កាលពីថ្ងៃ១០ ធ្នូ ២០១៣ ជាថ្ងៃសិទ្ធិមនុស្សអន្តរជាតិ ខ្ញុំបានចូលរួមដង្ហែរក្បួនជាមួយប្រជាពលរដ្ឋពីមុខហាងសាំងគីឡូលេខ៦ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។ មានមនុស្សជាច្រើនបានចូលរួមក្នុងការហែរក្បួននេះ។ ភាគច្រើននៃអ្នកចូលរួមជាអ្នកមកពីស្រុកជិតៗរាជធានីភ្នំពេញ ដូចជាស្រុកពញាឮ ស្រុកឧដុង្គ និងស្រុកខ្សាច់កណ្ដាលជាដើម។
ពេលដែលក្បួនដង្ហែរតាមផ្លូវ គេឮតែពាក្យបង្កូកហៅឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីតំណែង ដើម្បីបោះឆ្នោតឡើងវិញ។ អ្នកឈរអបអរតាមផ្លូវក៏ជួយស្រែកបន្ទរដោយទឹកមុខរីករាយទាំងក្មេងទាំងចាស់។ ក្រៅពីពាក្យបង្កូកហៅឲ្យចុះពីតំណែងនេះ ខ្ញុំបានឮពាក្យមួយឃ្លាទៀត ដែលគួរឲ្យស្រណោះ នោះគឺ “លោកហ៊ុន សែន អើយចុះចេញទៅ អស់ព្រលឹតស៊ីហើយ!”។
បើលោកអ្នកធ្លាប់រស់នៅ និងធំដឹងក្ដីនៅជនបទដូចខ្ញុំ នោះលោកអ្នកនឹងដឹងថា ស្រុកខ្មែរមានអំណោយផលពីធម្មជាតិល្អណាស់ ឲ្យតែមានអង្ករច្រកឆ្នាំង គឺអាចរស់បានហើយ បន្លែត្រីក្ដាមខ្យងមិនខ្វះទេ។ ប៉ុន្តែរយៈពេលជាង៣០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីក្រោយរំដោះឆ្នាំ១៩៧៩ ជាពិសេសក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធនធានធម្មជាតិសម្រាប់ទ្រទ្រង់អ្នកក្រ ឲ្យអាចរស់នៅកំដរផែនដីនឹងគេនោះ បានបាត់បង់ស្ទើរអស់រលីងទៅហើយ។ ពាក្យថា “អស់ព្រលឹតស៊ីហើយ” មានន័យជ្រៅណាស់ នេះបើគេគិតឲ្យដល់ជម្រៅរបស់វា។ បរិស្ថានដែលទាក់ទងនឹងព្រលឹត គឺទឹក ក្នុងទឹកមានត្រី ក្ដាមខ្យង និងបន្ថែច្រើនប្រភេទ មានត្រកួន កញ្ឆែត រំចង់ និងសត្វបក្សីទឹកផង។ កាលណាអស់ព្រលឹតស៊ី បានន័យថា អស់ធនធានទាំងអស់ដែលពាក់ព័ន្ធ។
ពិតជាមោទនភាពណាស់ ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់បក្សប្រជាជនកម្ពុជា និងសម្ដេចទាំង៥ មេដឹកនាំធំៗក្នុងបក្ស ជាពិសេសគ្រួសារសម្ដេចនាយករដ្ឋមន្ត្រីមានធនធានស្ដុកស្ដម្ភមហិមា សូម្បីចៅតូចកើតមកមិនទាន់ដឹងក្ដី ក៏មានលុយរាប់សែនដុល្លារទៅហើយ ចំណែករាស្ត្រសាមញ្ញពេញនគរធ្លាក់ខ្លួនក្រីក្រដុនដាបរហូតដល់ថ្នាក់រកតែព្រលឹតស៊ីគ្មាន៕
អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា