ដើរល្អជាង

ថ្ងៃនេះ ខ្ញុំចូលទៅមើលគេហទំព័រកាសែតនគរវត្ត បានឃើញរឿងមួយគ្រោះថ្នាក់​ចរាចរណ៍​មួយ កើតឡើង​នៅតាមផ្លូវជាតិលេខ៥ កាលពីថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១១ រវាងរថយន្តតូយូតាហ៊ីយ៉ាក់ របស់រោងចក្រផលិត​ស្បែកជើង និង​រថយន្តទំនើបម៉ាករេងរ៉ូវ័រ​របស់លោកផ្កាយបី សួស អង្គារ៍។ តាមព័ត៌មាននៅក្នុងគេហទំព័រនោះ​ថា លោកផ្កាយបីបានទាមទារឲ្យភាគីបង្ក​សងរថយន្តមួយគ្រឿងថ្មីតែម្ដង ក្នុងតម្លៃត្រឹមតែដប់​ប្រាំមួយម៉ឺនដុល្លារ​ប៉ុណ្ណោះ។

ខ្ញុំគ្មានតួនាទីផ្នែកច្បាប់ដើម្បីវិភាគរកអ្នកខុស អ្នកត្រូវក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍នោះទេ។ ប៉ុន្តែអ្វីដែល​ខ្ញុំចង់ធ្វើការពិចារណាគឺរឿងទិញរថយន្ត​ថ្មីសងរថយន្តខូច។ តាម​ព័ត៌មាននោះថា ការ​ទាមទាររបស់លោកផ្កាយបីបាន​សម្រេច ហើយសំណុំរឿងនោះក៏បញ្ចប់​ទៅហើយដែរ។ ករណី​គ្រោះ​ថ្នាក់នោះ លោកផ្កាយបីជាមនុស្សមានសំណាង ព្រោះត្រូវបានគេសងរថយន្តថ្មីវិញ។ ខ្ញុំគិតថា​មានកត្តាពីរដែលនាំសំណាងមកឲ្យលោក។ កត្តាទីមួយសូមមិត្តអ្នកអាន​ទៅមើលគេហទំព័រ​នគរ​វត្ត​ដោយផ្ទាល់ ព្រោះគេបានបរិយាយនៅក្នុងនោះហើយ ខ្ញុំមិនចាំបាច់និយាយម្ដងទៀតទេ ព្រោះ​ណាមួយ​​ខ្ញុំមិនហ៊ានផង។ កត្តាទីពីរ មកពីភាគីម្ខាងទៀតមានលទ្ធភាព។

តើមានមនុស្សប៉ុន្មាននាក់ដែលមានលទ្ធភាពសងរថយន្តថ្មីបែបនេះ? បើសិនជាគ្រប់​ករណី​គ្រោះថ្នាក់ចរាចរណ៍ទាំងអស់សុទ្ធតែតម្រូវឲ្យទិញរថយន្តថ្មីសងវិញមែន មនុស្សមិនតិចទេដែលត្រូវជាប់​គុកអស់​មួយ​ជីវិត ព្រោះគ្មានលុយទិញរថយន្តសងម្ចាស់គេវិញ ក្នុងនោះនឹងមានទាំងខ្ញុំដែរ បើមិនដូច្នោះក៏មាន​មិត្តភក្តិខ្ញុំ សាច់​ញាតិខ្ញុំ ឬពលរដ្ឋខ្មែរដែលជាជាតិរបស់ខ្ញុំដែរ។

ខ្ញុំសូមលើកម្រាមទាំងដប់បួងសួងប្រាថ្នាមិនឲ្យមានករណីដូចខាងលើនេះ កើតឡើងចំពោះពលរដ្ឋខ្មែរគ្រប់រូប​រួមទាំងខ្លួនខ្ញុំផង។ បើខ្ញុំអាចដើរពីផ្ទះទៅកន្លែងធ្វើការដែលមានចម្ងាយជិតហាសិបគីឡូម៉ែត្របាន (សរុបទាំងទៅទាំង​មក) ខ្ញុំនឹងដើរ ហើយខ្ញុំគិតថា ដើរល្អជាង ដើម្បីកុំឲ្យមានគ្រោះកាច គ្រោះកម្មប៉ះពារលើឡានអ្នកមានលុយ អ្នកមានបុណ្យសក្ដិដូចករណីខាងលើ។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

1 Responses to ដើរល្អជាង

  1. អារ៉ាដ លុន ថា:

    បច្ចុប្បន្ននៅទីក្រុងភ្នំពេញ អ្នកមានលុយ មានអំណាចសម្ញែងឡានល្អៗនៅតាមផ្លូវ ថ្ងៃណាមួយគង់តែមានគេទៅបុក ទៅប៉ះ ហើយអ្នកទាំងឡាយណាដែលហ៊ានទៅប៉ះបុកនោះ​នឹងជួបគុកច្រវ៉ាក់ដោយអត់លុយទិញឡានថ្មីឲ្យគេមិនខាន។ ញំចង់ដើរទៅរៀនដែរ ដើម្បីចៀសវាងគ្រោះថ្នាក់ ព្រោះខ្ញុំក្រណាស់ គ្មានលុយដប់ម៉ឺនដុល្លារជាងដើម្បីទិញឡានល្អទេ។ កុំថាឡាន សូម្បីម៉ូតូក៏ជិះតែអាកញ្ចាស់ហ្នឹងជិតមួយជីវិតហើយ។ អ្នកធំ អ្នកមាន គេមានឡានល្អៗ មានផ្ទះវិឡាស្គឹមស្កៃ គ្រាន់តែឡានខូច ដូរថ្មីខ្លួនឯងទៅមិនបានអី? វប្បធម៌អាងអំណាចនេះ ធ្វើឲ្យខូចសង្គមខ្មែរអស់ហើយកនយើង!

បញ្ចេញមតិ