“តើបងនៅផ្ទះមួយយប់បានទេ!”
នេះជាសម្ដីរបស់ស្ត្រីវ័យជាងសែសិបឆ្នាំ និយាយទៅកាន់ស្វាមីក្បាលទំពែកជ្រុះសក់សឹងតែសល់លលាដ៍ ដែលខ្ញុំបានឮដោយចៃដន្យ ពេលដែលខ្ញុំជិះម៉ូតូទៅដល់ហាងលក់សម្លៀកបំពាក់ភរិយាខ្ញុំ ដែលខ្ញុំតែងតែទៅយាមរាល់យប់ តាំងតែពីពេលនាងបើកហាងនោះមក លើកលែងតែពេលណាខ្ញុំមានការងារត្រូវចុះខេត្តប៉ុណ្ណោះ មិនដូច្នោះ លោកចោរនឹងគាស់ហាងយកអីវ៉ាន់ខ្ទេចមិនខាន ព្រោះទីលំនៅជិតខាង ទើបតែត្រូវបានលោកចោរគាស់លួចយកកុំព្យូទ័រហើយថ្មីៗ។
វាដូចជាសំណួរផង និងដូចជាពាក្យអង្វរលន់តួផង។ មិនដឹងថាបុរសរូបនោះគិតយ៉ាងណាចំពោះពាក្យសម្ដីនេះទេ។ ប៉ុន្តែវាប៉ះដល់អារម្មណ៍ខ្ញុំខ្លាំងណាស់។ ជីវិតរស់នៅ មិនមែនដើម្បីតែខ្លួនឯងមួយនោះទេ គឺដើម្បីអ្នកដែលខ្លួនស្រឡញ់ផងដែរ។ តណ្ហា មិនអាចចងប្ដីប្រពន្ធមួយគូឲ្យរួមរស់នៅជាមួយគ្នាដល់ជាងពាក់កណ្ដាលវ័យបានទេ លុះណាតែវាមានក្ដីស្រឡាញ់ អាណិតអាសូរ និងមានផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ ប្រហែលបុរសរូបនោះនឿយណាយ អស់ក្ដីស្រឡាញ់ អាណិតអាសូរ ឬអស់មានប្រយោជន៍ដល់គ្នាហើយ ទើបបុរសនោះដើរលេងចោលផ្ទះគ្មានលោះយប់បែបនេះ។
ព្រះពុទ្ធទ្រង់ត្រាស់ថា បើនឹងធ្វើអ្វី ឲ្យយកខ្លួនឯងជាប្រមាណ។ ប៉ុន្តែប្រហែលជាគេមិនយល់ខ្លឹមសារពិតនៃពុទ្ធដីកាទេ ទើបជារឿយៗមនុស្សតែងភ្លេចការយកខ្លួនឯងជាប្រមាណបែបនេះ។ បើអ្នកជាស្ត្រីរូបនោះ តើអ្នកឈឺចាប់ប៉ុនណា?
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា