តាមរកឪពុក

កាលពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៣ នេះ ខ្ញុំបានធ្វើដំណើរពីខេត្តពោធិ៍សាត់ កាត់តាមស្រុកភ្នំក្រវ៉ាញ ទៅស្រុកវាលវែង ដើម្បីតាមរកឪពុកដែលបែកគ្នាតាំងពីរបបខ្មែរក្រហម។ តាំងពីបែកគ្នាមក ខ្ញុំមានកូនសង្ឃឹមមួយថា ឪពុកខ្ញុំមិនទាន់ស្លាប់ទេ។ ម្ដាយខ្ញុំបានរក្សារូបថតឪពុកខ្ញុំបីបួនសន្លឹកដែរ បើគ្មានរូបថតនោះទេ ខ្ញុំពិតជាភ្លេចមុខគាត់បាត់ទៅហើយ ព្រោះពេលដែលគាត់ឃ្លាតទៅ ខ្ញុំទើបតែមានអាយុបួនប្រាំឆ្នាំប៉ុណ្ណោះ។
កាលពីក្មេង ប្រហែលដោយសារការនឹករឭកដល់ឪពុកខ្ញុំពេក ខ្ញុំឧស្សាហ៍មើលរូបថតរបស់គាត់ ជាហេតុធ្វើឲ្យខ្ញុំយល់សប្តិឃើញគាត់ជារឿយៗ រហូតដល់ពេលមួយ ម្ដាយខ្ញុំនិយាយថា បានយល់សប្តិឃើញឪពុកខ្ញុំស្លៀកពាក់ខោអាវស្អាតៗ ផ្លាស់ប្ដូរជាច្រើនដង។ គាត់និយាយថា ប្រហែលឪពុកខ្ញុំស្លាប់ ហើយទៅចាប់ជាតិថ្មីបាត់ទៅហើយ។ តាំងពីពេលនោះមក ខ្ញុំក៏លែងបានយល់សប្ដិឃើញឪពុកខ្ញុំទៀតដែរ។
ក្រោយពេលខ្ញុំរៀបការនៅឆ្នាំ១៩៩៩ ប្រពន្ធខ្ញុំប្រាប់ខ្ញុំថា បានយល់សប្ដិឃើញបុរសម្នាក់អាយុជិតសាមសិបឆ្នាំ សម្បុរស្រអែម សក់ស្លូត រាងស្ដើង កម្ពស់ប្រហែលមួយម៉ែត្រហុកប្លាយ ពាក់អាវខ្មៅដៃវែង និងខោខ្មៅជើងវែង មានបង់កក្រមាក្រហម និងពាក់ស្បែកជើងកង់ឡាន ចូលមកលេងក្នុងផ្ទះយើងដោយមិននិយាយអ្វីមួយមាត់។ នាងបានសុំរូបថតឪពុកខ្ញុំមើល ហើយថា បុរសក្នុងយល់សប្តិរបស់នាង គឺឪពុករបស់ខ្ញុំ។
នៅប្រហែលជាឆ្នាំ២០០៦ មុនពេលយើងមានកូនស្រីទីបី ប្រពន្ធខ្ញុំបានយល់សប្តិឃើញឪពុកខ្ញុំម្ដងទៀត ដោយលើកនេះបានទាំងនិយាយឆ្លងឆ្លើយគ្នាផង។ ក្នុងយល់សប្ដិនោះ នាងបានសួរគាត់ថា ប៉ានៅរស់ ម៉េចក៏មិនត្រឡប់មករកកូនប្រពន្ធវិញ? គាត់ឆ្លើយថា គាត់ជាប់ដៃតស៊ូនៅក្នុងព្រៃជាមួយពួកខ្មែរក្រហម មិនអាចចូលមកក្នុងស្រុកតាមរកកូនប្រពន្ធបានទេ។ នាងសួរថា ចុះឥឡូវចប់សង្គ្រាមហើយ ម៉េចក៏ប៉ាមិនមករកភូមិកំណើត? គាត់ឆ្លើយថា អត់មានលុយធ្វើដំណើរដោយគាត់នៅក្នុងព្រៃ ចន្លោះពីខេត្តព្រះវិហារ ទៅស្រុកអន្លង់វែង។  និយាយដល់ត្រឹមនេះ នាងជំរុញឲ្យខ្ញុំតាមរកឪពុកខ្ញុំ ដោយជឿថា គាត់នៅរស់។ ប៉ុន្តែខ្ញុំមិនជឿទេ បើឪពុកខ្ញុំពិតជានៅរស់មែន គាត់ពិតជាតាមរកប្រពន្ធកូន និងវិលមកស្រុកកំណើតវិញមិនខាន ព្រោះគាត់ស្រឡាញ់ខ្ញុំណាស់ រាល់ល្ងាចគាត់តែងអ៊ាវខ្ញុំដាក់លើ-ក ដើរត្រឡប់ពីរោងបាយសហករណ៍នៅភូមិរការកណ្ដាល ក្នុងខេត្តក្រចេះ ត្រឡប់ទៅផ្ទះនៅចុងភូមិ ដែលសម្បូរទៅដោយដើមចេកនៅក្រោយផ្ទះ។
មុនពេលប្រពន្ធខ្ញុំមានគភ៌កូនទីបួន នាងបានយល់សប្ដិឃើញឪពុកខ្ញុំម្ដងទៀត។ ម្ដងនេះ នាងបានយល់សប្ដិឃើញគាត់មកសុំរស់នៅជាមួយ ប៉ុន្តែគាត់ដូចជាស្អប់ខ្ញុំមិនចង់មើលមុខ ឬនិយាយរកខ្ញុំទេ។ ក្រោយពេលនាងយល់សប្ដិនោះប្រហែលជាងដប់ថ្ងៃ នាងដឹងថាបាត់រដូវ។ យើងគិតថា នាងមានផ្ទៃពោះ ហើយយើងទាំងអស់គ្នាសប្បាយចិត្ត។ ក្រោយពីពិនិត្យទឹកនោមហើយ យើងដឹងថា នាងមានផ្ទៃពោះមែន។ យើងបានរង់ចាំរហូតដល់ទារកមានអាយុបីខែ ដើម្បីទៅពិនិត្យអេកូ។ ការសន្និដ្ឋានដំបូងថា ទារកក្នុងផ្ទៃជាកូនស្រី។ មិនអស់ចិត្ត នៅខែទីបួន យើងបានទៅពិនិត្យអេកូម្ដងទៀត ពេទ្យនៅតែសន្និដ្ឋានថា ជាកូនស្រី។ នៅខែទីប្រាំ យើងបានទៅពិនិត្យអេកូដល់ទៅពីរកន្លែង ពេទ្យទាំងពីរសុទ្ធតែថាជាកូនស្រី។
ឥឡូវ កូនស្រីទីបួនរបស់ខ្ញុំមានអាយុជាងប្រាំបួនខែហើយ។ ប្រហែលកន្លះខែមុន ខ្ញុំបានទទួលដំណឹងយ៉ាងច្បាស់ពីពូជីដូនមួយដែលទៅធ្វើជាកម្មករកាប់ឈើឲ្យឧកញ៉ាកូនក្មួយអ្នកធំម្នាក់ នៅម្ដុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ថា ឪពុកខ្ញុំនៅរស់យ៉ាងទុរគត នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បានទទួលដំណឹងយ៉ាងច្បាស់នេះ ខ្ញុំក៏សម្រេចចិត្តធ្វើដំណើរតាមទៅរកឪពុក។ ក្នុងចម្ងាយផ្លូវ១៥០ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ទៅស្រុកវាលវែង ផ្លូវល្អក្រាលកៅស៊ូមានចម្ងាយតែប្រហែល៣០ គីឡូម៉ែត្រប៉ុណ្ណោះ គឺពីទីរួមខេត្តទៅស្រុកភ្នំក្រវ៉ាញ ក្រៅពីនោះជាផ្លូវក្រាលគ្រួសក្រហម រលាក់ផង រអិលផង ហើយតាមផ្លូវមានឡានជាប់ផុងជាច្រើនកន្លែង។
ក្រោយពីធ្វើដំណើរបានប្រហែល៧០ ទៅ៨០ គីឡូម៉ែត្រ ខ្ញុំបានឃើញឡានកង់ដប់មួយគ្រឿងមានពណ៌ត្រេអ៊ី ដាក់អក្សរថា កងដឹកជញ្ជូន ហ៊ុន ជា ឈប់នៅមុខទីស្នាក់មួយ ដែលមានមនុស្សប្រុសបួនប្រាំនាក់ស្លៀកពាក់ឯកសណ្ឋានរបៀបជាក្រុមការពារព្រៃឈើ ឬអ្វីទេ ដែលខ្ញុំមិនយកចិត្តទុកដាក់។ នៅលើឡាននោះឃើញមានដឹកឈើអារស្រាប់លយចេញតាមកន្ទុយឡានមកក្រោយប្រហែលពីរម៉ែត្រគរលើគ្នា។
ក្រោយយើងចេញផុតរង្វង់មូលផ្លូវបែកទៅអូរសោម -ខ្ញុំទៅត្រង់ មិនបត់ទៅអូរសោមទេ- ប្រហែលជាងមួយគីឡូម៉ែត្រ យើងបានឃើញខ្លោងទ្វាររបងមួយធ្វើពីឈើយ៉ាងស្អាត មានសរសេរអក្សរមួយជួរ ដែលខ្ញុំចាំតែឈ្មោះថា ទ្រី ភាព។ នៅក្នុងដីដែលមានព័ទ្ធរបងខាងមុខនោះ យើងឃើញចម្ការម្រេចយ៉ាងធំល្វឹងល្វើយ។ ខ្ញុំលួចសរសើរសំណាងគេ។
ផុតពីរង្វង់មូលផ្លូវបំបែកអូរសោមប្រហែល២០គីឡូម៉ែត្រ យើងបានទៅដល់ភូមិដីក្រហម ឃុំអន្លង់រាប។ ថ្វីបើឡានដែលខ្ញុំជិះទៅជាប្រភេទ SUV មានកាពីតាស ក៏យើងមិនអាចចូលទៅដល់ផ្ទះរបស់បុរសដែលគេសង្ស័យថាជាឪពុកខ្ញុំនោះដែរ គឺនៅចម្ងាយប្រហែល៨គីឡូម៉ែត្រទៀត ដែលរអិលខ្លាំង ហើយត្រូវចុះភ្នំពីរ។ ម៉ោងជិតមួយរសៀល មេឃភ្លៀងខ្លាំងផង ខ្ញុំក៏សម្រេចចិត្តសួររកផ្ទះមេភូមិ ដើម្បីសួររកព័ត៌មាន។ មេភូមិប្រាប់ថា នៅក្នុងភូមិគាត់ គ្មានប្រជាជនណាមានឈ្មោះ ឃុន វណ្ណី ទេ ហើយគាត់បានសុំលេខទូរស័ព្ទខ្ញុំ ដើម្បីទាក់ទងផ្ដល់ព័ត៌មានបន្ថែម។
តាំងពីថ្ងៃនោះមក ខ្ញុំបានព្យាយាមទូរស័ព្ទទៅសួរលោកមេភូមិជាច្រើនដង ប៉ុន្តែគាត់ថា មិនទាន់បានព័ត៌មានអីទេ។ នៅរដូវប្រាំងខាងមុខ ខ្ញុំនឹងទៅទីនោះម្ដងទៀត ក្រែងមានវាសនាបានជួបឪពុក ដូចខ្មែរនៅអាមេរិកតាមរកឪពុកឃើញកាលពីប៉ុន្មានឆ្នាំមុននោះដែរ។
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

5 Responses to តាមរកឪពុក

  1. រដ្ឋ ថា:

    រឿងប្រឌិត? ដូចមែនទែន។

    • khmerliterature ថា:

      តើមានចំណុចត្រង់ណាដែលបញ្ជាក់ថាជារឿងប្រឌិត?

      • រដ្ឋ ថា:

        ឃើញ​ឈ្មោះ​អ្នក​និពន្ធ ។ ខ្ញុំ​ស្មាន​តែ​រឿង​ពិត ព្រោះ​ឈ្មោះ​ទី​កន្លែង … ហាក់​ដូច​​ជា​ពិត តែ​ដល់​ពេល​ចុង​ក្រោយ ជាអត្ថបទ​សាក​ល្បង​របស់ ណុល ដារ៉ា ខ្ញុំ​ក៏​គិត​ជា​រឿង​ប្រឌិត​វិញ ។ ខ្ញុំ​ធ្លាប់​អាន​សៀវភៅ​របស់ ណុល ដារ៉ា (អ្នក​និពន្ធ​ច្រើន​និយាយ​ពី​តថភាព​សង្គម ។

  2. khmerliterature ថា:

    ការយល់បែបនេះម្យ៉ាងដែរ។ តែបើរឿងនេះមានតថភាពសង្គមនៅក្នុងនោះដែរ ម៉េចបានទៅជារឿងប្រឌិតកើត? តើប្រឌិតដើម្បីអ្វី? តាមលោកគិត តើការពិតអាចមានប៉ុន្មានភាគរយដែរ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s