បូស

បូសជាជំងឺហើមសាច់ មានខ្ទុះ កាលណាវាកើតលើរូបកាយយើង វាធ្វើឲ្យឈឺពើតផ្សា។ គេស្គាល់បូសជាច្រើន​ប្រភេទ ដូចជាបូសទ្រនិច បូសក្រពើ បូសធំ បូសផ្កាប់មុខ ជាដើម។ ពេលខ្លះវាមិនត្រឹមតែកើតនៅលើសរីរាង្គ​ខាង​ក្រៅនោះទេ គឺកើតនៅខាងក្នុងផងដែរ ដូចជាបូសថ្លើមជាដើម។ កាលណាជំងឺនេះដល់អាយុហើយ គេត្រូវ​តែញេចបំបែកយកគ្រាប់ និងខ្ទុះឈាមចេញ ដើម្បីព្យាបាល។ បើគេមិនហ៊ានធ្វើ ដោយខ្លាចឈឺចាប់ នោះជំងឺ​នេះ​​មិនងាយជាសះឡើយ ផ្ទុយទៅវិញ វានឹងកើតឡើងជាថ្មី ធ្វើឲ្យការឈឺចាប់អូសបន្លាយរយៈពេលយូរថែម​ទៀត។ ចំណែកឯបូសថ្លើម ជាជំងឺដែលត្រូវធ្វើការវះកាត់ប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត។ បើគេមិន​ធ្វើការវះកាត់ព្យាបាលឲ្យទាន់ពេលវេលាទេ អ្នកជំងឺនឹងចៀសមិនរួចពីសេចក្ដីស្លាប់ឡើយ។ ប៉ុន្តែបើគេ​ព្រម​ទទួល​ការវះកាត់ ដើម្បីព្យាបាល នោះអ្នកជំងឺអាចនៅមានសង្ឃឹមរស់៥០% ឬអាចមានសង្ឃឹមច្រើនជាងនេះ​ផង ដោយសារបច្ចេកវិជ្ជាពេទ្យមានការរីកចម្រើន។

បើមើលមកនយោបាយខ្មែរនាពេលបច្ចុប្បន្ននេះវិញ វាមិនខុសពីជំងឺបូសនោះទេ។ ពេលវេលាដែលត្រូវធ្វើការ​សម្រេចចិត្តបានមកដល់ហើយ។ នៅក្នុងសៀវភៅ “សម្ដេច” របស់អ្នកនិពន្ធដ៏ល្បីល្បាញនីកូឡូ ម៉ាកាវែល្លី មាន​និយាយពីលក្ខណៈពិសេសពីរយ៉ាងរបស់មនុស្ស គឺលក្ខណៈមនុស្សឆេវឆាវ និងលក្ខណៈមនុស្ស​ប្រយ័ត្ន​ប្រយែង ហើយលក្ខណៈទាំងពីរនេះសុទ្ធតែមានចំណុចវិជ្ជមាន និងចំណុចអវិជ្ជមានរបស់វា។ ប៉ុន្តែតាមការសន្និដ្ឋានរបស់​លោក អ្វីៗវាអាស្រ័យលើឱកាស កាលៈទេលៈ និងពេលវេលា។ នៅក្នុងរឿងសាមកុក លោកសេនាប្រមុខ​ខុង បេង ជាមនុស្សប្រយ័ត្នប្រយែង លើកទ័ពចេញច្បាំងតែងគិតវែងឆ្ងាយ គិតទាំងការវ៉ៃលុក គិតទាំងការត្រៀម​ច្រក​ដើម្បីដកថយ ចំណែកឯមេទ័ពអ៊ុយ អៀន ជាមនុស្សឆេវឆាវ។ ពេលដែលទ័ពខុង បេង វាយឈ្នះសមរភូមិ​ជាច្រើនបន្តបន្ទាប់គ្នា ឃើញថាទ័ពចូ ឆូ បាក់ទប់លែងឈ្នះហើយ អ៊ុយ អៀន បានស្នើសុំខុង បេង លើកទ័ព​វាយ​សម្រុកចូលឲ្យដល់រាជធានីតែម្ដង។ ប៉ុន្តែដោយខុង បេង ជាមនុស្សប្រយ័ត្នប្រយែង គាត់បានពន្យារពេលដើម្បី​ស៊ើបមើលស្ថានការណ៍ ព្រោះក្រែងជាល្បិចធ្វើចាញ់របស់សត្រូវ ជាហេតុធ្វើឲ្យចូ ឆូ មានឱកាសគ្រប់គ្រង​ស្ថានការណ៍បានវិញ។ នៅក្នុងរឿងសាមកុកដដែល ពេលដែលឡៅ ពី លើកទ័ពវ៉ៃស៊ុន គួន ដើម្បីសងសឹកឲ្យ​តៀវ ហ៊ុយ និងគួន អ៊ូ មេទ័ពរបស់ស៊ុន គួន បានធ្វើជាចាញ់ឡៅ ពី ខូចបន្ទាយអស់៤០សិប ដើម្បីពន្យារពេល​ឲ្យដល់រដូវក្ដៅផង និងបញ្ឆោតឲ្យឡៅ ពី មានអំនួតកាន់តែខ្លាំងផង។ ចុងក្រោយ ឡៅ ពី ដែលជាមនុស្ស​ឆេវ​ឆាវ​បានចាញ់នៅក្នុងចម្បាំងនេះ។

ទោះយ៉ាងណា រឿងរ៉ាវក្នុងប្រវត្តិសាស្ត្រនេះ គ្រាន់តែជាមេរៀនឲ្យយើងធ្វើការពិចារណា ដើម្បីសម្រេចចិត្ត​តែ​ប៉ុណ្ណោះ។ អ្វីដែលយើងកំពុងប្រឈមមុខនៅពេលនេះ គឺបូសទុំជោរ ដល់ពេលដែលវាត្រូវធ្លាយហើយ។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s