ព្រឹកមិញ ខ្ញុំបានចូលរួមដង្ហែក្បួនជាមួយអ្នកស្រឡាញ់ប្រជាធិបតេយ្យរាប់ពាន់នាក់ ដោយចេញដំណើរពីមុខហាងសាំងសូគីមិច គីឡូលេខ៦។ ខ្ញុំមានការភ្ញាក់ផ្អើល និងរំភើប ដោយឃើញប្រជាពលរដ្ឋយើងមានការយល់ដឹងច្រើនពីសិទ្ធិរបស់ខ្លួន ហើយចូលរួមបានច្រើនកុះករ។
អ្នកចូលរួមដង្ហែក្បួននៅថ្ងៃទិវាសិទ្ធិមនុស្សអន្តរជាតិនេះមានទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។ ខ្ញុំឃើញមនុស្សគ្រប់ស្រទាប់វណ្ណៈបានចូលរួម មានទាំងជនពិការ អ្នករកស៊ីលក់ដូរតាមផ្សារ កម្មករ កសិករ និងបញ្ញវន្ត។
ខ្ញុំបានជួបអ្នកជិតខាងខ្ញុំបួនប្រាំនាក់ និងមិត្តភក្តិចាស់ៗមួយចំនួន ដែលគេចូលរួមយ៉ាងសកម្មក្នុងបក្សសង្គ្រោះជាតិ។ សូមសរសើរពួកគេ ដែលមានភាពក្លាហានជាងខ្ញុំ។ ពួកគេសម្ដែងក្ដីរីករាយដោយបានឃើញខ្ញុំចូលរួមដែរ។
ក្រៅពីឯកឧត្តមហូ វ៉ាន់ និងលោកជំទាវមួរ សុខហួរ ដែលដឹកនាំក្បួនរបស់យើង ខ្ញុំចាប់អារម្មណ៍នឹងបញ្ញវន្តម្នាក់ ដែលខ្ញុំធ្លាប់ជួបតែម្ដងគត់ ហើយខ្ញុំចាំមិនភ្លេច នោះគឺអ្នកគ្រូពេទ្យ ដែលខ្ញុំធ្លាប់សរសេរនៅក្នុងអត្ថបទសាកល្បង “គំនិតអ្នកមាន” រួចមកហើយ។ ដោយបានឃើញគាត់ចូលរួមក្នុងក្បួននេះ ខ្ញុំយល់ថាគាត់មិនមែនជាអ្នកដែលបានតែទ្រឹស្ដីនោះទេ គឺមានទាំងការអនុវត្តផងដែរ ហើយខ្ញុំជឿថា បញ្ញវន្តផ្សេងៗទៀត ដែលលាក់មុខលាក់មាត់នោះ នឹងហ៊ានចេញមកសម្ដែងឆន្ទៈដូចអ្នកគ្រូពេទ្យនេះដែរ។
បើសង្គមជាតិយើងមានអ្នកចេះដឹងដូចអ្នកគ្រូពេទ្យ ហ៊ានមកចូលរួមជាមួយចលនាអ្នកប្រជាធិបតេយ្យ ដើម្បីសម្ដែងឆន្ទៈក្នុងការធ្វើសេចក្ដីសម្រេចជ្រើសរើសមេដឹកនាំដែលខ្លួនចង់បាន នោះអនាគតជាតិយើងពិតជាភ្លឺស្វាងមិនខាន។
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា