បុណ្យផ្កាសាលា

គេធ្វើបុណ្យ ដើម្បីជម្រះចិត្ត ឲ្យបានល្អ បរិសុទ្ធ បានកុសល និងសេចក្ដីសុខ។ អ្នកចូលបុណ្យ ក៏ចូល​ដោយ​សទ្ធាជ្រះថ្លា ដោយគ្មានការបង្ខិតបង្ខំ។ ទាំងអ្នកធ្វើបុណ្យ ទាំងអ្នកចូលបុណ្យ សុទ្ធតែដើម្បីលះបង់ភាពអញនិយម អាត្មានិយម ចែករំលែកសេចក្ដីសុខ សេចក្ដីសប្បាយដល់សព្វសត្វនិករទាំងឡាយ។ ប៉ុន្តែចម្លែកម្ល៉េះទេ ចំពោះបុណ្យផ្កានៅសាលាបឋមសិក្សា​ឫស្សីកែវ។

ព្រឹកមិញ ពេលកំពុងញ៉ាំអាហារពេលព្រឹកមុនចេញទៅរៀនដូចសព្វដង កូនស្រីខ្ញុំបានសុំលុយម្ដាយនាងដើម្បី​យក​ទៅចូលបុណ្យផ្កានៅសាលារៀន។

កូនស្រី៖          ម៉ាក់កូនសុំលុយយកទៅចូលបុណ្យផ្កាសាលា។

ម្ដាយ៖ ប៉ុន្មាន?

កូនស្រី៖ គ្រូថា ប្រាំពាន់រៀលមានឈ្មោះលើក្ដារខៀន បើមួយម៉ឺន បានប័ណ្ណសរសើរ។

ម្ដាយ៖ ចូលមួយពាន់រៀលទៅ! មិនចាំបាច់ចង់បានឈ្មោះលើក្ដារខៀន ឬបានប័ណ្ណសរសើរអីទេ។

កូនស្រី​៖ តែគ្រូប្រាប់ថា តិចបំផុតប្រាំពាន់រៀល។

ម្ដាយ៖ គេចូលបុណ្យតាមសទ្ធា មិនដែលអ្នកណាធ្វើបុណ្យ ហើយកម្រិតចំនួនឲ្យគេចូលតាមដែលខ្លួន​ចង់​បាននោះ​ទេ។ អ្នកមានជីវភាពខ្សត់ខ្សោយច្រើនណាស់កូន។ អ្នកខ្លះឪពុកម្ដាយជាកម្មកររោងចក្រ ជាអ្នករត់ម៉ូតូឌុប ជាកម្មករសំណង់ ជាអ្នកលក់បន្ថែត្រីសាច់តិចតួចក្នុងផ្សារ តើគ្នាមានលុយប្រាំពាន់ឯណាឲ្យកូនទៅចូលបុណ្យតាម​គ្រូចង់បាននោះ។

កូនស្រីខ្ញុំគ្មានពាក្យឆ្លើយតបជាមួយម្ដាយនាងទេ។ ខ្ញុំឃើញនាងយកដៃជូតភ្នែក ហើយភ្នែកនាងក្រហម។

តាមផ្លូវមកធ្វើការ ខ្ញុំចេះតែគិតពីការសន្ទនារវាងម្ដាយ និងកូននោះ។ ខ្ញុំនឹកឃើញដល់សម្ដីកូនស្រីខ្ញុំដែលប្រាប់កាលពីដើមខែនេះថា មិត្តភក្តិស្រីៗរៀនថ្នាក់ទី៥ជាមួយនាងពីរនាក់បានឈប់រៀន។ ម្នាក់​ឈប់រៀនដោយរៀនមិនចេះ ហើយម្នាក់ទៀតរៀនចេះ តែឪពុកម្ដាយគ្មានលទ្ធភាពបញ្ជូនកូនទៅរៀន។ ការធ្វើបុណ្យ​ដោយ​បង្ខិតបង្ខំបែបនេះ ក៏អាចជាមូលហេតុមួយដែរ។ ជាមួយគ្នា ខ្ញុំក៏គិតឃើញដែរថា ប្រហែលជា​សាលា​ត្រូវការលុយដើម្បីយកទៅអភិវឌ្ឍផ្នែកខ្លះនៃសាលា ដូចជាធ្វើបង្គន់ ឬក្រាលការូឡា ដើម្បីឲ្យមានធ្លាស្អាត​សម្រាប់ក្មេងលេង ឬក៏ចាក់ដីលុបស្រះដែលជាជម្រកមូសជាដើម។ ប៉ុន្តែបើដូច្នោះមែន សាលាមិនគួរប្រើពាក្យ​ថា “បុណ្យផ្កា” នោះទេ។ គួរបញ្ជាក់បំណងឲ្យច្បាស់លាស់ថា អង្គាសលុយដើម្បីធ្វើនេះ ធ្វើនោះវិញ ប្រសើរ​ជាង។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s