គំនិតអ្នកមាន

ដោយភព្វសំណាង ឬដោយចៃដន្យ ខ្ញុំបានជូនភរិយាខ្ញុំទៅមន្ទីរព្យាបាលឯកជនមួយ។ នៅទីនោះ ខ្ញុំបានឮអ្នកគ្រូពេទ្យផ្ដល់ឱវាទដ៏ល្អដល់អ្នកជំងឺរបស់គាត់ ដែលហាក់ដូចជាមាន ភាពទ្រុឌទ្រោមផ្នែកបញ្ញាស្មារតី។ គាត់ថា “មនុស្សដូចគ្នា តែហេតុអីបានជាមានអ្នកមាន និង អ្នកក្រ? អ្នកមាន និងអ្នកក្រ ខុសគ្នាតែត្រង់មានគំនិត និងអត់គំនិតប៉ុណ្ណោះ។ អ្នកមាន មិន ងាយចាញ់បោកគេទេ។ បើយើងដឹងថាខ្លួនយើងក្រ យើងត្រូវប្រឹងធ្វើម៉េចឲ្យមានគំនិតដូច អ្នកមានដែរ។ មធ្យោបាយមាន គឺត្រូវស្ដាប់វិទ្យុយ៉ាងទៀងទាត់ពីរទៅបីម៉ោងជារៀងរាល់ថ្ងៃ។ ហើយថាតើត្រូវស្ដាប់វិទ្យុណា? គឺស្ដាប់វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ព្រោះ មានព័ត៌មានច្បាស់លាស់ ទាន់ហេតុការណ៍ ឥតលម្អៀង”។

ឱ! ដំបូន្មានរបស់អ្នកគ្រូពេទ្យពិតជាពីរោះ មានខ្លឹមសារល្អណាស់ ត្រជាក់ជាងទឹកអម្រិត មែន។ គាត់មិនមែនប្រៀនប្រដៅតែអ្នកជំងឺខ្សោយស្មារតីរបស់គាត់ទេ ប៉ុន្តែដោយប្រយោល ខ្ញុំក៏ទទួលយកដំបូន្មាននោះដែរ ព្រោះវាល្អប្រាកដមែន។

ខ្ញុំបានបោះបង់ចោលការអានកាសែត ការស្ដាប់វិទ្យុ ដោយចង់ស្វែងរកសេចក្ដីស្ងប់ខាង ផ្លូវចិត្ត ព្រោះក្នុងកាសែត ក្នុងវិទ្យុនោះគ្មានអ្វីក្រៅពីទុក្ខវេទនារបស់រាស្ត្រ ឬសេចក្ដីសប្បាយ ហ៊ឺហានៃអ្នកមានលុយ មានអំណាច ដែលសង្កត់សង្កិនលើអ្នកទន់ខ្សោយឡើយ។

ដោយដំបូន្មានហាក់នៅថ្មីៗ នៅលើឡានក្រុង ខ្ញុំបានបើកវិទ្យុស្ដាប់ឡើងវិញ។ ប៉ុន្តែ ក្ដីទុក្ខ ក្ដីវេទនាដែលខ្ញុំបានស្ដាប់ឮនៅពេលនេះ ធ្ងន់ និងធំធេងជាកាលមុនទៅទៀត។ ក្មេងៗស្រែកទួញទ្រហោយំរកយុត្តិធម៌ សុំអង្វរឲ្យមានការដោះលែងអ្នកម្ដាយរបស់ពួកគេ ដែលត្រូវបានតុលាការកាត់ឲ្យជាប់ទោសម្នាក់ៗជាងពីរឆ្នាំ ដោយសារតែពួកគេខំការពារ ទីលំនៅរបស់ពួកគេ។

ឱ! នេះគឺទុក្ខទៀតហើយ។ ដោយធ្លាប់ជាក្មេងកំព្រាម្នាក់ ការស្រែកអំពាវនាវរកការ ដោះលែងម្ដាយរបស់ខ្លួន ពិតជាអង្រួនបេះដូងខ្ញុំខ្លាំងណាស់។ ក្ដីទុក្ខ ក្ដីវេទនាកើតឡើង ដដែលៗគ្មានឈប់ឈរ ខុសគ្នាតែអ្នកបង្កើត និងអ្នកទទួលតែប៉ុណ្ណោះ។ ពាក្យពេចន៍ដែ លខ្ញុំបានចេះដឹងពីរឿងសាមកុក “កង់ត្រាច កង់ធ្នង់…” មានន័យអស្ចារ្យណាស់ វាវិលត្រូវ គ្រប់គ្នា។ ថ្ងៃនេះអ្នកឯងបង្កើតទុក្ខឲ្យគេ ថ្ងៃក្រោយវានឹងវិលមកសងវិញ ដូចករណីគួនអ៊ូ សម្លាប់មនុស្សជាច្រើននៅក្នុងសង្គ្រាម រួមទាំងប៊ុនធីវ និងង៉ាន់លៀង ដែលជាមេទ័ព ល្បីល្បាញរបស់អ៊ួនសៀវ ហើយចុងក្រោយត្រូវលីបងកាត់ក្បាលវិញដូច្នោះដែរ។

អរគុណដំបូន្មានដ៏ល្អរបស់អ្នកគ្រូពេទ្យ។ ថ្វីបើការអានកាសែត ការស្ដាប់វិទ្យុអាចនឹង មានទុក្ខ ប៉ុន្តែវាក៏ជាជំនួយដល់ការពិចារណាផងដែរ។ សង្ឃឹមថា ពលរដ្ឋខ្មែរនឹងចេញផុត ពីភាពល្ងង់ខ្លៅ ក្រីក្រ តាមរយៈដំបូន្មានដ៏ល្អរបស់អ្នកគ្រូពេទ្យ ដែលផ្ដល់មកខ្ញុំជាប្រយោល នេះ។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

1 Response to គំនិតអ្នកមាន

  1. តាមខ្ញុំដឹង ប៊ុនធីវ និងង៉ាន់លៀង ដែលជាមេទ័ព ល្បីល្បាញរបស់អ៊ួនសៀវ ដូចជា​ស្លាប់ក្រោម​ថ្វៃដៃ គូនអ៊ូ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s