គណបក្សប្រជាជនកម្ពុជា ព្រមានចាត់វិធានការអ្នកមិនទទួលស្គាល់លទ្ធផលបោះឆ្នោតអាណត្តិទី៥

តំណាងរាស្ត្រម្នាក់ មកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រនេះ ព្រមានចាត់វិធានការលើអ្នកទាំង​ឡាយ​ណា ​មិនទទួល​ស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៣ ដោយប្រាប់ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នក្នុង​ការនិយាយ​ពីការ​លួច​បន្លំសន្លឹកឆ្នោត។

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោកឈាង វុន មានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារ​ព័ត៌មានមួយនៅរដ្ឋសភា នាថ្ងៃសុក្រទី ១៨ ខែកក្កដានេះ ដោយលើកឡើងថា ប្រយ័ត្នរដ្ឋអំណាច​ទ្រាំ​លែងបាន។ លោកមានប្រសាសន៍បន្ថែមថា ប្រសិនបើ​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​មែន ហេតុអ្វី​បានជា​អ្នកសង្កេតការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី ចុះហត្ថលេខា​ទទួល​ស្គាល់​។

ក្រោយការបោះឆ្នោតជាតិអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បាន​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត ដោយ​ចោទ​ថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត និង​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ ក៏ដូចជាទាមទារឲ្យមានការបោះឆ្នោតឡើងវិញជាដើម។

ក្នុងការបើកកញ្ចប់សុវត្ថិភាពមួយចំនួនតូចមកពីខេត្តក្រចេះ គេឃើញមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ មិនខុសពីការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិ។ បញ្ហានេះ នាំឲ្យមានការទម្លាក់ការទទួលខុស​ត្រូវ​ដាក់គ្នាទៅវិញទៅមក រវាងមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់​ឃុំ​សង្កាត់។ នេះនៅ​មិនទាន់​គិតពីភាពមិនប្រក្រតីនៅខេត្តកំពង់ចាម បាត់ដំបង និងជាពិសេសភាពមិន​ប្រក្រតីនៅ​ខេត្ត​កណ្ដាល​ ដូចដែលគណបក្សសង្គ្រោះជាតិបានចោទប្រកាន់ផង។

សូមជម្រាបថា លោកឈាង វុន ជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ប៉ុន្តែមិនមែនជា​មន្ត្រី​រដ្ឋាភិបាល​នោះទេ។ អ្នកវិភាគយល់ថា ប្រសាសន៍របស់លោក ជាការបើកផ្លូវឲ្យរដ្ឋាភិបាល ចាត់ការ​លើ​បក្សប្រឆាំង ដែលជាដៃគូប្រជែងសន្លឹកឆ្នោត និងជាការលូកដៃទៅក្នុងកិច្ចការរបស់រដ្ឋាភិបាល។

ការព្រមានរបស់លោកឈាង វុន ធ្វើឡើងភ្លាមៗក្រោយពេលរដ្ឋាភិបាល ចាប់ខ្លួនបេក្ខជនជាប់ឆ្នោត​តំណាង​រាស្ត្ររបស់គណបក្សសង្គ្រោះជាតិចំនួន៧នាក់ និងជំនួយការលោកស្រីមួរ សុខហួរម្នាក់ ហើយ​គ្រោង​​នឹងចាប់ខ្លួនមនុស្សមិនទាន់កំណត់អត្តសញ្ញាណ២០នាក់ផ្សេងទៀត ដែលភាសាតុលាការ​ហៅ​ថា អញ្ញត្តិជន៕

ដោយ ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s