ដោយសារខ្យល់ព្យុះ ភ្លៀងធ្លាក់ជាប់ជាច្រើនថ្ងៃ អាកាសធាតុធ្លាក់ត្រជាក់ បណ្ដាលឲ្យកូនមាន់ប្រាំក្បាលដែលទើបតែមានអាយុបានពីរសប្ដាហ៍រងារងាប់នៅលើដីក្នុងទ្រុង ព្រោះមីត្រសក់ដែលជាមេរបស់ពួកវាឡើងដេកលើបង្គង មិននៅក្រុងរក្សាកូន។
ឆ្នាំទៅ មីខ្មៅមានកូនប្រាំបួនក្បាល វាមិនដែលឡើងដេកលើបង្គងចោលកូនម្ដងណាទេ លុះត្រាកូនធំអាចឡើងបង្គងបាន ទើបវាឡើងបង្គង។ ពេលវាបណ្ដើរកូនរកស៊ី បើមេឃភ្លៀង ហើយគ្មានកន្លែងជ្រក វាសុខចិត្តសំកាងស្លាបរងារហាលភ្លៀងម្នាក់ឯង ដើម្បីឲ្យកូនវាចូលជ្រកក្រោមខ្លួនវា។ ឥឡូវនេះកូនរបស់វាធំៗពេញជំទង់អស់ហើយ ក្នុងចំណោមកូនទាំងប្រាំបួន នៅរស់បានប្រាំពីរក្បាលដែរ ក្នុងនោះមួយងាប់ដោយលង់ទឹក ឯមួយទៀតងាប់ដោយស្កាពាំយកទៅស៊ី។
មីត្រសក់ និងខ្មៅសុទ្ធតែជាមេមាន់ដូចគ្នា ប៉ុន្តែសភាវគតិរបស់ពួកវាមិនដូចគ្នាទេ។ យើងមិនអាចវិនិច្ឆ័យពីការទទួលខុសត្រូវរបស់វា ដោយផ្អែកលើពណ៌សម្បុររបស់វាឡើយ។
នៅក្នុងសង្គមមនុស្ស ក្រៅពីការទទួលខុសត្រូវក្នុងកាតព្វកិច្ចជាឪពុកម្ដាយ អ្នកខ្លះអាចមានតួនាទីជាអ្នកដឹកនាំប្រទេសជាតិ ដែលត្រូវរកសុខសន្តិភាព និងភាពសម្បូរសប្បាយចម្រុងចម្រើនជូនជាតិ ប៉ុន្តែក្នុងនោះអ្នកខ្លះក៏ដូចមីត្រសក់ ឯអ្នកខ្លះក៏ដូចមីខ្មៅ។ នៅប្រទេសខ្លះ បើមេដឹកនាំដូចមីត្រសក់ នោះពលរដ្ឋគេនឹងតវ៉ាទាមទារឲ្យមានការផ្លាស់ប្ដូរ រកមេដែលល្អដូចមីខ្មៅ។ ឯនៅប្រទេសខ្លះទៀតការផ្លាស់ប្ដូរពិតជាមិនងាយស្រួលទេ បើទោះបីជាការដឹកនាំរបស់ខ្លួននោះធ្វើឲ្យរាស្ត្រវេទនា លំបាកយ៉ាងណាក៏ដោយ ដូចករណីនៅវេណេហ្ស៊ូអេឡា, ហ្ស៊ីមបាវេ និងនៅស្រីលង្ការជាដើម។ ទោះយ៉ាងណា អ្វីៗមានទីបំផុតរបស់វា៕
អត្ថបទសាកល្បងដោយ ណុល ដារ៉ា