ជាយូរហើយមានសំណួរមួយសួរថា តើមនុស្ស និងសត្វខុសគ្នាត្រង់ណា?
នៅពេលដែលខ្ញុំមិនទាន់បានស្ដាប់ធម៌ មិនទាន់បានប្រតិបត្តិធម៌នៅឡើយ ខ្ញុំឆ្លើយដូចមនុស្សភាគច្រើនដែរថា មនុស្សខុសពីសត្វ ត្រង់មនុស្សមានការគិតពិចារណា ចេះប្រើភាសានិយាយ និងសរសេរដើម្បីទាក់ទងគ្នា ចេះគ្រប់គ្រងលើធម្មជាតិ ទាញប្រយោជន៍ពីធម្មជាតិ ចេះចិញ្ចឹមសត្វ ដើម្បីឲ្យបម្រើមនុស្ស។ ចំណែកឯសត្វមិនអាចគ្រប់គ្រងធម្មជាតិបានទេ សត្វរស់នៅដោយពឹងលើធម្មជាតិ តាមតែសម្មាជីវោ។
ប៉ុន្តែក្រោយពេលដែលខ្ញុំបានស្ដាប់ធម៌ និងបានបដិបត្តិធម៌ ទើបខ្ញុំដឹងថា ចម្លើយនោះគឺខុសស្រឡះ។ តាមពិត អ្វីដែលខុសគ្នារវាងមនុស្ស និងសត្វ គឺត្រង់មនុស្សអាចគ្រប់គ្រងតណ្ហាបាន។ សត្វ វាដឹងតែស៊ីនៅពេលវាឃ្លាន វាផឹកទឹកនៅពេលវាស្រេកទឹក។ បើវាមិនបានស៊ី មិនបានផឹក នោះវាស្រែករោទិ៍ទួញយំ នេះហើយជាតណ្ហា។ មនុស្សអាចគ្រប់គ្រងតណ្ហាបាន ដោយមិនបណ្ដោយឲ្យតណ្ហាដឹកមុខដូចសត្វ។ នេះហើយជាចំណុចខុសគ្នាពិតប្រាកដរវាងសត្វ និងមនុស្ស។
បើមនុស្សបណ្ដោយឲ្យតណ្ហាដឹកមុខដូចសត្វដែរ តើមនុស្សនិងសត្វមានអ្វីខុសគ្នា?
ដោយ ណុល ដារ៉ា