ប្រវត្តិបុណ្យចូលឆ្នាំខ្មែរ

មនុស្សគ្រប់ជាតិសាសន៍តែងប្រារព្វធ្វើពិធីបុណ្យចូលឆ្នាំថ្មី។ គេនិយមកំណត់ពេលវេលា និងរៀប​ចំពិធីនៃបុណ្យនេះប្លែៗគ្នា ស្របទៅតាមជំនឿ ទំនៀមទម្លាប់ និងប្រពៃណីរបស់គេ។ ជនជាតិខ្មែរយើង​បាននាំគ្នាធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលរៀងរាល់ឆ្នាំរហូតមក។ យើងមានឯកសារជាច្រើនស្ដីពី​បុណ្យចូលឆ្នាំ។

បុព្វហេតុដែលនាំឲ្យបញ្ចប់ឆ្នាំចាស់ ហើយចូលឆ្នាំថ្មីនេះ ដោយអ្នកខ្លះមានជំនឿតាមរឿងព្រេង​មួយ ដែលមានសេចក្ដីជាអាទិថា “កុបិលមហាព្រហ្ម” បានចោទប្រស្នា ៣ខ ដល់​ធម្មបាលកុមារ ជាកូនសេដ្ឋីដែលបានរៀនចេះចប់នូវត្រៃវេទ និងចេះភាសាបក្សីទាំងពួង ហើយបានសន្យាថា បើ​ដោះស្រាយ​មិនរួចទេ នឹងកាត់ក្បាល ​ធម្មបាល ផ្ទុយទៅវិញបើស្រាយប្រស្នានោះរួច កុបិលមហាព្រហ្ម នឹងកាត់ក្បាលវិញ។ ធម្មបាល ទាល់ប្រាជ្ញា ប៉ុន្តែទីបំផុតបានស្ដាប់សត្វឥន្ទ្រីញីឈ្មោលសន្ទនាគ្នាអំពី​ប្រស្នានោះ ទើបបានយល់ឡើង ហើយដល់ថ្ងៃកំណត់ក៏បានឆ្លើយថា៖

ខ ទី១- វេលាព្រឹកសិរីស្ថិតនៅមុខ ទើប​មនុស្សត្រូវយកទឹកលុបមុខ។

ខ ទី២- វេលាថ្ងៃត្រង់សិរីស្ថិតនៅទ្រូង ទើបមនុស្សត្រូវយកទឹកមកលាងទ្រូង។

ខ ទី៣- វេលាល្ងាចសិរីស្ថិតនៅជើង ទើបមនុស្សត្រូវយកទឹកលាងជើង។

កុបិលមហាព្រហ្មត្រូវកាត់ក្បាលបូជា ធម្មបាល ហើយឲ្យកូនស្រីទាំង ៧នាក់ យកពានយក​ទទួលក្បាល រួចឲ្យកូនច្បងហែប្រទក្សិណភ្នំព្រះសុមេរុ ៦០ នាទី ទើបយកទៅទុកក្នុងមណ្ឌបនៅគុហា​គន្ធមាលី នៃភ្នំកៃលាស។ លុះគម្រប់ឆ្នាំសង្ក្រាន្ត ទេពធីតាទាំង ៧ ក៏ផ្លាស់វេនគ្នាហែក្បាល​កុបិល​មហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុ រាល់ៗឆ្នាំរហូតមក។ ហេតុនេះ ហើយបានជាមានសង្ក្រាន្ត​ ឬទំនៀម​ដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីនេះ។

អ្នកខ្លះទៀតមានជំនឿថា ក្នុងរវាង ១ឆ្នាំដែលរស់នៅ ជួនកាលគេជួបប្រទះចង្រៃឧបទ្រព ជួនកាលមានជំងឺប្រចាំកាយ ជួនកាលទៀតបានប្រព្រឹត្តអំពើសៅហ្មងផ្សេងៗជាដើម។ លុះផុតឆ្នាំចាស់​នេះទៅ គេធ្វើបុណ្យ គេស្លៀកពាក់ថ្មីៗ ដើរលេងឲ្យសប្បាយ ឲ្យអស់កង្វល់ ឲ្យបាត់នឿយហត់ រួចទើប​ចាប់ផ្ដើមសាងជីវភាពថ្មី ឲ្យបានជួប្រទះសុភមង្គលគ្រប់ប្រការ និងអាយុយឺនយូរតទៅមុខទៀត។

តាមទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃ មហាសង្ក្រាន្ត ថ្ងៃទីពីរជាថ្ងៃ វណបត ថ្ងៃទីបីជាថ្ងៃ ឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយដែលទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្ដាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យក្បួនហោរាសាស្ត្រតាមបែបបុរាណគឺ ក្បួនមហាសង្ក្រាន្តនេះឯង។

នៅប្រទេសខ្មែរ តើថ្ងៃចូលឆ្នាំថ្មីត្រូវលើខែណា? ថ្ងៃណា? ចាប់ពីត្រឹមសម័យនគធំឡើងទៅ ខ្មែរយើងប្រើចន្ទគតិ “វិធីដើរនៃព្រះចន្ទ” ទើបកំណត់យកខែ មិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្តិកជាខែទី១២។

លុះក្រោយមក ទើបគេនិយមប្រើសុរិយគតិ “វិធីដើរនៃព្រះអាទិត្យ” ជាសំខាន់វិញ ហើយ​កំណត់ចូលឆ្នាំក្នុងខែចេត្រ “ខែទី៥” ដែលជាដើមឆ្នាំកំណត់ព្រះអាទិត្យចូលកាន់មេសរាសី ឯថ្ងៃចូលឆ្នាំ​រវែងត្រូវលើថ្ងៃទី ១៣ នៃខែ មេសៈ “ចេត្រ” រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅប្រហែលជាមានភ្លាត់ម្ដងៗ ចូលឆ្នាំក្នុងថ្ងៃទី ១៤ ក៏មានខ្លះដែរ។ ​មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិ មានឈ្មោះថា “សាមញ្ញសង្ក្រាន្ដ” “ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត”។ ឯមហាសង្ក្រាន្ត ដែលប្រើរៀបគន់គូរ​តាមចន្ទគតិហៅថា “អាយន្តសង្ក្រាន្ត” “ពេលដែលព្រះអាទិត្យដើរបញ្ឆៀងមិនត្រង់​ពីលើស្មោះ”។ គេនៅ​ប្រើចន្ទគតិអែបគ្នា និងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិជាច្រើន។ ចំណែកឯថ្ងៃ​ចូលឆ្នាំតាមចន្ទគតិមិនបានទៀងជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុង​វេលារនោចទៅវិញ។ ប៉ុន្តែនៅក្នុងរវាង ១ ខែ គឺមិនមុនថ្ងៃ ៤ កើតខែចេត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ។ ដូចនេះឃើញថា សង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។

ក្រៅពីនេះយើងមានឯកសារខ្លះទៀត ដែលបញ្ជាក់ថា ខ្មែរយើងប្រាព្វពិធីចូលឆ្នាំនៅខែចេត្រ ដូចជាអត្ថបទ​របស់លោក ជីវ តាក្វាន់ ថានៅខែចេត្រ ខ្មែរយើងបានធ្វើពិធីបុណ្យដោយមានលែងល្បែង​ចោលឈូងផង ហើយមានប្រមូលព្រះពុទ្ធរូបពីគ្រប់ទិសទីមកស្រង់ទឹកផង។ ឯសិលាចារឹកនៅប្រាសាទ​ព្រះខាន់ ក៏បានចែងថា ខ្មែរបានធ្វើបុណ្យក្នុងខែចេត្រដែរ។

ចំពោះពិធីផ្សេងៗក្នុងឱកាសទទួលឆ្នាំថ្មី ខ្មែរយើង​បានរៀបចំតាមប្រពៃណីដូចតទៅនេះ៖

នៅមុនពេលចូលឆ្នាំ គេនាំគ្នាប្រុងប្រៀបរកស្បៀងអាហារសម្អាតផ្ទះសម្បែង កាត់សម្លៀក​បំពាក់ថ្មីៗជាដើម។ ថ្ងៃចូលឆ្នាំមកដល់ គេរៀបពលីការចាំទទួលទេព្តាថ្មី ដែលមានជាអាទិ៖ ទៀន៥, ធូប៥, ផ្កា៥, លាជ៥, បាយសី៥ថ្នាក់មួយគូ, បាយសីបាក្ឆាមមួយគូ, ស្លាធម៌មួយគូ, ស្លាបារី១ពាន, ផ្កា, ផ្លែឈើ។ លុះរណ្ដាប់រៀបរួចស្រេចហើយ គេនាំកូនចៅអង្គុយជុំគ្នានៅជិតកន្លែងរៀបពលីការនោះ ហើយអុជទៀនធូបបន់ស្រន់សុំសេចក្ដីសុខចម្រើនគ្រប់ប្រការពីទេព្ដាថ្មី រួចនាំគ្នាសូត្រមនស្ការថ្វាយ​បង្គំព្រះ ហើយក៏បែកគ្នាទៅ។ ឯពិធី ៣ថ្ងៃ នៃចូលឆ្នាំនោះគឺ៖

ថ្ងៃទី១​. គេយកចង្ហាន់ទីប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង “វាលុក​ចេតិយ” នៅជុំវិញព្រះវិហារ គឺជុំវិញដើមពោធិណាមួយក្នុងវត្តនោះ។ នៅពេលព្រលប់ គេប្រគេន​ភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចម្រើនព្រះបរិត្ត និងសម្ដែងធម្មទេសនា។

ថ្ងៃទី២. កូន ឬ ចៅជូនសម្លៀកបំពាក់នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្ដាយ​ជីដូនជីតាជាដើម។ គេធ្វើទានដល់មនុស្សបម្រើ អ្នកក្រីក្រឯទៀត។ ពេលរសៀលគេនាំគ្នាទៅពួនភ្នំខ្សាច់​ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ ដែលគេសន្មតទុកដូចចូឡាមណីចេតិយ ហើយនិមន្តព្រះសង្ឃ​ប័ង្សុកូលចេតិយ បញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបងប្អូន ដែលបានស្លាប់ទៅហើយ។

ថ្ងៃទី៣. ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាច​និមន្តព្រះសង្ឃស្រង់ទឹកតាមការនិយម​នៃស្រុកខ្លះ “និងស្រង់ព្រះពុទ្ធរូប”។

នៅក្នុងឱកាសចូលឆ្នាំថ្មីនេះ បណ្ដាជននាំគ្នាលេងល្បែងប្រជាប្រិយកម្សាន្តជាច្រើនដូចជា លេង​បោះឈូង បោះអង្គុញ ទាញព្រ័ត្រ មានរបាំត្រុដិ “ច្រើននៅបាត់ដំបង សៀមរាប” ជាដើម។

ចម្លងចេញពីសៀវភៅ អរិយធម៌ខ្មែរ បោះពុម្ពនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា

ធ្វើប្រតិចារឹកដោយ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង ទំនៀមទម្លាប់ប្រពៃណីខ្មែរ។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s