គេមិនស្ដាប់ការអំពាវនាវទេ

នាងខ្ញុំឈ្មោះស្រីមុំ ជាកម្មកររោងចក្រមួយនៅរាជធានីភ្នំពេញ។ ជាកូន​កសិករ​នៅ​ជនបទ ខ្ញុំរៀន​បាន​​​តិចតួច​ប៉ុណ្ណោះ។ ដូច្នេះ សូម​លោក​នាយក​រដ្ឋមន្ត្រី​មេត្តា​អធ្យាស្រ័យ​ចំពោះ​ពាក្យពេចន៍របស់​ខ្ញុំ។

ប៉ុន្មានថ្ងៃមុនខ្ញុំបានស្ដាប់វិទ្យុVOD ឮថាលោកនាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យរថយន្ត​ឈ្នួល កុំដំឡើង​ថ្លៃ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ។ នាងខ្ញុំពិតជារីករាយណាស់ពេលបានឮការអំពាវនាវនោះ។ ជម្រាប​លោក​នាយក​រដ្ឋមន្ត្រីតាមត្រង់ចុះ រដូវភ្ជុំនេះនាងខ្ញុំមានលុយក្នុងហោប៉ៅត្រឹមតែ៥០ដុល្លារប៉ុណ្ណោះ។ ម្យ៉ាងវាជាលុយដែលខ្ញុំថៅ​ផង។

ម្សិលមិញ ខ្ញុំបានទិញសំបុត្រឡានក្រុងធ្វើដំណើរមកលេងភ្ជុំ​ឯស្រុក។

លោកនាយករដ្ឋមន្ត្រីដឹងទេថា នៅថ្ងៃធម្មតាខ្ញុំជិះឡានក្រុងពីភ្នំពេញ​មក​បាត់ដំបង​ត្រឹមតែ​២ម៉ឺន​រៀល​​ប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃ​បិណ្ឌទី១៣នោះ ខ្ញុំត្រូវ​ចំណាយលុយ​ដល់ទៅ​៥ម៉ឺនរៀល មិនតែ​ប៉ុណ្ណោះ​ខ្ញុំត្រូវ​ចំណាយ​ពេល​រង់ចាំឡានក្រុង​ជាច្រើនម៉ោង​ទៀតផង។

ជាបឋមសូមអរគុណលោកនាយករដ្ឋមន្ត្រី ដែលបានអំពាវនាវ​កុំឲ្យរថយន្ត​ឈ្នួល​ឡើង​ថ្លៃ កុំអី​ប្រហែល​​រថយន្តឈ្នួលឡើងថ្លៃដល់១០ ឬ២០ម៉ឺនរៀលផងក៏មិនដឹង។

ប៉ុន្តែខ្ញុំក៏មានពាក្យខ្លះដែរ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី បើសូម្បីតែក្រុមហ៊ុនរថយន្តឈ្នួល ក៏​មិន​ស្ដាប់​​​ការ​អំពាវនាវរបស់លោក​ទៅ​ហើយ តើលោកធ្វើម្ដេចនឹងអាចដឹកនាំប្រទេសជាតិ​មានសេចក្ដី​សុខ សន្តិភាព និងប្រកប​ដោយឥស្សរភាព​ទៅកើត។

ដូចខ្ញុំបានរំឭកហើយថា ខ្ញុំរៀនបានតិចតួច តែនៅភ្នំពេញ ខ្ញុំមានត្រចៀកស្ដាប់​​ព័ត៌មាន​ដែរ។ ខ្ញុំ​ធ្លាប់​​ឮថា ពេលលោកសម រង្ស៊ីធ្វើជារដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ពេលតម្លៃសាំងលើ​ទីផ្សារ​ឡើង​ថ្លៃ គាត់​បញ្ចេញសាំងមកទប់ ពេលប្រាក់ដុល្លារឡើងថ្លៃ គាត់បញ្ចេញប្រាក់ដុល្លារ​មកលក់ឲ្យ​ពួក​ឈ្មួញ ដើម្បី​រក្សា​​លំនឹង​ទីផ្សារ។

ខ្ញុំគ្មានបំណងបង្រៀនក្រពើឲ្យចេះហែលទឹកនោះទេ ហើយក៏មិនមានបំណង​រំឭកពីរបៀប​ដឹកនាំ​ប្រទេស​ ដល់អ្នកធ្វើជានាយករដ្ឋមន្ត្រីច្រើនជាង​ពាក់កណ្ដាល​នៃអាយុ​របស់ខ្លួននោះដែរ។ ខ្ញុំគ្រាន់​តែ​​រំឭក​ថា បើលោកគ្មានចំណេះវិជ្ជា គ្មាន​សមត្ថភាពក្នុង​ការដឹកនាំប្រទេស​ទេ លោកគួររៀន​តាម​របៀប​​ដោះស្រាយ​ ដែលលោកក៏ធ្លាប់ដឹងនោះដែរហើយ។

ការអំពាវនាវគ្មាននរណាស្ដាប់ទេ ប៉ុន្តែចំណាត់ការ​និងដំណោះស្រាយទើបជាការប្រសើរ។

សង្ឃឹមថា ក្រោយពីបានអានលិខិតនេះហើយ លោកនាយករដ្ឋមន្ត្រីនឹងឈឺក្បាល ហើយខំរក​ដំណោះ​ស្រាយឲ្យ​មានប្រសិទ្ធភាព ហើយខ្ញុំ​ក៏សង្ឃឹមថាដែរថា ពេលខ្ញុំត្រឡប់ទៅភ្នំពេញ​វិញ ក្រោយ​រដូវភ្ជុំ​បិណ្ឌ​នេះ តម្លៃឈ្នួលឡានក្រុងនឹងនៅត្រឹម២ម៉ឺនរៀល ដូចថ្ងៃធម្មតា៕

កម្មករចំណាកស្រុកមកពីបាត់ដំបង

ស្រីមុំ

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

គណបក្សប្រជាជនកម្ពុជា ព្រមានចាត់វិធានការអ្នកមិនទទួលស្គាល់លទ្ធផលបោះឆ្នោតអាណត្តិទី៥

តំណាងរាស្ត្រម្នាក់ មកពីគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសុក្រនេះ ព្រមានចាត់វិធានការលើអ្នកទាំង​ឡាយ​ណា ​មិនទទួល​ស្គាល់លទ្ធផលបោះឆ្នោតឆ្នាំ២០១៣ ដោយប្រាប់ឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នក្នុង​ការនិយាយ​ពីការ​លួច​បន្លំសន្លឹកឆ្នោត។

តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោកឈាង វុន មានប្រសាសន៍បែបនេះ នៅក្នុងសន្និសីទសារ​ព័ត៌មានមួយនៅរដ្ឋសភា នាថ្ងៃសុក្រទី ១៨ ខែកក្កដានេះ ដោយលើកឡើងថា ប្រយ័ត្នរដ្ឋអំណាច​ទ្រាំ​លែងបាន។ លោកមានប្រសាសន៍បន្ថែមថា ប្រសិនបើ​មាន​ការលួចបន្លំ​សន្លឹកឆ្នោត​មែន ហេតុអ្វី​បានជា​អ្នកសង្កេតការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សម រង្ស៊ី ចុះហត្ថលេខា​ទទួល​ស្គាល់​។

ក្រោយការបោះឆ្នោតជាតិអាណត្តិទី៥ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បាន​ច្រាន​ចោល​លទ្ធផល​បោះឆ្នោត ដោយ​ចោទ​ថា​មាន​ការលួចបន្លំ​សន្លឹកឆ្នោត និង​ទាមទារ​ឲ្យមាន​ការស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​ ក៏ដូចជាទាមទារឲ្យមានការបោះឆ្នោតឡើងវិញជាដើម។

ក្នុងការបើកកញ្ចប់សុវត្ថិភាពមួយចំនួនតូចមកពីខេត្តក្រចេះ គេឃើញមានភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរ មិនខុសពីការចោទប្រកាន់របស់គណបក្សសង្គ្រោះជាតិ។ បញ្ហានេះ នាំឲ្យមានការទម្លាក់ការទទួលខុស​ត្រូវ​ដាក់គ្នាទៅវិញទៅមក រវាងមន្ត្រីរៀបចំការបោះឆ្នោតថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់​ឃុំ​សង្កាត់។ នេះនៅ​មិនទាន់​គិតពីភាពមិនប្រក្រតីនៅខេត្តកំពង់ចាម បាត់ដំបង និងជាពិសេសភាពមិន​ប្រក្រតីនៅ​ខេត្ត​កណ្ដាល​ ដូចដែលគណបក្សសង្គ្រោះជាតិបានចោទប្រកាន់ផង។

សូមជម្រាបថា លោកឈាង វុន ជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា ប៉ុន្តែមិនមែនជា​មន្ត្រី​រដ្ឋាភិបាល​នោះទេ។ អ្នកវិភាគយល់ថា ប្រសាសន៍របស់លោក ជាការបើកផ្លូវឲ្យរដ្ឋាភិបាល ចាត់ការ​លើ​បក្សប្រឆាំង ដែលជាដៃគូប្រជែងសន្លឹកឆ្នោត និងជាការលូកដៃទៅក្នុងកិច្ចការរបស់រដ្ឋាភិបាល។

ការព្រមានរបស់លោកឈាង វុន ធ្វើឡើងភ្លាមៗក្រោយពេលរដ្ឋាភិបាល ចាប់ខ្លួនបេក្ខជនជាប់ឆ្នោត​តំណាង​រាស្ត្ររបស់គណបក្សសង្គ្រោះជាតិចំនួន៧នាក់ និងជំនួយការលោកស្រីមួរ សុខហួរម្នាក់ ហើយ​គ្រោង​​នឹងចាប់ខ្លួនមនុស្សមិនទាន់កំណត់អត្តសញ្ញាណ២០នាក់ផ្សេងទៀត ដែលភាសាតុលាការ​ហៅ​ថា អញ្ញត្តិជន៕

ដោយ ៖ ណុល ដារ៉ា

បានផ្សាយ​ក្នុង អត្ថបទសាកល្បង | បញ្ចេញមតិ

កម្ពុជាគួររៀនពីអេស៊ីប ករណីទំនប់ទន្លេសេសាន

អាស្វនដេម ASWAN Dam ជាឈ្មោះទំនប់មួយ ដែលរដ្ឋាភិបាលអេស៊ីបបាន​សង់​កាត់​ទន្លេនីល នៅចុងទសវត្សរ៍ឆ្នាំ១៩៥០ ដោយចំណាយទឹកប្រាក់អស់​ប្រមាណ​១​ពាន់​លាន​ដុល្លារយ៉ាងឥតប្រយោជន៍។

សំណង់ទំនប់ទឹកដ៏ធំដែលមានជម្រៅ១១១ម៉ែត្រ និងប្រវែង៣,៧គីឡូម៉ែត្រ​ បាន​បណ្ដាល​ប្រជាពល​រដ្ឋ​​អេស៊ីប​១០​ម៉ឺន​នាក់​បោះបង់ចោលផ្ទះសម្បែង របស់ពួកគេ និង​ធ្វើ​ឲ្យ​លិច​ប្រាសាទ​បុរាណ​ជា​ច្រើន​របស់​ប្រទេស​​នេះ ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ។

គោល​បំណងនៃការសង់ទំនប់នេះ គឺដើម្បីធ្វើជាវារីអគ្គិសនីផង និង​យក​ទឹក​ទៅ​ស្រោច​ស្រព្វ​ស្រែ​ចម្ការ​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ផង ដែល​រដ្ឋា​ភិបាល​អេស៊ីប​ជំនាន់​នោះ​គិត​ថា ជាមធ្យោបាយប្រសើរមួយក្នុងការដោះស្រាយបញ្ហាស្បៀង ដែល​ប្រទេស​​នេះ​នឹង​ប្រឈម​ក្នុងពេលដ៏ខ្លី ដោយសារ​កំណើន​ប្រជាពលរដ្ឋនៅ​ពេល​នោះ​កំពុង​កើន​ឡើង​យ៉ាង​ខ្លាំង។

មុនការសាងសង់ទំនប់អាស្វនដេម ជារៀងរាល់ឆ្នាំទឹក​ជំនន់​ទន្លេនីល​តែង​តែ​នាំ យក​ដី​ល្បាប់​ដ៏​មាន​ជីវ​ជាតិ​ទៅ​​​​ស្រោច​​ស្រព្វ​ស្រែ​ចម្ការ​របស់​ប្រជាពល​រដ្ឋ ហើយ នៅ​រដូវ​ប្រាំង ទន្លេ​ហួតហែង បណ្ដាល​ឲ្យ​ខ្យង​ម្យ៉ាង ដែល​​បង្កើត​ដង្កូវ​ព្រូន ស៊ីស្តូ​សូមៀ​ស៊ីស (Schistosomiasis) ងាប់។ ប៉ុន្តែ​ក្រោយ​ការ​សាងសង់​ទំនប់រួច ទឹក​ទន្លេ​​នីល​លែង​បាន​នាំយក​ដីល្បាប់​ដ៏​មាន​ជីវជាតិ​ទៅ​ស្រោច​ស្រព្វ​ស្រែ​ចម្ការ របស់​កសិករ​ទៀត។ ប្រជាពល​រដ្ឋ​ត្រូវ​ចំណាយ​សឹង​តែ​៩០% នៃ​ចំណូល​របស់ខ្លួន​ទៅ​លើ​ជី​កសិ​កម្ម។ ចំណែក​ឯសត្វ​ខ្យង ដែល​បង្កើត​​ដង្កូវព្រូន ស៊ីស្តូ​សូមៀ​ស៊ីស បាន​កើត​រីក​រាល​ដាល​យ៉ាងច្រើន។

ដង្កូវព្រូន ស៊ីស្តូសូមៀស៊ីស គេមិន​អាចមើល​នឹង​ភ្នែក​ឃើញ​បាន​ទេ។ ប្រជាពល រដ្ឋ​ដែល​ប្រើ​ប្រាស់​​ទឹក​​ទន្លេ​​នីល ត្រូវ​ដង្កូវ​ព្រូន​នេះ​ចោះ​រន្ធ​យ៉ាង​តូច​នៅ​ស្បែក ហើយ​ចូល​​តាម​សរសៃ​ឈាម​ទៅ​ក្នុង​ខ្លួន។ វា​ធ្វើ​ឲ្យ​មនុស្ស​កើត​ជំងឺ​ស៊ីស្តូ។ អ្នក​​មាន​​ជំងឺ​​នេះ មាន​រូបរាង​កាយ​ស្គម​ស្គាំង និង​ដំពោះ​ធំ។

ជាង៥០%នៃប្រជាពលរដ្ឋអេស៊ីប មានជំងឺស៊ីស្តូ ហើយ​អ្នក​​កើត​ជំងឺ​នេះ​អាច​រស់​នៅ​យ៉ាង​យូរ​បំផុត​​បាន​ពី​ចន្លោះ២៥ ទៅ​៣០​ឆ្នាំ។

ប្រជាពលរដ្ឋ​ខ្មែរនៅផ្នែកខាងលើ​ដង​​ទន្លេ​​មេគង្គ​​នៃ​​ខេត្ត​ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង​​នៃ​ប្រទេស​​កម្ពុជា​ក៏​មានជំងឺ​ស៊ីស្តូ​នេះ​ផង​ដែរ ហើយការធ្វើទំនប់សេសាន អាចនឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សុខភាព និង​ជី​វភាព​ប្រជាពលរដ្ឋខ្មែរ​នៅ​តំបន់​នោះ ដូច​នៅ​អេស៊ីបដែរ ។

ករណីទំនប់អាស្វនដេម ជាមេរៀនដ៏ល្អមួយសម្រាប់​អ្នក​ដឹក​នាំ​ខ្មែរ​នា​ពេល​​បច្ចុប្បន្ន ដែលកំពុង​សាង​សង់​ទំនប់​វារី​អគ្គិសនី​​ទន្លេសេសាន។ ផលប៉ះពាល់ធ្ងន់ធ្ងរទី១ គឺ​ប្រជា​ពលរដ្ឋ​ត្រូវ​បានបណ្ដេញ​ចេញ​ពី​លំនៅ​ដ្ឋាន ទីកន្លែង​វប្បធម៌​​ប្រពៃណី​របស់​ពួក​គេ ទី២ គឺ​ករណី​ជំងឺ​ស៊ីស្តូ ដូច​នៅ​អេស៊ីប​ដែរ ទី៣ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កំណើន​មច្ឆា​ជាតិ និង​ជីវិត​សត្វ​ផ្សោត​ទន្លេមេគង្គ ព្រម​ទាំង​ផល​ប៉ះពាល់​​ជា​ច្រើន​ទៀត​ដូច​ជា​បាត់​បង់​ព្រៃ​ឈើ ជម្រក​​សត្វ​ព្រៃ និងជីវចម្រុះជាដើម។

ប៉ុន្តែមេរៀនពីទំនប់អាស្វនដេម ប្រហែល​ជាមិន​អាច​ឃាត់ឃាំង​អ្នកដឹកនាំខ្មែរ ដែល​មើលឃើញ​​តែ​ជ្រុង​​ផល​​ប្រយោជន៍ ​ហើយ​​មើល​មិន​​ឃើញ​គុណ​វិបត្តិ​របស់​វា​នោះ​បាន​​ទេ៕

អត្ថបទសាកល្បងដោយ ៖ ណុល ដារ៉ា

បានផ្សាយ​ក្នុង អត្ថបទសាកល្បង | បញ្ចេញមតិ

រវល់

ជម្រាបមិត្តអ្នកអាន!

សូមអភ័យទោសចំពោះការអាកខានសរសេរផ្សាយមួយរយៈយ៉ាងយូរ។

សូមមិត្តអ្នកអានអធ្យាស្រ័យចំពោះការខកខាននេះ!

សូមអរគុណ។

 

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

វិភាគ ៖ ​តើ​ការបាត់បង់​កម្ពុជា​ក្រោម ជា​មេរៀន​សម្រាប់​ខ្មែរ​បច្ចុប្បន្ន​ឬ​ទេ​?​

http://vodhotnews.com/20137

 

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

តើកម្ពុជាស្ថិតក្រោមអាណានិគមវៀតណាមឬ?

http://vodhotnews.com/19653

 

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

ភាពសៅហ្មងនៃទ្រង់រណឫទ្ធិ

ការសម្រេចព្រះទ័យយាងចូលមកឆាកនយោបាយរបស់ទ្រង់រណឫទ្ធិ ជាប្រធានបទថ្មីដែលគេពិភាក្សា​គ្នា​ពេញបណ្ដាញសង្គមហ្វេសប៊ុក និងបណ្ដាញសារព័ត៌មាននានា។ វាជារឿងដែលគួរឲ្យចាប់អារម្មណ៍ដែរ ថ្វីបើទ្រង់ជាអ្នកនយោបាយបរាជ័យ តែ​អ្នកជិតស្និទ្ធនឹងព្រះអង្គលើកតម្កើងគុណតម្លៃព្រះអង្គថា មានមនសិការជាតិខ្ពស់ណាស់ បើធៀបទៅនឹងអ្នកនយោបាយនៃបក្សប្រជាជនកម្ពុជា តែវាទាស់តែម្យ៉ាង គឺ​ទ្រង់ខិលខូចនឹងស្រីញីពេក តែការនេះវាជារឿងរបស់សត្វលោក។

ព្រះអង្គធ្លាប់សន្យាថា ឈប់វិលមករកឆាកនយោបាយវិញហើយ ប៉ុន្តែទ្រង់ធ្វើមិនបានទេ រហូតដល់មាន​ពាក្យរិះគន់ទ្រង់ថា ជាអ្នកញៀននយោបាយទៀតផង។ ក្រោយការវិលមករកនយោបាយវិញ ព្រះអង្គ​អាច​រកការគាំទ្របាន២កៅអីដែរ នេះបញ្ជាក់ថា ទ្រង់មិនអន់ប៉ុន្មានទេ បើធៀបទៅនឹងគណបក្សនយោបាយ​ផ្សេងទៀត ដូចជា អ៊ិលឌីភី និងអតីតគណបក្សរបស់ទ្រង់ជាដើម។ ប៉ុន្តែបើធៀបទៅនឹងគណបក្សពីរធំៗនោះ ព្រះអង្គនៅក្រោយគេឆ្ងាយណាស់។

ក្នុងចំណោមផ្លូវបី ដែលគេមើលឃើញថាទ្រង់នឹងជ្រើសរើស ទី១. ត្រួសត្រាយផ្លូវដោយព្រះអង្គឯង ទី២. ធ្វើអាយ៉ងរបស់ស៊ីភីភី និងទី៣. ចូលរួមកម្លាំងជាមួយស៊ីអិនអរភី គឺនៅសល់តែពីរផ្លូវប៉ុណ្ណោះ ព្រោះថា​ផ្លូវ​ទី១ ពិបាកក្រៃលែង ដោយសារវ័យកាន់តែជ្រេរផង បរាជ័យញយដងផង អស់ធនធានផង ព្រះអង្គមិនអាច​យាងតាមផ្លូវទី១បានទេ។

បើសិនជាព្រះអង្គសម្រេចព្រះទ័យជ្រើសរើសផ្លូវទី២ នោះនឹងមិនមានឧបសគ្គអ្វីរាំងរាព្រះអង្គឡើយ ព្រោះ​ស៊ីភីភីមានធនធាន ជួយសម្រួលថ្វាយព្រះអង្គបាន។ ចំណែកឯផ្លូវទី៣ ជាផ្លូវទ័លច្រក មិនអាចចេញ​រួច​សោះ​តែម្ដង ព្រោះថា បើព្រះអង្គអាចចេញរួច នោះព្រះអង្គចេញតាំងពីមុនបោះឆ្នោតជាតិអាណត្តិទី៥នេះ​ម្ល៉េះ ដោយសារពេលនោះ ស៊ីអិនអរភី បានបើកទ្វារចំហរចាំទទួលព្រះអង្គដោយកិត្តិយស គឺថ្វាយឋានៈ​ព្រះអង្គជាប្រធានកិត្តិយសរបស់គណបក្សនេះទៀតផង ប៉ុន្តែព្រះអង្គចេញមិនរួច ដោយសារជាប់គន្លឹះ​របស់​ស៊ីភីភី។

ដូច្នេះ ផ្លូវនយោបាយរបស់ព្រះអង្គមានតែមួយគត់ គឺផ្លូវទី២ ក្រោមរូបភាពនយោបាយពីរយ៉ាង ទី១. ប្រមែប្រមូលកូនចៅចាស់ឡើងវិញ ដោយមានការជួយគាំទ្រពីស៊ីភីភី ដើម្បីឲ្យ​ព្រះអង្គទទួលស្គាល់លទ្ធផលឆ្នោតលើកក្រោយ និងចូលរួមក្នុងរដ្ឋាភិបាលជាមួយស៊ីភីភី តាមចំណែក​ដែល​ស៊ីភីភីប្រគល់ឲ្យ ព្រោះថាព្រះអង្គជាសេះចាស់ ដែលស៊ីភីភីធ្លាប់ជិះស្រាប់ ទោះបីជាគេសម្លាប់សេះនេះហើយក៏ដោយ ក៏គេខំជប់ប្រោះឲ្យរស់ឡើងមកវិញ ដើម្បីបានជិះបន្តទៀត។

ត្រង់ចំណុចនេះ ក៏សម្ដែងឲ្យឃើញពីបរាជ័យយ៉ាងអាម៉ាស់ របស់កំពូលអ្នកប្រើល្បិចសាមកុកផងដែរ។ នៅក្នុងរឿងសាមកុក មាននគរបី ដែលទប់លំនឹងឲ្យមានតុល្យភាព បើនគរមួយក្នុងចំណោមនគរទាំងបី​រលាយហើយ នោះនគរពីរទៀតនឹងប្រយុទ្ធគ្នាយកចាញ់ឈ្នះមិនខាន ដូចលទ្ធផលដែលយើងឃើញស្រាប់។

ចំពោះរូបភាពនយោបាយទី២ ព្រះអង្គអាចនឹងបង្កើតបក្សថ្មីមួយ ហើយយកទៅបូកបញ្ចូលនឹងបក្ស​សង្គ្រោះ​ជាតិ ដើម្បីបានទទួលតំណែងប្រធានកិត្តិយស ដែលបក្សនេះព្រមប្រគល់ថ្វាយព្រះអង្គ ប៉ុន្តែគឺក្នុង​រូប​ភាពបង្កប់ រង់ចាំឱកាស​បំបែកខ្លួន ដូចដែលទ្រង់ធ្លាប់ធ្វើជាមួយលោកសម រង្ស៊ីពីរលើកមកហើយ។

ប៉ុន្តែក្នុងរូបភាពនយោបាយទី២ នេះ បើសិនជាព្រះអង្គភ្ញាក់ព្រះកាយ វានឹងអាចដូចករណីឡៅពី សុំចូឆូ​ចេញទៅច្បាំងនឹងអួនសៀវ ដូច្នោះដែរ ពេលនោះព្រះអង្គនឹងជួបអតីតកូនចៅព្រះអង្គ បង្កកម្លាំងមកវាយ​បក​ជាមួយស៊ីភីភី​វិញ។

មានមតិជាច្រើនមូលមាត់គ្នាថា ច្រកចេញដែលទំនងបំផុត គឺព្រះអង្គនឹងបង្កើតបក្សថ្មីមួយ ហើយចាំទទួលផល​ប្រយោជន៍ដែលស៊ីភីភី​ផ្ដល់ឲ្យ ដោយព្រះអង្គស្ម័គ្រធ្វើជាសេះចាស់របស់ស៊ីភីភីបន្តទៀត។ ម្យ៉ាង​បើចេញច្រកទី២ ប្រហែលពិបាក ព្រោះស៊ីភីភីខ្លាចរបូតព្រះអង្គ ដូចករណីឡៅពី ចេញពីចូឆូដូច្នោះដែរ។

ទោះយ៉ាងណា នេះគ្រាន់តែជាការពិចារណាមួយប៉ុណ្ណោះ។ អ្នកអាន អាចនឹង មើលឃើញផ្លូវច្រើនជាងនេះ នឹងយល់ផ្សេងពីនេះ។ សង្ឃឹមថា វានឹងបាន ជាគំនិតដល់លោកអ្នកអាន ក្នុងការផ្ដើមគិតពិចារណាក្នុង​រឿង​នេះដែរ៕

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

បានផ្សាយ​ក្នុង Uncategorized | 1 មតិ

ខ្សែចាប៉ី

គេមើលឃើញគ្រប់គ្នាថា ការចរចា គឺជាដំណោះស្រាយ។ តែ CPP ចង់ឲ្យទទួលស្គាល់លទ្ធផលឆ្នោត ឯCNRP ទាមទារឲ្យបោះឆ្នោតឡើងវិញ ព្រោះមានភស្តុតាង និងសាក្សីគ្រប់គ្រាន់បញ្ជាក់ពីការលួចបន្លំ។ តើត្រង់ណាជាចំណុចរួមនៃការចរចា?

ច្រកចេញតែមួយគត់គឺការបែងចែកអំណាច។ តើ CPP ហ៊ានកាត់ចំណែកដែលខ្លួនធ្លាប់ស៊ីទៅឲ្យ CNRP ទេ? ខ្លាធ្លាប់ស៊ីសាច់10kg បើឲ្យវាស៊ី5ឬ6kg វាស៊ីមិនឆ្អែតទេ។ តែបើតាមលទ្ធផលឆ្នោតលើកនេះ ប្រហែល CPP ហ៊ានលះបង់ចំណែករបស់ខ្លួន ដើម្បីចំណេញផលប្រយោជន៍នយោបាយទៅថ្ងៃមុខ។ ចំណែក CNRP វិញ ប្រៀបដូចនឹងខ្សែចាប៉ី “តឹងពេកដាច់ខ្សែ ធូរពេកអត់ពីរោះ”។ ដូច្នេះ CNRP ត្រូវតែធ្វើសម្បទានដ៏ធំមួយ គឺទទួលយកចំណែក ដែល CPP ចែកឲ្យ ដើម្បីបង្រួបបង្រួមជាតិ និងដោះស្រាយការជាប់គាំងនយោបាយ ហើយវាជាគ្រោះថ្នាក់ដ៏ធំរបស់ CNRP បានន័យថាខ្លួនទទួលស្គាល់លទ្ធផលលួចបន្លំ ដែលខ្លួនបានដឹង។ ទី1 បាត់បង់ការគាំទ្រ។ ទី2 CPP នឹងបន្តលួចទៀត ព្រោះគេមានអំណាច មានអាវុធ។ រឿងនេះមិនខុសពីកូនក្មេងលេងល្បែងជាមួយមនុស្សចាស់ទេ ដែលមនុស្សចាស់តែងតែមានប្រៀបជាង ព្រោះក្មេងខ្លាចចាស់។

រឿងយើង គឺយើងជាអ្នកដោះស្រាយ បើពឹងលើអ្នកទីបី ហើយគ្មានប្រយោជន៍ដល់គេ នោះគេមិនជួយយើងឡើយ។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

 

បានផ្សាយ​ក្នុង អត្ថបទសាកល្បង | បញ្ចេញមតិ

2013 in review

The WordPress.com stats helper monkeys prepared a 2013 annual report for this blog.

Here’s an excerpt:

The concert hall at the Sydney Opera House holds 2,700 people. This blog was viewed about 8,200 times in 2013. If it were a concert at Sydney Opera House, it would take about 3 sold-out performances for that many people to see it.

Click here to see the complete report.

បានផ្សាយ​ក្នុង Uncategorized | បញ្ចេញមតិ

អស់ព្រលឹតស៊ីហើយ

កាលពីថ្ងៃ១០ ធ្នូ ២០១៣ ជាថ្ងៃសិទ្ធិមនុស្សអន្តរជាតិ ខ្ញុំបានចូលរួមដង្ហែរក្បួនជាមួយប្រជាពលរដ្ឋពីមុខហាង​សាំងគីឡូលេខ៦ ឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យ។ មានមនុស្សជាច្រើនបានចូលរួមក្នុងការហែរក្បួននេះ។ ភាគច្រើននៃអ្នកចូលរួមជាអ្នកមកពីស្រុកជិតៗរាជធានីភ្នំពេញ ដូចជាស្រុកពញាឮ ស្រុកឧដុង្គ និងស្រុកខ្សាច់​កណ្ដាលជាដើម។

ពេលដែលក្បួនដង្ហែរតាមផ្លូវ គេឮតែពាក្យបង្កូកហៅឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះចេញពីតំណែង ដើម្បី​​​បោះឆ្នោតឡើងវិញ។ អ្នកឈរអបអរតាមផ្លូវក៏ជួយស្រែកបន្ទរដោយទឹកមុខរីករាយទាំងក្មេងទាំងចាស់។ ក្រៅពីពាក្យបង្កូកហៅឲ្យចុះពីតំណែងនេះ ខ្ញុំបានឮពាក្យមួយឃ្លាទៀត ដែលគួរឲ្យស្រណោះ នោះគឺ “លោក​ហ៊ុន សែន អើយចុះចេញទៅ អស់ព្រលឹតស៊ីហើយ!”។

បើលោកអ្នកធ្លាប់រស់នៅ និងធំដឹងក្ដីនៅជនបទដូចខ្ញុំ នោះលោកអ្នកនឹងដឹងថា ស្រុកខ្មែរមានអំណោយ​ផល​ពីធម្មជាតិល្អណាស់ ឲ្យតែមានអង្ករច្រកឆ្នាំង គឺអាចរស់បានហើយ បន្លែត្រីក្ដាមខ្យងមិនខ្វះទេ។ ប៉ុន្តែ​រយៈពេល​ជាង៣០ឆ្នាំ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីក្រោយរំដោះឆ្នាំ១៩៧៩ ជាពិសេស​ក្រោម​ការ​ដឹកនាំដ៏ថ្លៃថ្លារបស់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ធនធានធម្មជាតិសម្រាប់ទ្រទ្រង់អ្នកក្រ ឲ្យអាចរស់នៅ​កំដរផែនដីនឹងគេនោះ បានបាត់បង់ស្ទើរអស់រលីងទៅហើយ។ ពាក្យថា “អស់ព្រលឹតស៊ីហើយ” មានន័យជ្រៅ​ណាស់ នេះបើគេគិតឲ្យដល់ជម្រៅរបស់វា។ បរិស្ថានដែលទាក់ទងនឹងព្រលឹត គឺទឹក ក្នុងទឹកមានត្រី ក្ដាមខ្យង និងបន្ថែច្រើនប្រភេទ មានត្រកួន កញ្ឆែត រំចង់ និងសត្វបក្សីទឹកផង។ កាលណាអស់ព្រលឹតស៊ី បានន័យថា អស់​ធនធានទាំងអស់ដែលពាក់ព័ន្ធ។

ពិតជាមោទនភាពណាស់ ក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់បក្សប្រជាជនកម្ពុជា និងសម្ដេចទាំង៥ មេដឹកនាំធំៗក្នុង​បក្ស ជាពិសេសគ្រួសារសម្ដេចនាយករដ្ឋមន្ត្រីមានធនធានស្ដុកស្ដម្ភមហិមា សូម្បីចៅតូចកើតមកមិនទាន់ដឹងក្ដី ក៏មានលុយរាប់សែនដុល្លារទៅហើយ ចំណែករាស្ត្រសាមញ្ញពេញនគរធ្លាក់ខ្លួនក្រីក្រដុនដាបរហូតដល់ថ្នាក់រកតែ​ព្រលឹតស៊ីគ្មាន៕

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

បានផ្សាយ​ក្នុង អត្ថបទសាកល្បង | បញ្ចេញមតិ