គេមិនស្ដាប់ការអំពាវនាវទេ

នាងខ្ញុំឈ្មោះស្រីមុំ ជាកម្មកររោងចក្រមួយនៅរាជធានីភ្នំពេញ។ ជាកូន​កសិករ​នៅ​ជនបទ ខ្ញុំរៀន​បាន​​​តិចតួច​ប៉ុណ្ណោះ។ ដូច្នេះ សូម​លោក​នាយក​រដ្ឋមន្ត្រី​មេត្តា​អធ្យាស្រ័យ​ចំពោះ​ពាក្យពេចន៍របស់​ខ្ញុំ។

ប៉ុន្មានថ្ងៃមុនខ្ញុំបានស្ដាប់វិទ្យុVOD ឮថាលោកនាយករដ្ឋមន្ត្រី​អំពាវនាវ​ឲ្យរថយន្ត​ឈ្នួល កុំដំឡើង​ថ្លៃ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ។ នាងខ្ញុំពិតជារីករាយណាស់ពេលបានឮការអំពាវនាវនោះ។ ជម្រាប​លោក​នាយក​រដ្ឋមន្ត្រីតាមត្រង់ចុះ រដូវភ្ជុំនេះនាងខ្ញុំមានលុយក្នុងហោប៉ៅត្រឹមតែ៥០ដុល្លារប៉ុណ្ណោះ។ ម្យ៉ាងវាជាលុយដែលខ្ញុំថៅ​ផង។

ម្សិលមិញ ខ្ញុំបានទិញសំបុត្រឡានក្រុងធ្វើដំណើរមកលេងភ្ជុំ​ឯស្រុក។

លោកនាយករដ្ឋមន្ត្រីដឹងទេថា នៅថ្ងៃធម្មតាខ្ញុំជិះឡានក្រុងពីភ្នំពេញ​មក​បាត់ដំបង​ត្រឹមតែ​២ម៉ឺន​រៀល​​ប៉ុណ្ណោះ ប៉ុន្តែនៅថ្ងៃ​បិណ្ឌទី១៣នោះ ខ្ញុំត្រូវ​ចំណាយលុយ​ដល់ទៅ​៥ម៉ឺនរៀល មិនតែ​ប៉ុណ្ណោះ​ខ្ញុំត្រូវ​ចំណាយ​ពេល​រង់ចាំឡានក្រុង​ជាច្រើនម៉ោង​ទៀតផង។

ជាបឋមសូមអរគុណលោកនាយករដ្ឋមន្ត្រី ដែលបានអំពាវនាវ​កុំឲ្យរថយន្ត​ឈ្នួល​ឡើង​ថ្លៃ កុំអី​ប្រហែល​​រថយន្តឈ្នួលឡើងថ្លៃដល់១០ ឬ២០ម៉ឺនរៀលផងក៏មិនដឹង។

ប៉ុន្តែខ្ញុំក៏មានពាក្យខ្លះដែរ។ ក្នុងឋានៈជានាយករដ្ឋមន្ត្រី បើសូម្បីតែក្រុមហ៊ុនរថយន្តឈ្នួល ក៏​មិន​ស្ដាប់​​​ការ​អំពាវនាវរបស់លោក​ទៅ​ហើយ តើលោកធ្វើម្ដេចនឹងអាចដឹកនាំប្រទេសជាតិ​មានសេចក្ដី​សុខ សន្តិភាព និងប្រកប​ដោយឥស្សរភាព​ទៅកើត។

ដូចខ្ញុំបានរំឭកហើយថា ខ្ញុំរៀនបានតិចតួច តែនៅភ្នំពេញ ខ្ញុំមានត្រចៀកស្ដាប់​​ព័ត៌មាន​ដែរ។ ខ្ញុំ​ធ្លាប់​​ឮថា ពេលលោកសម រង្ស៊ីធ្វើជារដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ពេលតម្លៃសាំងលើ​ទីផ្សារ​ឡើង​ថ្លៃ គាត់​បញ្ចេញសាំងមកទប់ ពេលប្រាក់ដុល្លារឡើងថ្លៃ គាត់បញ្ចេញប្រាក់ដុល្លារ​មកលក់ឲ្យ​ពួក​ឈ្មួញ ដើម្បី​រក្សា​​លំនឹង​ទីផ្សារ។

ខ្ញុំគ្មានបំណងបង្រៀនក្រពើឲ្យចេះហែលទឹកនោះទេ ហើយក៏មិនមានបំណង​រំឭកពីរបៀប​ដឹកនាំ​ប្រទេស​ ដល់អ្នកធ្វើជានាយករដ្ឋមន្ត្រីច្រើនជាង​ពាក់កណ្ដាល​នៃអាយុ​របស់ខ្លួននោះដែរ។ ខ្ញុំគ្រាន់​តែ​​រំឭក​ថា បើលោកគ្មានចំណេះវិជ្ជា គ្មាន​សមត្ថភាពក្នុង​ការដឹកនាំប្រទេស​ទេ លោកគួររៀន​តាម​របៀប​​ដោះស្រាយ​ ដែលលោកក៏ធ្លាប់ដឹងនោះដែរហើយ។

ការអំពាវនាវគ្មាននរណាស្ដាប់ទេ ប៉ុន្តែចំណាត់ការ​និងដំណោះស្រាយទើបជាការប្រសើរ។

សង្ឃឹមថា ក្រោយពីបានអានលិខិតនេះហើយ លោកនាយករដ្ឋមន្ត្រីនឹងឈឺក្បាល ហើយខំរក​ដំណោះ​ស្រាយឲ្យ​មានប្រសិទ្ធភាព ហើយខ្ញុំ​ក៏សង្ឃឹមថាដែរថា ពេលខ្ញុំត្រឡប់ទៅភ្នំពេញ​វិញ ក្រោយ​រដូវភ្ជុំ​បិណ្ឌ​នេះ តម្លៃឈ្នួលឡានក្រុងនឹងនៅត្រឹម២ម៉ឺនរៀល ដូចថ្ងៃធម្មតា៕

កម្មករចំណាកស្រុកមកពីបាត់ដំបង

ស្រីមុំ

អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategorized។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s