ភាពសៅហ្មងនៃទ្រង់រណឫទ្ធិ

ការសម្រេចព្រះទ័យយាងចូលមកឆាកនយោបាយរបស់ទ្រង់រណឫទ្ធិ ជាប្រធានបទថ្មីដែលគេពិភាក្សា​គ្នា​ពេញបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសារព័ត៌មាននានា។ វាជារឿងដែលគួរឲ្យចាប់អារម្មណ៍ដែរ ថ្វីបើទ្រង់ជាអ្នកនយោបាយបរាជ័យ តែ​អ្នកជិតស្និទ្ធនឹងព្រះអង្គលើកតម្កើងគុណតម្លៃព្រះអង្គថា មានមនសិការជាតិខ្ពស់ណាស់ បើធៀបទៅនឹងអ្នកនយោបាយនៃបក្សប្រជាជនកម្ពុជា តែវាទាស់តែម្យ៉ាង គឺ​ទ្រង់ខិលខូចនឹងស្រីញីពេក តែការនេះវាជារឿងរបស់សត្វលោក។

ព្រះអង្គធ្លាប់សន្យាថា ឈប់វិលមករកឆាកនយោបាយវិញហើយ ប៉ុន្តែទ្រង់ធ្វើមិនបានទេ រហូតដល់មាន​ពាក្យរិះគន់ទ្រង់ថា ជាអ្នកញៀននយោបាយទៀតផង។ ក្រោយការវិលមករកនយោបាយវិញ ព្រះអង្គ​អាច​រកការគាំទ្របាន២កៅអីដែរ នេះបញ្ជាក់ថា ទ្រង់មិនអន់ប៉ុន្មានទេ បើធៀបទៅនឹងគណបក្សនយោបាយ​ផ្សេងទៀត ដូចជា អ៊ិលឌីភី និងអតីតគណបក្សរបស់ទ្រង់ជាដើម។ ប៉ុន្តែបើធៀបទៅនឹងគណបក្សពីរធំៗនោះ ព្រះអង្គនៅក្រោយគេឆ្ងាយណាស់។

ក្នុងចំណោមផ្លូវបី ដែលគេមើលឃើញថាទ្រង់នឹងជ្រើសរើស ទី១. ត្រួសត្រាយផ្លូវដោយព្រះអង្គឯង ទី២. ធ្វើអាយ៉ងរបស់ស៊ីភីភី និងទី៣. ចូលរួមកម្លាំងជាមួយស៊ីអិនអរភី គឺនៅសល់តែពីរផ្លូវប៉ុណ្ណោះ ព្រោះថា​ផ្លូវ​ទី១ ពិបាកក្រៃលែង ដោយសារវ័យកាន់តែជ្រេរផង បរាជ័យញយដងផង អស់ធនធានផង ព្រះអង្គមិនអាច​យាងតាមផ្លូវទី១បានទេ។

បើសិនជាព្រះអង្គសម្រេចព្រះទ័យជ្រើសរើសផ្លូវទី២ នោះនឹងមិនមានឧបសគ្គអ្វីរាំងរាព្រះអង្គឡើយ ព្រោះ​ស៊ីភីភីមានធនធាន ជួយសម្រួលថ្វាយព្រះអង្គបាន។ ចំណែកឯផ្លូវទី៣ ជាផ្លូវទ័លច្រក មិនអាចចេញ​រួច​សោះ​តែម្ដង ព្រោះថា បើព្រះអង្គអាចចេញរួច នោះព្រះអង្គចេញតាំងពីមុនបោះឆ្នោតជាតិអាណត្តិទី៥នេះ​ម្ល៉េះ ដោយសារពេលនោះ ស៊ីអិនអរភី បានបើកទ្វារចំហរចាំទទួលព្រះអង្គដោយកិត្តិយស គឺថ្វាយឋានៈ​ព្រះអង្គជាប្រធានកិត្តិយសរបស់គណបក្សនេះទៀតផង ប៉ុន្តែព្រះអង្គចេញមិនរួច ដោយសារជាប់គន្លឹះ​របស់​ស៊ីភីភី។

ដូច្នេះ ផ្លូវនយោបាយរបស់ព្រះអង្គមានតែមួយគត់ គឺផ្លូវទី២ ក្រោមរូបភាពនយោបាយពីរយ៉ាង ទី១. ប្រមែប្រមូលកូនចៅចាស់ឡើងវិញ ដោយមានការជួយគាំទ្រពីស៊ីភីភី ដើម្បីឲ្យ​ព្រះអង្គទទួលស្គាល់លទ្ធផលឆ្នោតលើកក្រោយ និងចូលរួមក្នុងរដ្ឋាភិបាលជាមួយស៊ីភីភី តាមចំណែក​ដែល​ស៊ីភីភីប្រគល់ឲ្យ ព្រោះថាព្រះអង្គជាសេះចាស់ ដែលស៊ីភីភីធ្លាប់ជិះស្រាប់ ទោះបីជាគេសម្លាប់សេះនេះហើយក៏ដោយ ក៏គេខំជប់ប្រោះឲ្យរស់ឡើងមកវិញ ដើម្បីបានជិះបន្តទៀត។

ត្រង់ចំណុចនេះ ក៏សម្ដែងឲ្យឃើញពីបរាជ័យយ៉ាងអាម៉ាស់ របស់កំពូលអ្នកប្រើល្បិចសាមកុកផងដែរ។ នៅក្នុងរឿងសាមកុក មាននគរបី ដែលទប់លំនឹងឲ្យមានតុល្យភាព បើនគរមួយក្នុងចំណោមនគរទាំងបី​រលាយហើយ នោះនគរពីរទៀតនឹងប្រយុទ្ធគ្នាយកចាញ់ឈ្នះមិនខាន ដូចលទ្ធផលដែលយើងឃើញស្រាប់។

ចំពោះរូបភាពនយោបាយទី២ ព្រះអង្គអាចនឹងបង្កើតបក្សថ្មីមួយ ហើយយកទៅបូកបញ្ចូលនឹងបក្ស​សង្គ្រោះ​ជាតិ ដើម្បីបានទទួលតំណែងប្រធានកិត្តិយស ដែលបក្សនេះព្រមប្រគល់ថ្វាយព្រះអង្គ ប៉ុន្តែគឺក្នុង​រូប​ភាពបង្កប់ រង់ចាំឱកាស​បំបែកខ្លួន ដូចដែលទ្រង់ធ្លាប់ធ្វើជាមួយលោកសម រង្ស៊ីពីរលើកមកហើយ។

ប៉ុន្តែក្នុងរូបភាពនយោបាយទី២ នេះ បើសិនជាព្រះអង្គភ្ញាក់ព្រះកាយ វានឹងអាចដូចករណីឡៅពី សុំចូឆូ​ចេញទៅច្បាំងនឹងអួនសៀវ ដូច្នោះដែរ ពេលនោះព្រះអង្គនឹងជួបអតីតកូនចៅព្រះអង្គ បង្កកម្លាំងមកវាយ​បក​ជាមួយស៊ីភីភី​វិញ។

មានមតិជាច្រើនមូលមាត់គ្នាថា ច្រកចេញដែលទំនងបំផុត គឺព្រះអង្គនឹងបង្កើតបក្សថ្មីមួយ ហើយចាំទទួលផល​ប្រយោជន៍ដែលស៊ីភីភី​ផ្ដល់ឲ្យ ដោយព្រះអង្គស្ម័គ្រធ្វើជាសេះចាស់របស់ស៊ីភីភីបន្តទៀត។ ម្យ៉ាង​បើចេញច្រកទី២ ប្រហែលពិបាក ព្រោះស៊ីភីភីខ្លាចរបូតព្រះអង្គ ដូចករណីឡៅពី ចេញពីចូឆូដូច្នោះដែរ។

ទោះយ៉ាងណា នេះគ្រាន់តែជាការពិចារណាមួយប៉ុណ្ណោះ។ អ្នកអាន អាចនឹង មើលឃើញផ្លូវច្រើនជាងនេះ នឹងយល់ផ្សេងពីនេះ។ សង្ឃឹមថា វានឹងបាន ជាគំនិតដល់លោកអ្នកអាន ក្នុងការផ្ដើមគិតពិចារណាក្នុង​រឿង​នេះដែរ៕

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

1 Response to ភាពសៅហ្មងនៃទ្រង់រណឫទ្ធិ

  1. Bona ថា:

    អ្នកដែលដឹងច្បាស់បំផុតថាត្រូវទៅផ្លូវណា គឺខ្លួនគាត់ផ្ទាល់​ (ចង់ធ្វើជាទេវបុត្រសង្គ្រោះប្រជានុរាស្ដ្រ ឬ ធ្វើជាពពកខ្មៅនាំព្យុះភ្លៀងមកពន្លិចភូមិអ្នកស្រុក)។ ប្រឹងសង្ឃឹមថាគាត់នឹងធ្វើអំពើមួយដែលនាំមកនូវវឌ្ឍនភាពជាតិ​!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s