អ្វីដែលខ្ញុំអាចធ្វើបាន

អ្វីដែលខ្ញុំអាចធ្វើបាន

ថ្ងៃនេះ ក្នុង​នាម​អ្នក​សារ​ព័ត៌មាន ខ្ញុំ​បាន​ធ្វើ​ការ​មួយ ដែល​អាច​បាន​ជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​​នៅ​​ខេត្ត​កោះកុង ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​ការ​​អភិវឌ្ឍ​​របស់​ក្រុម​ហ៊ុន​ចិន Union Development Group (UDG) ​។

ក្នុង​បទ​បង្ហាញ​មួយ អំពី​ផែនការ​អភិវឌ្ឍន៍​៥ឆ្នាំ អាណត្តិ​ទី​១៣ របស់​រដ្ឋាភិបាល​ចិន ដែល​ឧទ្ទេសនាម​​ដោយ​អគ្គលេខាធិការ​រង​កិច្ច​ប្រជុំ​អចិន្ត្រៃយ៍​នៃ​សភា​ប្រជាជន​ចិន ​លោក ស៊ិន ឈុនយេវ (Shen Chun Yao) នាល្ងាច​ថ្ងៃ​ចន្ទ ទី១៤ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​សណ្ឋាគារ​កាំបូឌាណា នៅ​រាជ​ធានី​ភ្នំពេញ ​លោក ស៊ិន ឈុនយេវ បាន​​មាន​​ប្រសាសន៍​ពី​ការ​អភិវឌ្ឍ​ប្រទេស​ចិន ដោយ​ឈរ​លើ​គោល​ការណ៍​៥​ចំណុច គឺ ទី១. ការអភិវឌ្ឍដោយ​ការ​ច្នៃ​​ប្រឌិត​​ថ្មី ទី២. ការ​​ដោះស្រាយ​បញ្ហា​អតុល្យភាព ទី៣. ការ​អភិវឌ្ឍ​បៃតង ទី៤. ការ​អភិវឌ្ឍដោយ​បើក​ទ្វារ​ចំហរ និង​ទី៥. ការ​អភិវឌ្ឍ​​ដោយ​​ចែក​រំលែក​គ្នា​ ។

ចំពោះ​ចំណុច​ទី៤ លោក​ថា រដ្ឋា​ភិបាល​ចិន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចិន​​ដាក់​ទុន​វិនិយោគ​ក្រៅ​ប្រទេស ដោយ​​ឈរ​លើ​គោលការណ៍​គោរព​ផល​ប្រយោជន៍​ប្រទេស​គ្នា​ទៅ​វិញ​ទៅ​មក និង​អនុវត្ត​នយោបាយ​ឈ្នះៗ​រួម​គ្នា ។ ចំណែក​ឯ​ចំណុច​ទី៥ លោកស៊ិន ឈុនយេវ បញ្ជាក់​ថា ជា​ការ​អភិវឌ្ឍ​ដោយ​​មាន​យុត្តិធម៌​សង្គម និង​យក​​ប្រជាពលរដ្ឋ​ជា​ធំ ។

ឆ្លៀត​ឱកាស​នោះ ខ្ញុំ​បាន​លើក​សំណួរ​ពីរ ដល់​ប្រតិភូ​ជាន់​ខ្ពស់​នៃ​សភា​ចិន​រូប​នោះ គឺទី១. តើ​គោល​ការណ៍​អភិវឌ្ឍន៍​ទី​៥ អនុវត្ត​តែ​​នៅ​ក្នុង​ប្រទេស​ចិន ឬ​ក៏​អនុវត្ត​នៅ​ក្រៅ​ប្រទេស​ដែរ? សំណួរ​ទី​២. បើ​គោល​ការណ៍នោះ​អនុវត្ត​នៅ​ក្រៅ​ប្រទេស​​ដែរ តើ​រដ្ឋាភិបាល​ចិន​មាន​យន្ត​ការ​យ៉ាង​ណា ក្នុង​ការ​ជំរុញ​​ឲ្យ​​ក្រុម​ហ៊ុន​ចិន​ឈ្មោះ Union Development Group គោរព​ដល់​សិទ្ធិ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​កោះកុង ក្នុង​ស្រុក​បុទុមសាគរ និង​​គិរីសាគរ ដែល​កំពុង​រង​ទុក្ខ​វេទនា ដោយ​ការ​បណ្ដេញ​ចេញ​ពី​លំនៅ​ដ្ឋាន​ទាំង​បង្ខំ និង​មិន​ទទួលបាន​សំណង​សមរម្យ​​ក្រោម​​ការ​អភវិឌ្ឍ​របស់​ក្រុម​ហ៊ុន​នោះ?

លោកស៊ិន ឈុនយេវ មាន​ប្រសាសន៍​ឆ្លើយ​តប​ថា គោល​នយោបាយ​ទី​៥​នោះ​ក៏​អនុវត្ត​នៅ​ក្រៅ​ប្រទេស​ចិន​ផង​ដែរ ។ លោក​ថា លោក​មិន​បាន​ដឹង​ពី​សភាព​ការណ៍​ជាក់​ស្ដែង​នៃ​ការ​អភិវឌ្ឍ​​របស់​ក្រុម​ហ៊ុន​ចិន Union Development Group នោះ​ទេ ប៉ុន្តែ​លោក​នឹង​នាំ​យក​ព័ត៌មាន​នេះ​ ទៅ​ជម្រាប​ជូន​ដល់​រដ្ឋាភិបាល​ចិន ។

ចម្លើយ​ប៉ុន​នេះ​របស់​លោក​ស៊ិន ឈុនយេវ ខ្ញុំ​គិត​ថា យ៉ាង​ហោច​ណាស់​ក៏​រដ្ឋាភិបាល​ចិន​​បាន​ដឹង​ពី​ការ​​អភិវឌ្ឍ​ក្រៅ​ប្រទេស​របស់​ខ្លួន មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដែរ ហើយ​បើ​ដូច​ចំណុច​ទី​៥ ដែល​លោក​ស៊ិន ឈុនយេវ​មាន​​ប្រសាសន៍​មែន ខ្ញុំ​ជឿ​ថា រដ្ឋាភិបាល​ចិន​នឹង​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​​UDG គោរព​​ផល​ប្រយោជន៍​​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​​ឡើង​វិញ ៕

អត្ថបទសាកល្បងដោយ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង, Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s