ប្រហែល៥ឆ្នាំមុន ខ្ញុំបានឃើញបដាមួយផ្ទាំងចងនៅច្រកចូលខាងលិចផ្សារថ្មី ក្នុងរាជធានីភ្នំពេញ ដែលមានខ្លឹមសារថា “គ្មានសេចក្ដីសុខឯណា ប្រសើរជាងសេចក្ដីស្ងប់”។
ឃើញខ្លឹមសារលើបដានោះ ខ្ញុំពេញចិត្តណាស់ ហើយខ្ញុំចាំជានិច្ច ប៉ុន្តែខ្ញុំមិនទាន់យល់ច្បាស់ពីខ្លឹមសារនៃពាក្យមួយឃ្លានោះទេ។ នៅខែ៥ ឆ្នាំ២០១២ ខ្ញុំមានឱកាសបានចូលរួមវគ្គវិបស្សនាកម្មដ្ឋានមួយ នៅភ្នំទ្រុងមាន់ទ្រុងទាខេត្តបាត់ដំបង ហើយតាំងពីពេលនោះមក ខ្ញុំបដិបត្តិសមាធិមួយម៉ោងព្រឹក និងមួយម៉ោងល្ងាចជារៀងរាល់ថ្ងៃ។ ទើបតែមួយឆ្នាំចុងក្រោយនេះទេ ដោយសាររវល់ក្នុងការងារ ខ្ញុំបានខកខានបដិបត្តិសមាធិ ជួនកាលពេលព្រឹក ជួនកាលពេលល្ងាច ហើយជួនកាលមួយថ្ងៃពេញ។ ប៉ុន្តែខ្ញុំបានប្ដេជ្ញាយ៉ាងមុតមាំថា ក្នុងមួយជាតិនេះ ខ្ញុំត្រូវតែបដិបត្តិសមាធិលុះអវសាន្ត។
តាមរយៈសមាធិ ខ្ញុំបានពិសោធឃើញដោយខ្លួនឯងនូវខ្លឹមសារនៃឃ្លានោះហើយ។ ប៉ុន្តែទោះជាបានពិសោធឃើញខ្លឹមសារនៃឃ្លានោះក៏ដោយ ក៏ជីវិតដែលជាមេគ្រួសារ ជាសមាជិកសង្គម មិនអាចឲ្យខ្ញុំស្ថិតក្នុងសភាពស្ងប់នោះបានទេ។ ចិត្តនៅតែគិត ដល់ជីវភាពគ្រួសារ និងបញ្ហាសង្គមជានិច្ច។
ថ្មីៗនេះ ខ្ញុំបានឃើញមានការសរសេរឃ្លានោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ខ្ញុំគិតថា អ្នកទាំងនោះអាចស្ថិតក្នុងសភាពដូចខ្ញុំកាលពី៥ឆ្នាំមុន ឬក៏ក្នុងសភាពដូចខ្ញុំក្រោយបានចូលរួមវគ្គវិបស្សនា។ យ៉ាងណា ខ្ញុំគាំទ្រការផ្សព្វផ្សាយព្រះធម៌ ដើម្បីឲ្យមនុស្សចង់ដឹង និងចង់ស្វែងយល់ដោយខ្លួនឯង៕
ដោយ ៖ ណុល ដារ៉ា