ក្រោយការធ្លាក់ចុះសំឡេងឆ្នោតយ៉ាងគំហុក គណបក្សប្រជាជនកម្ពុជា (ស៊ីភីភី) ចាប់ផ្ដើមយកចិត្តទុកដាក់នឹងការធ្វើវេទិកាសាធារណៈ ដើម្បីស្វែងយល់ពីតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលផ្ទុយស្រឡះពីការដឹកនាំក្នុងអាណត្តិមុនៗកន្លងមក ដែលខ្លួនបានព្យាយាមរារាំងរាល់វេទិកាសាធារណៈ ដែលភាគច្រើននៃការបញ្ចេញមតិ គឺរិះគន់ពីអសមត្ថភាពក្នុងការដឹកនាំរបស់ស៊ីភីភី អំពើពុករលួយ ការរំលោភដីធ្លីពីសំណាក់អ្នកមានលុយ មានអំណាច ការគប់គិតជាមួយពួកឧកញ៉ារបស់ខ្លួនឲ្យបំផ្លាញសម្បត្តិធម្មជាតិមានរ៉ែ និងព្រៃឈើ ការលក់ដូរសម្បត្តិសាធារណៈ…។
វេទិកា ដែលបាន និងកំពុងធ្វើនាពេលបច្ចុប្បន្ន ត្រូវបានមហាជនរិះគន់ថា ជាវេទិកាបង្គ្រប់កិច្ច គ្រាន់តែដើម្បីបង្អួតសាធារណជន ឲ្យស្របនឹងការប្ដេជ្ញាថា “ធ្វើកំណែទម្រង់ស៊ីជម្រៅ” តែប៉ុណ្ណោះ។ រឿងនេះវាមិនខុសពីសត្វខ្លា ឬឆ្កែចចកកាចសាហាវ ដែលធ្លាប់តែដេញប្រហារម្រឹកជាចំណី និងលេងសើចសប្បាយ ដល់ពេលមកកែខ្លួន គ្រងស្បង់ចីពរ រៀបឫករៀបពាជាអ្នកស្លូតបូត កៀងគរប្រមូលម្រឹកឲ្យមកស្ដាប់វេទិការបស់ខ្លួន តើនឹងបានប្រយោជន៍អ្វី? ព្រោះថាភាពភ័យខ្លាច វានៅដិតដាមជាប់នៅឡើយ។ មួយទៀត គេភ័យខ្លាចថា វេទិកាហ្នឹងវាមិនខុសពីការប្រជុំទិតៀន និងស្វ័យទិតៀន ដែលធ្លាប់ធ្វើកាលពីរបបខ្មែរក្រហមនោះទេ។ ដល់តែវេទិកាដែលនិយាយតែវាគ្មិន ដោយគ្មានការចូលរួមមតិពីប្រជាពលរដ្ឋ វាមិនខុសពីវេទិកា ដែលស៊ីភីភី ចុះទៅធ្វើពេលខ្លួនសម្ភោជផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ឬបង្គន់អាចម៍នាពេលកន្លងមកនោះទេ។
សរុបមកវិញ កំណែទម្រង់ស៊ីជម្រៅ តាមបែបការធ្វើវេទិកាសាធារណៈ ដែលយកខ្លា ឆ្កែចចក ជាវាគ្មិន វាគ្មានបានផលអីទេ ផ្ទុយទៅវិញ វាបានតែទទួលនូវការិះគន់ពីមហាជនថែមទៀតថា ជា “កំណែទម្រង់ស៊ីជម្រួយ”។ បើស៊ីភីភីមានចេតនាចង់កែទម្រង់មែន ត្រូវយកគោលការណ៍៧ចំណុចរបស់ CNRP មកអនុវត្ត ហើយលុបបំបាត់អំពើពុករលួយ និងបំបាត់ការប្រើអំណាចដ៏លើសលុបជិះជាន់សង្កត់សង្កិនរាស្ត្រ។ ប៉ុន្តែឲ្យធ្វើយ៉ាងម៉េចកើត បើសូម្បីនាយករដ្ឋមន្ត្រីក៏ពាក់ព័ន្ធនឹងអំពើពុករលួយ តំណាងរាស្ត្រដ៏ល្បីល្បាញរបស់ស៊ីភីភី ក៏រត់គេចពីការទទួលខុសត្រូវលើរឿងគ្រោះថ្នាក់ចរាចរណ៍បែបនេះ?
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា