ថ្ងៃសុក្រទី១៣ ខែឧសភានេះ ជាថ្ងៃបុណ្យជាតិ និងជាខួបចម្រើនព្រះជន្មព្រះមហាក្សត្រផងដែរ។ ដោយសារបានសម្រាកពីការងារ ខ្ញុំបាននាំកូនទៅកម្សាន្តនៅមាត់ទន្លេនៅជ្រោយចង្វា ទល់មុខវាំង។ ពេលដែលកូនៗញ៉ាំការ៉េម និងរត់លេងយ៉ាងសប្បាយនោះ ស្រាប់តែអារម្មណ៍មួយនឹកទៅដល់ពេលវេលាកន្លងទៅជិតសែសិបឆ្នាំមុន។
ថ្វីបើពេលនោះខ្ញុំអាយុជាង៤ឆ្នាំ ប៉ុន្តែខ្ញុំចាំមិនភ្លេច ចាំជានិច្ចក្នុងជីវិត។ ក្នុងរបបអាវខ្មៅ គ្រួសារខ្ញុំត្រូវគេជម្លៀសទៅរស់នៅភូមិពាមទេ រការកណ្ដាល ខាងត្បូងទីរួមខេត្តក្រចេះ។ នៅប្រមាណខែ១០ ឆ្នាំ១៩៧៧ ម្ដាយខ្ញុំសម្រាលកូន ត្រូវទៅសម្រាន្តនៅពេទ្យខេត្តមួយខែ ឯខ្ញុំនៅផ្ទះពីរនាក់ឪពុក។ រាល់ព្រឹក ឪពុកខ្ញុំតែងតែអ៊ាវខ្ញុំយកទៅដាក់នៅរោងកុមារ ដែលមានយាយៗចាស់ៗមើលថែ។ កាលនោះដោយសារអាយុជាង៤ឆ្នាំ ពួកខ្មែរក្រហមមិនទាន់ឲ្យទៅធ្វើការអ្វីនៅឡើយទេ គឺទុកនៅរោងកុមារ។ តាមចាំ រោងកុមារនៅភូមិរការកណ្ដាល មានទីតាំងនៅទល់មុខបញ្ឆិតបន្តិចនឹងរោងបាយសហករណ៍ ខណ្ឌគ្នាដោយផ្លូវលំមួយ។
រាល់ល្ងាច ខ្ញុំតែងតែទៅចាំឪពុកនៅរោងបាយរួម ឬរោងបាយសហករណ៍នោះ ដើម្បីគាត់អ៊ាវទៅផ្ទះវិញ។ ផ្ទះខ្ញុំនៅខាងជើងរោងបាយរួម តាមផ្លូវឡើងទៅខេត្តក្រចេះ ចម្ងាយប្រហែលជាងមួយរយម៉ែត្រពីរោងបាយ ហើយបត់ស្ដាំទៅរហូតដល់ចុងភូមិ។ នៅទីនោះសម្បូរដោយដើមស្វាយខ្ទិះធំៗ និងចម្ការចេកល្វឹងល្វើយ។ នៅខាងលិចផ្ទះ មានថ្លុកទឹកមួយ មានត្រីដែលអាចរកសម្រាប់ធ្វើម្ហូបបាន។ ខ្ញុំចាំថា ឪពុកខ្ញុំធ្លាប់យកម៉ុងទៅអូសចាប់ត្រីក្នុងថ្លុកនោះ ហើយគាត់ក៏ធ្លាប់ដាក់អង្គុបកំប្រុកនៅព្រៃចេកផងដែរ ដើម្បីយកមកធ្វើម្ហូប។
ល្ងាចមួយ ខ្ញុំទៅឈរចាំគាត់នៅរោងបាយសហករណ៍ដូចធម្មតា ប៉ុន្តែថ្ងៃនោះខ្ញុំមិនឃើញគាត់សោះ។ ខ្ញុំបានដើរទៅផ្ទះតែម្នាក់ឯង ដោយសារម្ដាយខ្ញុំមិនទាន់ត្រឡប់មកពីពេទ្យវិញនៅឡើយ យប់នោះខ្ញុំនៅផ្ទះម្នាក់ឯងយំរកឪពុករហូតទាល់តែជិតភ្លឺ ទើបមានអ្នកជិតខាងមកយកខ្ញុំទៅដេកជាមួយ។ ខ្ញុំចាំថា យប់នោះខ្លែងស្រាកបានមកយំនៅលើដំបូលផ្ទះខ្ញុំ ប្រណាំងប្រជែងនឹងសំឡេងយំរបស់ខ្ញុំដែរ ធ្វើឲ្យខ្ញុំភ័យខ្លាច យំកាន់តែខ្លាំង។ តាំងពីថ្ងៃនោះមក ឪពុកខ្ញុំបានបាត់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។
ពេលដែលខ្ញុំរឭកដល់រឿងអតីតកាលរបស់ខ្ញុំ ខ្ញុំក៏ស្រណោះដល់កូនៗរបស់មន្ត្រីសិទ្ធិមនុស្ស ដែលឪពុករបស់ពួកគេត្រូវតុលាការចាប់ខ្លួន ដោយចោទពីបទពុករលួយ។ រឿងនេះ ខ្ញុំឮចាស់ៗនៅតាមតុកាហ្វេ អ្នករត់ម៉ូតូឌុបនៅតាមចំណតឡាន និងអ្នកធ្វើការជាមួយខ្ញុំមួយចំនួនផងដែរ ជជែកគ្នាហូរហែថា ការចាប់អ្នកទាំងនោះគឺជារឿងអយុត្តិធម៌ មិនសមនឹងទម្ងន់ទោស ហើយខ្លះហ៊ានទាំងនិយាយថា ចាប់ទាំងបំពានទៀតផង។
យ៉ាងណាក៏ដោយ ខ្ញុំមិនជ្រៀតជ្រែកកិច្ចការរបស់តុលាការទេ។ អ្វីដែលខ្ញុំស្រណោះនោះ គឺនៅថ្ងៃបុណ្យជាតិបែបនេះ អ្នកដែលមានសេរីភាព គេនាំប្រពន្ធកូនដើរលេង បើមិនឆ្ងាយក៏ជិតៗដែរ។ ខ្ញុំស្រណោះដល់អារម្មណ៍ក្មេងៗទាំងនោះ ដែលកំពុងរង់ចាំឪពុកមានសេរីភាពវិញ។ តើអារម្មណ៍ពួកគេ ដូចអារម្មណ៍ខ្ញុំនៅក្នុងរបបអាវខ្មៅនោះដែរទេ? ខ្ញុំចេះតែគិតថា បើរឿងអ្នកទាំងប្រាំនាក់នោះអយុត្តិធម៌ដូចគេនិយាយមែន នោះអារម្មណ៍ក្មេងៗដែលជាកូនៗរបស់ពួកគេ ក៏មិនខុសពីអារម្មណ៍ខ្ញុំនៅក្នុងរបបខ្មែរក្រហមនោះដែរ។ បើសិនជាដូច្នោះមែន តើរបបនេះមានអ្វីខុសពីរបបខ្មែរក្រហមដែលខ្ញុំធ្លាប់យំរកឪពុកទាំងយប់នោះទៅ?
ដោយ៖ ណុល ដារ៉ា
នឹកពេលយូម្លេះបង តាំងពីសែសិបឆ្នាំមុន