ជាយូរហើយ ខ្ញុំខានបានសរសេរដើម្បីមិត្តអ្នកអានដែលបានតាមដានប្លក់របស់ខ្ញុំ។
ការណ៍នេះមិនមែនដោយសារខ្ញុំឈប់សរសេរនោះទេ ខ្ញុំនៅតែការសរសេររបស់ខ្ញុំជានិច្ច គ្រាន់តែថា ខ្ញុំប្ដូររបៀបសរសេរ និងប្ដូររបៀបផ្សព្វផ្សាយ ព្រោះថានៅទីនេះ ខ្ញុំឃើញថា មានអ្នកអានមិនច្រើនដូចនៅកន្លែងផ្សេងដែលខ្ញុំបានផ្សាយ។
យ៉ាងណាក៏ដោយ ថ្ងៃនេះខ្ញុំសូមណែនាំឲ្យអ្នកអានទាំងអស់រកទិញសៀវភៅរឿងខ្លីមួយ បកប្រែពីភាសាបរទេស គឺរឿង ដួងកែវ Aleph។ រឿងនេះមានជម្រៅខ្លាំងណាស់! អ្នកនិពន្ធសរសេរពីនេះបន្តិច នោះបន្តិច បន្លំឲ្យអ្នកអានវង្វេងតាមគាត់មិនទាន់ មើលមិនយល់។
ក្រោយពីបានអានហើយ ខ្ញុំមានយោបល់មួយ ដែលអាចដូចនឹងអ្នកបកប្រែទាំងពីរនេះ ឬក៏ខុស។
ខាងក្រោមនេះគ្រាន់តែជាយោបល់របស់ខ្ញុំក្នុងនាមអ្នកអានម្នាក់ប៉ុណ្ណោះ។
តាមពិតទៅ គ្មានដួងកែង Aleph មកពីណានោះទេ វាគ្រាន់តែជាការស្រមើស្រមៃរបស់អ្នកនិពន្ធតែប៉ុណ្ណោះ ហើយវាជាមធ្យោបាយមួយដែលអាចទាញទៅរកចំណុចរួមមួយ។ ចំណុចរួមគឺថា មនុស្សម្នាក់ៗមានដួងកែវគ្រប់ៗរូប តែវាខុសគ្នាពីបគ្គលម្នាក់ទៅបុគ្គលម្នាក់ ដូចជាចិត្ត និងអារម្មណ៍មនុស្សម្នាក់ៗអ៊ីចឹងដែរ។ អ្នកឯងថាខ្ញុំឆ្កួតនឹងដួងកែវរបស់ខ្ញុំ ឯខ្ញុំថាអ្នកឯងឆ្កួួតនឹងដួងកែវរបស់អ្នកឯង។
ធម្មតាមនុស្សគ្រប់គ្នាមើលមិនឃើញកំហុស ឬភាពអវិជ្ជមានរបស់ខ្លួនឯងទេ ផ្ទុយទៅវិញមើលឃើញកំហុស និងភាពអវិជ្ជមានរបស់អ្នកដទៃជានិច្ច ពេលខ្លះនិយាយចោទគេថា អ្នកនេះ ឬអ្នកនោះមានគំនិតឆ្កួតៗ ឆោតល្ងង់ … ហើយអ្នកនោះមិនដែលគិតថា អ្នកដទៃទៀតគិតយ៉ាងម៉េចមកលើខ្លួននោះទេ។បើតាមរឿងដួងកែវ Aleph នេះ មនុស្សគ្រប់គ្នាតែងគិតថា អ្នកដទៃមានគំនិតឆ្កួតៗ ឆោតល្ងង់។ មានន័យថា បើយើងគិតថាគេឆោតល្ងង់ គេក៏គិតថាយើងឆោតល្ងង់ និងមានគំនិតឆ្កួតៗដូចតែគ្នាហ្នឹង គ្រាន់តែថា គេឆ្កួត ឬល្ងង់ក្នុងរឿងរបស់គេ ឯយើងឆ្កួត និងល្ងង់ក្នុងរឿងរបស់យើង។
ជារួម មនុស្សគ្រប់គ្នាមានភាពឆ្កួតៗ និងភាពឆោតល្ងង់រាងៗខ្លួន។ ពេលខ្លះ ភាពឆ្កួតៗ និងភាពល្ងង់របស់គាត់ ល្អជាងភាពឆ្កួតៗ និងល្ងង់របស់យើងផង។
យ៉ាងណាក៏ដោយ ខ្ញុំគិតថា អ្នកអាននឹងមានគំនិត ឬយោបល់ផ្សេងខុសពីខ្ញុំក្នុងរឿងនេះ។ ព្រោះថា កញ្ចក់សម្រាប់ឆ្លុះ នរណាអ្នកទៅឆ្លុះកញ្ចក់ នឹងឃើញមុខអ្នកនោះ៕
សូមអរគុណ