ចំណងទុក្ខ

ខណៈការឃោសនារកសំឡេងឆ្នោតកំពុងតែប្រព្រឹត្តទៅ អំពើឃោរឃៅលើប្រជាពលរដ្ឋ ស្លូតត្រង់ទន់ខ្សោយក្នុងជម្លោះដីធ្លី ក៏ដូចជាអ្នកការពារធនធានធម្មជាតិក៏កាន់តែពុះ កញ្ជ្រោល។ ការបង្ក្រាបយ៉ាងព្រៃផ្សៃ ដូចជាបាញ់សម្លាប់ ការបង្ករបួសស្នាមឲ្យពិការមួយជីវិត វាយឲ្យសន្លប់ ការចាប់ឃុំឃាំងបាតុករ គឺជាមធ្យោបាយមួយ ដែលប្រទេសនីតិរដ្ឋដូចកម្ពុជា កំពុងប្រព្រឹត្តចំពោះប្រជាពលរដ្ឋខ្លួនឯង។

ខ្ញុំតែងឮគេនិយាយថា អ្នកនយោបាយត្រូវដឹងខ្លួនជានិច្ចថា គេនឹងប្រឈមមុខនឹងគ្រោះបី យ៉ាង “ស្លាប់, ជាប់គុក និងរត់ចោលស្រុក” ដូច្នេះហើយទើបខ្ញុំតែងតែដាស់តឿនខ្លួនឯងឲ្យ នៅឲ្យឆ្ងាយពីនយោបាយ ព្រោះខ្ញុំស្រឡាញ់ជីវិតខ្ញុំណាស់ ស្រឡាញ់ប្រពន្ធកូន ស្រឡាញ់ សេរីភាព និងជាពិសេសស្រឡាញ់ស្រុកខ្មែរ ដោយខ្ញុំដឹងថា ញាតិខ្ញុំយ៉ាងច្រើនមហិមាកំពុង តែរស់នៅទីនេះ។

ជារឿយៗ ខ្ញុំបង្ខំខ្លួនឯងឲ្យគេចចេញពីប្រភពនៃព័ត៌មាន ព្រោះខ្ញុំដឹងថាវាជាចំណងទុក្ខ។ កាលណាខ្ញុំអាន កាលណាខ្ញុំស្ដាប់ឮពីទុក្ខវេទនារបស់ប្រជាពលរដ្ឋ ចិត្តខ្ញុំក៏រងទុក្ខដូចអ្នក ទាំងនោះដែរ។ ដូច្នេះខ្ញុំមិនអានកាសែត មិនស្ដាប់វិទ្យុឡើយ។ ប៉ុន្តែជាអ្នកនិពន្ធម្នាក់ សម្បជញ្ញៈខ្ញុំដាស់តឿនខ្ញុំជានិច្ចថា “ខ្ញុំត្រូវតែបន្តការសរសេររបស់ខ្ញុំ។ បើខ្ញុំឈប់សរសេរ នោះខ្ញុំនឹងមិនមែនជាអ្នកនិពន្ធទេ”។ ហើយជាអ្នកនិពន្ធ គេមិនអាចសរសេរតាមគំនិត រវើរវាយស្រមើស្រមៃឡើយ ដូច្នេះខ្ញុំត្រូវតែមានព័ត៌មានខ្លះ ដើម្បីការតែងនិពន្ធរបស់ខ្ញុំ។

យូរៗម្ដង ខ្ញុំចូលទៅអានព័ត៌មាននៅលើគេហទំព័រកោះសន្តិភាព, នគរវត្ត និងដើមអំពិល ប៉ុន្តែនៅទីនោះមានតែព័ត៌មានសន្តិសុខសង្គម ចោរលួចឆក់ប្លន់ គ្រោះថ្នាក់ចរាចរណ៍ អំពើ ហិង្សា ការចាប់រំលោភ ការកាប់សម្លាប់ អត្តឃាតកម្ម ជាដើម ដូច្នេះខ្ញុំត្រូវចូលទៅ មើលនៅ គេហទំព័រផ្សេងទៀត ដូចជាភ្នំពេញប៉ុស្តិ៍ វិទ្យុបារាំងអន្តរជាតិ អាស៊ីសេរី វីអូអេខ្មែរ និងខេអាយ មេឌាជាដើម។ នៅទីនោះ មានព័ត៌មានដែលជាកញ្ចក់ឆ្លុះឲ្យឃើញពីជ្រុងម្ខាងទៀតនៃសង្គម ដែលកាសែតក្នុងស្រុកដូចជាមិនសូវហ៊ានផ្សាយ។

ថ្ងៃនេះ នៅលើគេហទំព័រខេអាយមេឌា ខ្ញុំបានឃើញកំណាព្យខ្លីមួយរបស់លោក គង់ ប៊ុនឈឿន។ ខ្ញុំពេញចិត្តខ្លាំងណាស់។ ខ្ញុំអានតែមួយត្រួស ខ្ញុំចាំខ្លឹមសាររបស់កំណាព្យនោះ ហើយខ្ញុំទុកវាជាគ្រឿងដាស់តឿនខ្លួន។ ក្រៅពីកំណាព្យលោកគង់ ប៊ុនឈឿន នៅលើ គេហទំព័រនោះខ្ញុំបានឃើញពីការបង្ក្រាបបាតុករនៅបឹងកក់ ដែលខំការពារដីធ្លីលំនៅដ្ឋាន របស់ខ្លួន ពីឈ្មួញមានលុយ មានអំណាច ដែលរឹមអូសដីទាំងនោះដើម្បីយកទៅធ្វើអាជីវកម្ម ចំណេញលុយវាល់លានដុល្លារ ក្រោមរូបភាពអភិវឌ្ឍន៍។

ខ្ញុំមិនដឹងថា ក្នុងការឃោសនារកសំឡេងឆ្នោតដែលកំពុងតែប្រព្រឹត្តទៅនេះ មានគណបក្ស នយោបាយណាមួយនិយាយពីការដោះស្រាយទំនាស់ដីធ្លីឲ្យបានសមរម្យជូនប្រជាពលរដ្ឋដែរឬទេ។ ខ្ញុំមិនដឹងថា ពលរដ្ឋខ្មែរចេះទាញប្រយោជន៍ពីការបោះឆ្នោតនេះដែរឬទេ ជាពិសេស ប្រយោជន៍ខ្លួនឯង ក្រុមគ្រួសារ និងប្រយោជន៍យូរអង្វេងនៃជាតិ។

ឱថ្ងៃនេះខ្ញុំពិតជារងទុក្ខខ្លាំងណាស់! គឺចំណងទុក្ខដែលខ្ញុំបង្កបង្កើតដោយខ្លួនឯង ចំណងទុក្ខដែលខ្ញុំចង់រក្សាខ្លួនឲ្យនៅជាអ្នកនិពន្ធ។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s