នុយ

“សត្វស្លាប់ដោយសារចំណី”។ នេះជាពាក្យដែលមនុស្សបានដឹង បានឮ និងបានចេះចាំគ្រប់ៗគ្នា។ ប៉ុន្តែមនុស្សច្រើនតែភ្លេចខ្លួន ហើយមិនបានយកវាមកអនុវត្តក្នុងជីវិតរស់នៅជាក់ស្ដែងផង ជាហេតុធ្វើឲ្យមនុស្ស សត្វតែងតែជាប់អន្ទាក់ ដោយសារតែចំណីនេះឯង។

កន្លងទៅប៉ុន្មានថ្ងៃនេះ ខ្ញុំបានឃើញគេហទំព័រពីរបានចុះផ្សាយពីគម្រោងធ្វើរោងចក្រ អគ្គីសនីដើរដោយថាមពលធ្យូងថ្មនៅខេត្តកោះកុង ដើម្បីផលិតអគ្គីសនីលក់ឲ្យថៃ ហើយចំណែកដែលនៅសេសសល់នឹងលក់ឲ្យខ្មែរ។ មើលមួយភ្លែត វាហាក់ដូចជាមានប្រយោជន៍ខ្លាំងណាស់ វាផ្ដល់ចំណូលខ្លាំងណាស់ដល់ជាតិយើង។ ប៉ុន្តែបើសិនជាយើងធ្វើការពិចារណាតែបន្តិច នោះយើងអាចនឹងភ័យខ្លាច ភ័យខ្លាចជាងបានឃើញខ្មោចព្រាយបិសាច ដែលជាជំនឿអរូបីដក់ក្នុងអារម្មណ៍យើងគ្រប់ៗគ្នានោះទៅទៀត។

ថៃជាប្រទេសអ្នកមាន ត្រឹមតែបង្កើតរោងចក្រអគ្គីសនីដើរដោយថាមពលធ្យូងថ្មប៉ុណ្ណេះ មិនមែនគេគ្មានលទ្ធភាពធ្វើដោយខ្លួនគេនោះទេ ហើយបើនិយាយពីគំនិតជាតិនិយមរបស់គេវិញ ក៏ខ្លាំងជាងយើងណាស់ដែរ។ ពីរកត្តានេះ គឺជាមូលដ្ឋាននៃចម្ងល់ ហើយក៏ជាមូលហេតុនៃការពិចារណានេះដែរ។ តើវាចាំបាច់អីបានគេហៅយើងឲ្យចូលហ៊ុនរកស៊ីជាមួយគេ ហើយបែងចែកផលប្រយោជន៍មកឲ្យយើងនោះ? តើគេអាណិតយើងដែលជាប្រទេសក្រីក្រទន់ខ្សោយមួយឬ? ចម្លើយគឺ “ដូចជាមិនមែនដូច្នោះទេ”។

សម្រាប់អ្នកដែលមានការបណ្ដុះបណ្ដាលតិចតួចដូចខ្ញុំ ខ្ញុំមើលឃើញប្រយោជន៍ដ៏ធំសម្បើមមួយចំនួន ដែលយើងនឹងខាតបង់ ទន្ទឹមគ្នានឹងការខាតបង់របស់យើង ថៃក៏ទទួលបានផលចំណេញយ៉ាងមហិមាដែរ។ ខ្ញុំជឿថា អ្នកដែលមានការអប់រំបានខ្ពង់ខ្ពស់ នឹងមើលឃើញពីការខាតបង់របស់ជាតិយើងមានច្រើនជាងនេះឆ្ងាយណាស់។

យើងដឹងហើយ រោងចក្រអគ្គីសនីដែលដើរដោយថាមពលធ្យូងថ្ម វានឹងបញ្ចេញផ្សែងពុលយ៉ាងច្រើនទៅក្នុងបរិយាកាស។ ដូច្នេះ កត្តាដែលប៉ះពាល់ដំបូងបំផុតគឺបរិស្ថាន វានឹងធ្វើឲ្យខ្យល់អាកាសលែងបរិសុទ្ធ ពិបាកដកដង្ហើម ជាមួយគ្នា ក៏បង្កជាភ្លៀងអាស៊ីតផងដែរ។ ពេលនោះ តំបន់ទេសចរណ៍នៅតាមឆ្នេរសមុទ្រខ្មែរនឹងត្រូវបំផ្លាញ ព្រោះកាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ នៅក្រុងព្រះសីហនុ ក៏មានគម្រោងធ្វើរោងចក្រអគ្គីសនីដើរដោយថាមពលធ្យូងថ្មដូចនេះដែរ។ យើងនៅសល់តែខេត្តកែប និងខេត្តកំពត ដែលដូចជាមិនមានសក្តានុពលទាក់ទាញប៉ុន្មាន។ ដូច្នេះ ចំណូលទេសចរណ៍នឹងធ្លាក់ចុះ ដោយទេសចរបរទេសនឹងបង្វែរទៅលេងនៅស្រុកសៀម ស្រុកយួន ដែលមានទេសភាពល្អស្អាតដូចយើង ហើយគេចេះរៀបចំបានប្រណីតជាងយើង។ ជាមួយគ្នា ភ្លៀងអាស៊ីតនឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅលើវិស័យកសិកម្ម វាធ្វើឲ្យខូចប្រព័ន្ធអេកូឡូហ្ស៊ី។ ការចិញ្ចឹមក្ដាម បង្គា មច្ឆាសមុទ្រ និងការដាំដុះនៅខេត្តកោះកុង នឹងរងនូវការប៉ះពាល់ធ្ងន់ជាងគេ និងដំបូងគេ។ ហើយយើងដឹងថា នៅរដូវវស្សា ប្រទេសកម្ពុជាយើងខ្យល់បក់ពីនិរតី ទៅឦសាន ដូច្នេះភ្លៀងអាស៊ីតនឹងស្រោចស្រពលើដីកសិកម្មនៃខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និងកំពង់ធំ ធ្វើឲ្យទិន្នផលស្រូវធ្លាក់ចុះ ហើយទឹកភ្លៀងអាស៊ីតនឹងហូរចុះទៅក្នុងបឹងទន្លេសាប វានឹងធ្វើថយចុះនូវកំណើនត្រីទឹកសាបផងដែរ។ ទន្ទឹមគ្នា ភ្លៀងអាស៊ីតនឹងស្រោចស្រពទៅលើប្រជុំប្រាសាទបុរាណខ្មែរ ធ្វើឲ្យថ្មដែលហាលភ្លៀងខ្យល់នោះនឹងងាយសឹករេចរិល រលំបាក់។

អ្វីៗដែលយើងបាត់បង់ វានឹងកើនការចំណេញទៅប្រទេសជិតខាង យើងនឹងទិញស្រូវ អង្ករ ចំណីត្រីសាច់ របស់របរគ្រប់បែបយ៉ាងពីគេ ហើយទេសចរក៏គេចពីយើងទៅលេងស្រុកគេទៀត វានឹងជាបុព្វហេតុធ្វើឲ្យជាតិយើងរស់ដោយសារដង្ហើមគេ។

ដោយយល់ពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដ៏ធំដល់ជាតិយើងនេះ អ្នកចេះដឹងនឹងមិនបន្តការអភិវឌ្ឍបែបនេះឡើយ។ មានតែត្រីខ្វាក់ភ្នែកទេ ទើបស៊ីនុយដ៏អន់បែបនេះ។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s