា តើមួយផ្លូនរាប់សែសិប ឬរាប់ហាសិបពីរ។

ខ្ញុំមិនដឹងថា មួយផ្លូនស្មើនឹងហាសិបពីរកើតមានតាំងពីពេលណាមកនោះទេ។ ប៉ុន្តែខ្ញុំគិតស្មានថា ប្រហែលជាវាកើតឡើងដោយការថែមបីដំប។ ដល់តែថែមដូច្នេះយូរទៅ វាទៅជាទម្លាប់ថា មួយផ្លូនស្មើនឹងហាសិបពីរតែម្ដងទៅ។

នៅទីនេះ ខ្ញុំគ្មានចេតនាចង់ឲ្យអ្នកប្រកបរបររកស៊ីណាម្នាក់ខាត ឬចំណេញ ដោយសារការរាប់ចំនួនមួយផ្លូន ស្មើនឹងសែសិប ឬស្មើនឹងហាសិបពីរនោះទេ។ ខ្ញុំគ្រាន់តែចង់ឲ្យមានការប្រើប្រាស់ពាក្យ “ផ្លូន” ឲ្យបានត្រឹមត្រូវប៉ុណ្ណោះ។ បើនរណាម្នាក់ចង់បានមួយផ្លូនស្មើនឹងហាសិបពីរ គេគួរនិយាយថា មួយផ្លូនថែមបីដំបវិញ​ទើបល្អ ហើយមិនបន្សល់ទម្លាប់អាក្រក់ដល់ក្មេងជំនាន់ក្រោយផង។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s