ពេលអានសៀវភៅ <<ជនជាប់ចោទ>> របស់លោកឃុន ស្រ៊ុនឡើងវិញ ខ្ញុំបានឃើញដានកង់មួយ វិលកិនមនុស្សខ្មែរតជំនាន់។
រឿងរ៉ាវលោកឃុន ស្រ៊ុន ក្នុងសៀវភៅនេះបានកើតឡើងកាលពី៤៥ឆ្នាំមុន។ លោកត្រូវបានរដ្ឋការលន់ នល់ ចាប់ឃុំឃាំងសួរចម្លើយអស់រយ:ពេល១៨១ថ្ងៃ ដោយគ្មានទោសពៃរ៍។ ក្រៅពីនិយាយពីភាពពិបាកបកស្រាយ នៃការចោទប្រកាន់ចំពោះអំពើក្បត់ជាតិ លោកបានរំឭកពីធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលចែងពីសិទ្ធិក្នុងការតែងនិពន្ធ សិទ្ធិសម្ដែងមតិ សិទ្ធិនយោបាយជាដើម។ លោកបានសរសេរមួយឃ្លាក្នុងសៀវភៅនេះថា កាលពី១០០ ឬ២០០ឆ្នាំមុនមានករណីរំលោភសិទ្ធិមនុស្សបែបនេះបានកើតឡើង មកដល់សម័យរបស់លោក ក៏មានរឿងរំលោភសិទ្ធិកើតឡើង ហើយលោកបានព្យាករថា ៥០ ទៅ៦០ឆ្នាំខាងមុខក៏នឹងមានរឿងដូចគ្នានេះកើតឡើងដែរ បើនៅមានសង្គមមនុស្ស។
ដូចការគិតទុករបស់លោកឃុន ស្រ៊ុន សង្គមបច្ចុប្បន្ននៅតែមានករណីដូចកាលពី៤៥ឆ្នាំមុន អ្នកសម្ដែងមតិត្រូវបានគេសម្លាប់ គំរាមកំហែង បំផិតបំភ័យ សេរីភាពសារព័ត៌មានត្រូវបានរឹតត្បិត ហើយជាពិសេសនោះគឺសិទ្ធិនយោបាយត្រូវបានបំពាន បានន័យថា សង្គមខ្មែរបច្ចុប្បន្ននៅមិនទាន់ចេញផុតពីដានកង់ដែលលោកឃុន ស្រ៊ុនបានជួប និងបានព្យាករនោះទេ ពោលគឺវាបាន និងកំពុងវិលកិនលើជនជាតិខ្មែរយើងម្ដងហើយម្ដងទៀត បច្ចុប្បន្នអ្នកខ្លះត្រូវគេវាយដំ អ្នកខ្លះរត់ចោលស្រុក អ្នកខ្លះត្រូវគេចាប់ដាកគុក ដោយការចោទថាក្បត់ជាតិ។
ក្នុងនាមមនុស្សជាតិ និងជាខ្មែរម្នាក់ ខ្ញុំដាច់ខាតមិនចង់ឃើញការធ្វើទុក្ខបុកម្នេញបែបនេះបន្តកើតមានលើពលរដ្ឋខ្មែរទៅទៀតទេ។
ដោយ ណុល ដារ៉ា
ទើបតែអានម្សិលម៉្ងៃដែរ។