ល្ងាចមិញ ក្រោយពីធ្វើការងារអស់កម្លាំង ខ្ញុំបានទៅអង្គុយញ៉ាំអាហារនៅភោជនីយដ្ឋាន រីវើ (river) តាមមាត់ស្ទឹងសង្កែ ជិតគល់ស្ពានតោថ្ម ខាងលិចស្ទឹង មុខសាលាខេត្តបាត់ដំបង បានស្ដាប់ឮអ្នកអង្គុយតុជិតខ្ញុំ ជជែកគ្នាជាមួយជនបរទេស ពីរឿងកំពូលឧកញ៉ារបស់គណបក្សប្រជាជនម្នាក់ ដែលល្បីឈ្មោះនៅខាងខេត្តកោះកុង អំពីរបៀបរកស៊ីមិនសុចរិតរបស់គាត់។
សូមទោស សូមលោកកុំភ័យអី វាមិនមែនរឿងនាំទំនិញចូលអត់បង់ពន្ធ ឬជំនួញកញ្ឆា អាភៀនទេ គឺគ្រាន់តែការប្រកួតប្រជែងមិនស្មោះត្រង់ប៉ុណ្ណោះ។ អ្នកនិយាយនោះថា គេមានសាច់ញាតិរកស៊ីបើកផ្ទះសំណាក់នៅខេត្តកោះកុង ហើយលោកឧកញ៉ានោះមានកាស៊ីណូ និងសណ្ឋាគារនៅទីនោះដែរ ឲ្យតែរដូវបុណ្យទានមានភ្ញៀវទៅលេងច្រើន លោកឧកញ៉ាបញ្ជាឲ្យអ្នកកាន់ទឹកភ្លើង ផ្ដាច់ទឹក ផ្ដាច់ភ្លើង ដើម្បីឲ្យអ្នកភ្ញៀវវេចបង្វិចរត់ទៅស្នាក់នៅសណ្ឋាគាររបស់លោកឧកញ៉ា។ ជនបរទេសដែលអង្គុយស្ដាប់នោះគ្រវីក្បាល ហើយលើំកដៃស្ដាំឡើងអូសកាត់បំពង់ក ដែលខ្ញុំគិតយល់ន័យថា “សមតែដាច់ក្បាល”។
បើដូចអ្វីដែលអ្នកអង្គុយតុជិតខ្ញុំនោះនិយាយមែន នោះវាមិនមែនជាការប្រកួតប្រជែងដោយសុចរិតទេ។ លោកនាយករដ្ឋមន្ត្រីខ្មែរដែលទើបតែជាប់ឆ្នោតថ្មី ដែលបក្សប្រឆាំងចោទប្រកាន់ថា ជានាយករដ្ឋមន្ត្រីមិនគ្រប់ទឹកនោះ ទើបតែបានធ្វើសេចក្ដីថ្លែងការណ៍យ៉ាងពីរោះ អំពីការឆ្លុះកញ្ចក់ ងូតទឹកសម្អាតខ្លួន ដុសក្អែល និងព្យាបាលជំងឺ បើបានដឹងរឿងនេះហើយ តើនឹងបិទមាត់ បិទភ្នែក បិទត្រចៀក ដូចរូបត្លុកស្វាទាំងបីក្បាលដែលគេតែងឃើញនៅលើហ្វេសប៊ុកនោះ ឬក៏នឹងចាត់ការស៊ើបអង្កេតរកការពិត?
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា