មួក

ព្រឹកមិញ តាមផ្លូវទៅធ្វើការ ខ្ញុំបានឃើញ​នារីវ័យក្មេង​សាច់សខ្ចី​ដ៏ស្រស់ស្អាតម្នាក់ ពាក់អាវ​សដៃខ្លី​ទំនង​ជាសិស្សវិទ្យាល័យ អាយុប្រហែលក្រោមដប់ប្រាំបីឆ្នាំ បើករថយន្ត​មែសឺដេស ហ្វរម៉ាតិក អេសយូវី ថ្មីសន្លាង ពណ៌ខ្មៅរលើប ទាំងមនុស្ស ទាំងរថយន្ត សុទ្ធតែមានភាពទាក់ទាញ​ដូចគ្នា។ ខ្ញុំចោលកន្ទុយភ្នែកតាមគយគន់ ឃើញនាងបើករថយន្តតែម្នាក់ឯង ហើយនៅលើតាប្លូជិត​ដៃចង្កូត មានដាក់តាំងមួកពណ៌សស្អាតមួយដែរ។

ពេលដែលម៉ូតូ និងរថយន្តបរគើមៗលើកំណាត់​ផ្លូវពីរង្វង់មូល​ជ្រោយចង្វា ទៅ​អង់តែន​ទួលគោក រថយន្តមែសឺដេសរបស់នាង បើកចេញមកពីច្រកផ្ទះល្វែង ដែលសង់លើអតីត​សាលា​រចនា ឬសាលាមធ្យមសិក្សាវិចិត្រសិល្បៈខាងលិចស្តាតចាស់បានឈប់ស្ងៀម ដើម្បីរង់ចាំឆ្លងផ្លូវ។ ស្របពេលជាមួយគ្នា ក្មេងៗប្រុសស្រីតូចៗពីរនាក់ អាយុប្រហែលប្រាំបី ទៅដប់ឆ្នាំស្ពាយ​ការុង​​កញ្ចាស់លើស្មាម្នាក់មួយ​ដើររើសសំរាម ដើម្បីចិញ្ចឹមជីវិត។

នេះជាផ្ទាំងគំនូរដ៏រស់រវើក និងយ៉ាងមានតម្លៃ ដែលមិនទាន់មានវិចិត្រករណាផាត់ពណ៌ជា​រូបភាពនៅលើផ្ទាំងសំពត់សរបស់គេនៅឡើយ។ ផុតពីតួនាទីរបស់ភ្នែក សញ្ញាទាំងអស់បានបញ្ជូន​បន្តទៅខួរក្បាល វាចាប់ផ្ដើមគិត។ គំនិតដំបូងគឺព្រេងវាសនា ជាអ្នកបណ្ដាលឲ្យមានអ្នកមាន និងអ្នកក្រ។ ខ្ញុំសរសើរវាសនាដ៏ត្រចះត្រចង់​របស់នាងតូច ជាមួយ​រថយន្ត​ទំនើប​របស់នាង។ ហើយក៏​បន្ទោស​វាសនារបស់ក្មេង​រើសអេតចាយ ក៏ដូចជាវាសនា​របស់ខ្លួនឯង ដែលខំធ្វើ​ការម្ភៃ​ឆ្នាំ​ឡើង​ទំពែក​ក្បាលទៅ​ហើយនៅតែ​ជិះ​ម៉ូតូ​កញ្ចាស់​ងើបក្បាល​មិន​រួច។ បន្តមកទៀត ខួរក្បាលវានាំ​ឲ្យ​គិត​តាមបែប​ជាមនុស្ស យើងទាំងអស់គ្នា​កើតមកខ្លួនទទេស្អាតដូចគ្នា ឬក៏ថា ទាំងអស់គ្នា​ចេញពី​សង្គ្រាមបាតដៃទទេដូចគ្នា រយៈពេលជាងសាមសិបឆ្នាំ​ក្រោយមក ម៉េចបានជាកម្រិត​ជីវភាព​អ្នក​បាត​ដៃទទេដូចគ្នាពីមុននោះ ប្រែជា​ខុសគ្នាឆ្ងាយហៅ​លែងឮ​យ៉ាងនេះ។ ខ្ញុំមិនច្រណែនគេទេ សូម្បីតែក្មេង​អ្នក​រើសអេតចាយ​នោះ ក៏គ្នា​គ្មានអារម្មណ៍​គិតច្រណែននឹង​អ្នកណា​ដែរ​មើលទៅ។ ខ្ញុំសរសើរនាង​តូច ដែលប្រហែលមានឪពុកម្ដាយ​ជាចិន យួន ពូកែប៉ិនខាងរកស៊ីជួញ​ដូរ ទើបមានលុយ​ទិញ​ឡានល្អ​ឲ្យកូនជិះយ៉ាងនេះ។ ប៉ុន្តែបើគិតទៅដល់មួកពណ៌សនោះ វាមិនមែនជាមួក​ធម្មតាទេ វាមានរូបសញ្ញាកួរស្រូវព័ទ្ធអមនាងអប្សរា។ ដូច្នេះ នាងមិនមែនជាកូនអ្នកជំនួញចិន យួន​ដែលពូកែរកស៊ីជួញប្រែនោះឡើយ។

កាលពី​ប៉ុន្មានឆ្នាំមុន​ ខ្ញុំបាន​ឮកម្ម​វិធី​អេស៊ាខលលីងរបស់​វិទ្យុ​វីអូឌី ដែលពណ៌នាពីការបង្ហាញអំណាច​របស់មន្ត្រី​យោធា​នៅប្រទេស​ភូមា ដោយការដាក់មួកប៉ារេយោធា​របស់​ពួក​គេ​នៅ​លើ​តាប្លូឡាន ដែលធ្វើ​ឲ្យ​ប្រជាជន​ស៊ីវិល ក៏ដូច​ជា​មន្ត្រីចរាចរណ៍​មិន​ហ៊ានក្បែរ។ ទន្ទឹម​ពេល​ជា​មួយ​គ្នា​នោះ នៅ​ស្រុកខ្មែរ មន្ត្រីធំៗ​ប្រើស្លាកលេខសម្គាល់រថយន្តដូចជា រាជការ, ខម, នប ដើម្បីបង្ហាញអំណាចរបស់គេដែរ។ ក្រោយមក ការសំញែងអំណាចលេចចេញក្រោមរូបភាព​ព្យួរអាវដែលមានបណ្ដាស័ក្តនៅផ្នែកខាងក្រោយនៃរថយន្ត ឬក៏ការដាក់តាំងពង្រាយប័ណ្ណចេញចូល​តាមក្រសួងមន្ទីរនានា​នៅលើតាប្លូជាដើម។

ឥឡូវនេះ ការដាក់តាំង​មួក​ដែលមានសញ្ញា​គណបក្សជាការវិវត្តថ្មីមួយ ប៉ុន្តែខ្លឹមសាររបស់វានៅតែដដែល គឺបង្ហាញអំណាចដូចតែគ្នា។

អត្ថបទសាកល្បងដោយ៖ ណុល ដារ៉ា

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង អត្ថបទសាកល្បង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s