អេះខុសរមាស់

មួយរយៈចុងក្រោយនេះ នៅគ្រប់កន្លែងគេឮតែការរអ៊ូរទាំពីតម្លៃទំនិញឡើងថ្លៃ ដោយសារការពង្រឹងពន្ធ​គយ ជាហេតុធ្វើឲ្យធំហំនៃការលក់ធ្លាក់ចុះ។ មើលមួយភ្លែត វាហាក់ដូចជាប៉ះពាល់ធ្ងន់ធ្ងរទៅលើអាជីវករ ប៉ុន្តែជា​ធម្មតាកាលណាមានកត្តារួមផ្សំធ្វើឲ្យទំនិញឡើងថ្លៃ ទាំងអ្នកនាំចូល ទាំងអ្នកលក់រាយត្រូវដំឡើងថ្លៃទំនិញ ដើម្បី​ចៀសវាងការខាតបង់ និងដើម្បីប្រាក់កម្រៃ។ ដូច្នេះ អ្នកដែលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺអ្នកដែលប្រើប្រាស់​ទំនិញ​ដោយផ្ទាល់ ហើយនៅស្រុកខ្មែរ ការផលិតទំនិញដើម្បីផ្គត់ផ្គង់ទីផ្សារមានកម្រិតទាបណាស់ គ្រឿងប្រើប្រាស់​សព្វបែបយ៉ាង (មិនគិតពីគ្រឿងចក្រ និងគ្រឿងអេឡិចត្រូនិច) សូម្បីតែបន្លែត្រីសាច់ ចានឆ្នាំង អំបិល ប៊ីចេង ខោអាវស្បែកជើង នាំចូលពីបរទេសសឹងតែទាំងអស់។ ជាហេតុធ្វើឲ្យជីវភាពប្រជាជនខ្មែរ ដែលកំពុងតែ​លំបាក​ស្រាប់នោះ កាន់តែធ្លាក់ចុះដុនដាបខ្លាំងឡើង។

សារព័ត៌មានខ្លះដូចជាសម្ដែងនូវសុទិដ្ឋិនិយមខ្លាំងចំពោះការពង្រឹងពន្ធគយនេះ។ ក្នុងឋានៈជាអ្នកនិពន្ធ និងជា​ពលរដ្ឋដែលចង់ឲ្យប្រទេសជាតិរីកចម្រើន យើងគាំទ្រការពង្រឹងពន្ធគយនេះ ប៉ុន្តែតើវាអនុវត្តមានតម្លាភាពឬ​ទេ? តើឯកឧត្តម អ្នកឧកញ៉ា ដ៏មានអំណាច និង ធនធានរបស់ស៊ីភីភីនោះបានបំពេញកាតព្វកិច្ចបង់ពន្ធហើយ​ឬនៅ ជាពិសេសគឺពន្ធផ្ទះសម្បែង ដីធ្លី ឡានទំនើបៗ និងពន្ធសាំងដែលបាត់បង់ចំណូលរដ្ឋរាប់រយលានដុល្លារ​ក្នុងមួយឆ្នាំៗ ដោយសារអំពើពុករលួយនោះ?

អ្វីដែលរដ្ឋាភិបាលធ្វើនេះ មើលមួយភ្លែតដូចជាល្អណាស់ ព្រោះដើម្បីបានចំណូលមកអភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្តែ​បើគិតឲ្យដល់ជម្រៅ វាមិនខុសពីភាសិតរិះគន់ ដែលប្រជាជនបានបង្កើតឡើងកាលពីសម័យសាធារណរដ្ឋ​ប្រជាមានិតកម្ពុជានោះទេ គឺ “ច្របាច់កចិន លានអណ្ដាតខ្មែរ”។ បើធៀបទង្វើនេះទៅនឹងការអេះរមាស់ គឺរមាស់​ច្រមុះ មុខមាត់ បែរជាអេះបាតជើង វាមិនចំកន្លែងទេ។

នៅស្រុកគេ គេយកពន្ធច្រើនពីអ្នកមាន ដើម្បីធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើសេវាសង្គម ធ្វើយ៉ាងណា​ឲ្យ​មនុស្សអាចរស់នៅបានសមរម្យដូចគ្នា។ ចំណែកនៅស្រុកខ្មែរ គេខំជម្រិតយកពន្ធពីអ្នកក្រ ប្រហែលជា​ដើម្បី​យកទៅទប់ឯកឧត្តម អ្នកឧកញ៉ា របស់ស៊ីភីភីដ៏មានទ្រព្យស្ដុកស្ដម្ភ ដែលគេចវេះមិនបង់ពន្ធនោះទេដឹង?

អត្ថបទសាកល្បងដោយ​៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s