មកដល់ពេលនេះ បុគ្គលិកជាតិនៃតុលាការខ្មែរក្រហមមិនបានទទួលប្រាក់ប្រចាំខែរបស់ខ្លួនចំនួនបីខែមកហើយ ហើយកំពុងតែឈានចូលដល់ខែទី៤ផងដែរ។ ការយឺតយ៉ាវក្នុងការផ្ដល់ប្រាក់ខែដល់បុគ្គលិកជាតិនេះ ត្រូវបានសារព័ត៌មានមួយចំនួនប៉ាន់ប្រមាណថា ដោយសារប្រទេសម្ចាស់ជំនួយ ដែលតែងតែផ្ដល់ជំនួយដល់តុលាការជាទៀងទាត់នោះ បានផ្អាកការផ្ដល់ជំនួយ ព្រោះគេទាមទារឲ្យរដ្ឋាភិបាលខ្មែរ ក៏ដូចជាភាគីជាតិនៃតុលាការនេះបំពេញតាមលក្ខខណ្ឌរបស់គេ។
ការយឺតយ៉ាវក្នុងការផ្ដល់ប្រាក់ខែដល់បុគ្គលិកនេះ បណ្ដាលឲ្យអ្នកបកប្រែពីអង្គភាពបកប្រែភាសា ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់មួយសម្រាប់តុលាការកូនកាត់ ប្រើប្រាស់បីភាសាខ្មែរ អង់គ្លេស បារាំងមួយនេះធ្វើពហិការមិនចូលបំពេញការងារ ដោយដាក់លក្ខខណ្ឌថា “លុះណាតែគេបានទទួលប្រាក់ខែសម្រាប់ខែធ្នូ ឆ្នាំ២០១២ និងកិច្ចសន្យាការងារសម្រាប់ឆ្នាំ២០១៣ ទើបពួកគេចូលបំពេញការងារវិញ”។
តើការយឺតយ៉ាវក្នុងការបើកប្រាក់ខែដល់បុគ្គលិក បង្កជាព្យសនកម្មយ៉ាងណា?
បុគ្គលិកជាតិជិត៣០០នាក់នៃតុលាការកូនកាត់មួយនេះ គឺជាជនរងគ្រោះដោយផ្ទាល់ ដំបូងគេនៅក្នុងរឿងនេះ។ ពួកគេខំបំពេញភារកិច្ចការងារតាមតួនាទីរៀងៗខ្លួន ដោយសង្ឃឹមថានឹងទទួលបានប្រាក់ខែរបស់ពួកគេជារៀងរាល់ខែតាមកិច្ចសន្យាការងារ។ ការយឺតយ៉ាវក្នុងការផ្ដល់ប្រាក់ខែដល់បុគ្គលិកនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមួយទៅលើសិទ្ធិរបស់កម្មករ និយោជិត ឬអាចនិយាយបានថាជាការរំលោភសិទ្ធិមនុស្សផងដែរ។ ផ្ទុយពីឆន្ទៈរបស់តុលាការ ដែលថាស្វែងរកយុត្តិធម៌ឲ្យជនរងគ្រោះនៃរបបខ្មែរក្រហម ប៉ុន្តែនៅតាមផ្លូវទៅរកយុត្តិធម៌នោះ តុលាការនេះបែរជាសាងនូវភាពអយុត្តិធម៌សម្រាប់បុគ្គលិកជាតិដែលកំពុងបម្រើការងារនៅទីនេះទៅវិញ។
ដើមបណ្ដឹងរដ្ឋប្បវេណី ដែលជាជនរងគ្រោះដោយផ្ទាល់ពីរបបខ្មែរក្រហម កំពុងតែដាក់ពាក្យទាមទាររកយុត្តិធម៌ និងសំណង ប៉ុន្តែការទន្ទឹងរង់ចាំយុត្តិធម៌ និងសំណងរបស់ពួកគាត់កាន់តែអូសបន្លាយទៅ ដោយសារតែការធ្វើពហិការរបស់អ្នកបកប្រែដែលមិនបានបើកប្រាក់ខែរបស់ពួកគេ។ ជនរងគ្រោះដែលជាដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់នោះ គឺជាជនរងគ្រោះពីរដង៖ ទី១ គឺរងគ្រោះដោយផ្ទាល់ពីរបបខ្មែរក្រហម ហើយទី២ គឺរងគ្រោះដោយសារការពន្យារពេលសវនាការ ដែលពួកគាត់ទន្ទឹងរង់ចាំយុត្តិធម៌យ៉ាងអន្ទះសារ ហើយមានអ្នកខ្លះបានស្លាប់ដោយសារជំងឺរ៉ាំរ៉ៃ ឬដោយសារវ័យជរា នៅតែមិនបានឃើញយុត្តិធម៌នោះដដែល។
ជនរងគ្រោះទី៣ នៃការពន្យារពេលសវនាការនេះគឺជនជាប់ចោទ ដែលមានសិទ្ធិត្រូវទទួលបាននូវការជំនុំជម្រះក្ដីដោយឆាប់រហ័ស។ មកដល់ពេលនេះពួកគាត់ម្នាក់ៗបានជាប់នៅក្នុងមន្ទីរឃុំឃាំងនៃ អ.វ.ត.ក ជាង៦ឆ្នាំមកហើយ ហើយការពន្យារពេលសវនាការ អាចនឹងធ្វើឲ្យពួកគាត់បន្តជាប់ឃុំឃាំងនៅទីនេះជាច្រើនឆ្នាំទៅមុខទៀត។ បើតាមវ័យចាស់ជរារបស់ពួកគាត់ និងជំងឺដែលចេះតែយាយី បៀតបៀនជារៀងរាល់ថ្ងៃ ពួកគាត់អាចស្លាប់មុនពេលបញ្ចប់ការជម្រះសេចក្ដីរបស់គាត់។
តើនរណាជាអ្នកទទួលខុសត្រូវក្នុងរឿងនេះ?
តាមមាត្រា១៥នៃកិច្ចព្រមព្រៀងបង្កើតតុលាការនេះ គឺរាជរដ្ឋាភិបាលកម្ពុជាជាអ្នកទទួលខុសត្រូវទាំងស្រុងលើបញ្ហានេះ។ ប៉ុន្តែមិនមែនបានន័យថា ភាគីអង្គការសហប្រជាជាតិមិនមានចំណែកក្នុងការទទួលខុសត្រូវនោះទេ។ អង្គការសហប្រជាជាតិបានព្រមព្រៀងអនុម័តលើថវិកា និងកៀងគររកជំនួយជួយគាំទ្រភាគីជាតិជារៀងរាល់ឆ្នាំមកហើយ បើសិនជាភាគីអង្គការសហប្រជាជាតិ ឬម្ចាស់ជំនួយលែងគាំទ្រភាគីជាតិទៀតហើយ គួរតែជូនដំណឹងដល់ភាគីជាតិឲ្យបានដឹងជាមុន មិនត្រូវទុករហូតទឹកដល់ច្រមុះបែបនេះទេ។ ដូច្នេះ អង្គការសហប្រជាជាតិ និងប្រទេសធ្លាប់ផ្ដល់ជំនួយក៏ជាអ្នកទទួលខុសត្រូវក្នុងរឿងនេះដែរ។
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា